(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហាញអំពីគោលបំណង ចង់ឱ្យមានការរៀបចំកញ្ចប់ទេសចរណ៍ ផ្សារភ្ជាប់ជាមួយផលិតផលសហគមន៍ ដោយសម្តេចលើកជាឧទាហរណ៍ថា បើភ្ញៀវទេសចរមួយរូប ជូនក្រមាមួយ ១លាននាក់ គឺបានគាំទ្រក្រមា១លាន។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ពេលដែលយើងរៀបចំ ជាកញ្ចប់ទេសចរណ៍ ខ្ញុំគិតថា ភ្ញៀវមកមួយ ទន្ទឹមនឹងការស្វាគមន៍ ឲ្យក្រមាគាត់មួយ ក្នុងមួយ១ឆ្នាំ មួយលាននាក់ នៃភ្ញៀវទេសចរ ឬ៦០ម៉ឺននាក់ យើងប្រាកដជាលក់ក្រមា បាន៦០ម៉ឺនក្រមា»

សម្តេចបវរធិបតី ក៏បានណែនាំឱ្យរៀបចំ ឱ្យមានយន្តការស្ថាប័នអន្តរការី ដើម្បីជំរុញការផលិតផលិតផលអនុស្សាវរីយ៍ខ្មែរ និងការតភ្ជាប់ខ្សែច្រវាក់នៃការផលិត​នោះ ជាមួយទីផ្សារ និងភ្ញៀវទេសចរ ដើម្បីធ្វើឱ្យនៅលើទីផ្សារ, ជាពិសេសនៅតាមបណ្តាហាងលក់វត្ថុអនុស្សាវរីយ៍ និងផ្សាររាត្រី មានផលិតផលខ្មែរ សម្បូរបែបគុណភាព​ទទួលយកបាន និងតម្លៃសមរម្យ។

ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់យុវជន អ្នកផលិតមាតិកាលើ បណ្តាញសង្គម (Content Creators) បណ្តាញសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋ​ទូទៅ ដែលបានខិតខំ ក្នុងការជួយផ្សព្វផ្សាយ ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល និង​គោល​ដៅទេសចរណ៍។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រាង្គប្រាសាទរបស់ខ្មែរ ជាសម្បត្តិវប្បធម៌មនុស្សជាតិលើពិភពលោក ត្រូវបើកចិត្តឱ្យគេស្រឡាញ់ឱ្យបានច្រើន ដើម្បីគេមកលេងកម្សាន្ត បានកាន់តែច្រើន។ ជាមួយគ្នានេះ សម្តេចបានណែនាំដល់មគ្គទេសក៍ទេសចរណ៍ ត្រូវច្បាស់លាស់ពីប្រវត្តិសាស្ត្រ កុំបកស្រាយខុសទៅកាន់ភ្ញៀវទេសចរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំទៅក្រសួងស្ថាប័នពាក់ព័ន្ធ តាមដានរាល់ការបកស្រាយអត្ថាធិប្បាយនានា តាមបណ្តាញសង្គមពាក់ព័ន្ធប្រវត្តិកសាង និងរឿងរ៉ាវនានា នៅតាមប្រាង្គប្រាសាទ ចៀសវាងការបកស្រាយខុសបង្កើតការភ័ន្តច្រឡំ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងគាំទ្រ និងលើកទឹកចិត្តក្រសួងទេសចរណ៍ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ វិស័យទេសចរណ៍២០២៦-២០៣៥ ផងដែរ៕