(ភ្នំពេញ)៖ រដ្ឋាភិបាលអ៉ីរ៉ាក់ បានដាក់ប្រទេសកម្ពុជា ក្នុងបញ្ជី ដែលអនុញ្ញាតឲ្យ ដាក់ថ្លៃផ្គត់ផ្គង់អង្ករទៅ ប្រទេសរបស់ខ្លួនបាន ដែលនេះជាមោទនភាពថ្មីមួយទៀត របស់អង្ករកម្ពុជាដោយ ទទួលបានការទទួលស្គាល់ ពីគុណភាពអង្ករ នៅលើទីផ្សារអន្តរជាតិ នេះបើយោងតាមគេហទំព័រ Oryza ដែលទើបចុះផ្សាយថ្មីៗនេះ។ ការដាក់ដេញថ្លៃ នឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៥ខាងមុខនេះ ចំនួនអង្ករ ៣ម៉ឺនតោន ហើយប្រទេសដែលអាច ចូលរួមដាក់ចេញថ្លៃផ្គត់ផ្គង់អង្ករនេះបាន រួមមាន៖ កម្ពុជា អ៊ុយរូហ្គាយ អាហ្សង់ទីន ប្រេស៊ីល វៀតណាម ប៉ាគីស្ថាន ឥណ្ឌា ថៃ និងអាម៉េរិក។
អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia លោក សុង សារ៉ន បានថ្លែងប្រាប់ FRESH NEWS តាមទូរស័ព្ទនៅព្រឹកនេះថា នេះជាដំណឹងល្អ សម្រាប់វិស័យស្រូវអង្ករកម្ពុជា។ លោកថា នៅក្នុងទីផ្សារប្រទេសអ៉ីរ៉ាក់ នៅក្នុងឆ្នាំ២០១៥នេះ ក្រុមហ៊ុនរបស់លោក បានសហការជាមួយក្រុមហ៊ុន Hanwha របស់កូរ៉េ បានធ្វើការនាំចេញ ទៅបានអង្ករមួយចំនួនហើយ ដោយជំហានដំបូងកំណត់ នាំចេញឲ្យបានត្រឹមតែ ១០០០តោនទេ ក្នុង១ឆ្នាំ ហើយនៅអ៉ីរ៉ាក់ ការដាក់ចេញថ្លៃផ្គត់ផ្គង់ អង្ករនេះស្ថិតនៅក្នុង ការគ្រប់គ្រងរបស់រដ្ឋាភិបាល។
យ៉ាងណាក៏ដោយ បើតាមអ្នកជំនាញខាងរកស៊ីអង្កររូបនេះ ប្រសិនបើកម្ពុជាដាក់ដេញថ្លៃ ជោគជ័យហាក់មានតិចតួចក៏ពិតមែន ប៉ុន្តែយ៉ាងក៏កេរ្តិ៍ឈ្មោះអង្កររបស់កម្ពុជា កាន់តែល្បីរន្ធឺខ្លាំងឡើង ដោយមានការទទួលស្គាល់នូវគុណភាព។ រដ្ឋាភិបាលអ៉ីរ៉ាក់ ត្រូវការការផ្គត់ផ្គង់អង្ករយ៉ាងតិច កន្លះលានតោនក្នុង១ឆ្នាំៗ។ អង្កររបស់កម្ពុជា ជាប់ឈ្មោះជាអង្ករ ដែលមានរសជាតិឆ្ងាញ់ជាងគេ របស់ពិភពលោក៣ឆ្នាំជាប់គ្នា៕