(សៀមរាប)៖ លោក ស៊ុន គង់ ប្រធានមន្ទីរមន្ទីរបរិស្ថានខេត្តសៀមរាប បានថ្លែងថា គិតមកពេលនេះ មន្ត្រីនៃមន្ទីរបរិស្ថានខេត្ត បានបណ្តុះកូនឈើចម្រុះបាន ១៧០,០០០ដើម សម្រាប់ចែកជូនប្រជាពលរដ្ឋ និងវិស័យឯកជន យកទៅដាំដោយគិតថ្លៃ។ ជាមួយគ្នានេះដែរ ដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ មន្ត្រីឧទ្យានុរក្សបានខិតខំដើរល្បាតមិនថាយប់ ឬថ្ងៃឡើយ និងគ្មានថ្ងៃសៅរ៍ អាទិត្យនោះទេ។

ក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន នៅទីតាំងការិយាល័យឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែនថ្មីៗនេះ លោក ស៊ុន គង់ បានរៀបរាប់ថា ដើម្បីអនុវត្តតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣ - ២០២៨ និងដើម្បីឆ្លើយតបយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមានមុំ៥ គឺ មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា។ ដោយឡែកសម្រាប់យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន បានដាក់ចេញមុំ៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមជានសេនាធិការរបស់រដ្ឋបាលខេត្តសៀមរាប ក្រសួងបរិស្ថាន នៅតែបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទីភារកិច្ច ទោះបីជាមានគម្រោង ឬមិនមានគម្រោងយើងនៅតែអនុវត្តជានិច្ច ជារួមមន្ត្រីឧទ្យានុរក្សនៅទីនេះមិនមានថ្ងៃសៅរ៍ អាទិត្យនោះទេ ធ្វើការល្បាត២៤ម៉ោង លើ២៤ម៉ោង»

ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបរូបនេះ បានបញ្ជាក់ថា នៅឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានយកមូលដ្ឋានក្នុងការដាំស្តារ ក្នុងនោះការបណ្តុះកូនឈើយ៉ាងតិច១លានដើម។ ដោយឡែកនៅខេត្តសៀមរាប យើងបានខិតខំបណ្តុះកូនឈើចម្រុះបានចំនួន ១៧០,០០០ដើម សម្រាប់ចែកជូនដល់ងប្អូនប្រជាពលរដ្ឋ វិស័យឯកជន ចែកជូនដោយមិនគិតថ្លៃសម្រាប់យកទៅដាំនៅក្នុងមូលដ្ឋានរៀងៗខ្លួន។

សម្រាប់កិច្ចការងារអភិរក្សធនធានធម្មជាតិវិញ, ត្រូវបានប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប បញ្ជាក់យ៉ាងច្បាស់ថាមន្ត្រីទាំងអស់នឹងអនុវត្តតាមក្រមបរិស្ថាន ធនធានធម្មជាតិ។ បើទោះបីជាជួបនឹងការលំបាកមួយចំនួនក្តី ក្នុងការបំពេញភារកិច្ច ប៉ុន្តែអនុវត្តច្បាប់ទាំងអស់បានខិតខំប្រឹប្រែងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីការពារព្រៃឈើ និងសត្វព្រៃឱ្យនៅគង់វង្ស បើទោះបីជាមានបុគ្គលមួយចំនួនតូចនៅតែបន្តលួចប្រព្រឹត្តក៏ដោយ៕

សូមស្តាប់ការលើកឡើងរបស់ប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាបដូចខាងក្រោម៖