(បរទេស)៖ លោក Arne Slot គ្រូបង្វឹកហង្សក្រហមបានក្រើនរំលឹកកូនក្រុមរបស់ខ្លួនថា Liverpool ត្រូវតែបង្ហាញទម្រង់លេងល្អបំផុត បើសិនចង់ទម្លាក់ Paris Saint Germain ចេញពី UEFA Champions League 2024-25។

ក្រុមកំពូលតារាង Premier League ដាច់ ១៥ពិន្ទុពី Arsenal មួយនេះ ត្រូវបើកទ្វារកីឡដ្ឋាន Anfield របស់ខ្លួន ដើម្បីលេងបញ្ចប់ជើងទី២ វគ្គ ១៦ក្រុមរាត្រីនេះ ដែលពួកគេមាន ១គ្រាប់ក្នុងដៃកាលពីការលេងជើងទី១ នៅរដ្ឋធានីបារាំង។

បុរសសញ្ជាតិហូឡង់រូបនេះបានចាត់ទុក PSG ថាជា «ក្រុមដ៏គ្រោះថ្នាក់មួយ ដែលសំបូរធនធានកីឡាករល្អ និងមានលុយច្រើន។ យើងបានជួប Arsenal និង Man City មិនជាលំបាកខ្លាំងដូចជួប PSG។ តែយ៉ាងណា ពួកយើងនឹងព្យាយាមធ្វើឲ្យបានល្អគ្រប់ការប្រកួត»

ជាការកត់សម្គាល់ Liverpool អតីតជើងឯក UCL កាលឆ្នាំ២០១៩ ហង្សក្រហមទើបតែចាញ់ ១ប្រកួតប៉ុណ្ណោះនៅទឹកដី Anfield នារដូវកាលនេះ ក្រោមថ្វីជើង Nottingham Forest ១-០ ក្នុងលីគនាអំឡុងខែកញ្ញា ឆ្នាំ២០២៤៕