(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP) បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការត្រៀមខ្លួនរបស់កម្ពុជា សម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត» ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ន សាកលវិទ្យាល័យ និងវិស័យឯកជន ប្រមាណ២០០នាក់។

សិក្ខាសាលានេះបានរៀបចំឡើងនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រីកសក្តានុពលនៃបញ្ញាសិប្បនិម្មិត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងដោះស្រាយបញ្ហាសង្គម។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើភាពចាំបាច់នៃកិច្ចសហការរវាងវិស័យឯកជន វិស័យសាធារណៈ និងតួអង្គពាក់ព័ន្ធទាំងអស់ ក្នុងការជំរុញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅកម្ពុជា ឱ្យមានលក្ខណៈបរិយាបន្ន ទំនួលខុសត្រូវ និងឆ្ពោះទៅមុខរួមគ្នា ក្នុងទិសដៅតែមួយ។

លោកបានលើកឡើងថា «សិក្ខាសាលាថ្នាក់ជាតិនេះមានគោលដៅតម្រង់ទិស និងលើកកម្ពស់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជំរុញកម្ពុជាឱ្យមានផលិតភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រសិទ្ធផល នៅគ្រប់ដំណើរអភិវឌ្ឍន៍ និងវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច»។

ដោយសហការជាមួយអង្គការ UN-ESCAP ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងរៀបចំយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត ក្រោម «គំនិតផ្តួចផ្តើមសហគមន៍អ្នកអនុវត្ត សម្រាប់បញ្ញាសិប្បនិម្មិត» ដោយប្រមូលផ្តុំធាតុចូលសំខាន់ៗពីក្រុមអ្នកបច្ចេកទេស មន្ត្រីរដ្ឋាភិបាល និងតំណាងវិស័យឯកជន។

លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា បានលើកឡើងពីតួនាទីសំខាន់របស់ AI ក្នុងការអភិវឌ្ឍ ដោយសង្កត់ធ្ងន់លើភាពចាំបាច់នៃបរិយាបន្ន។

លោក Joseph Scheuer បានលើកឡើងថា «AI ត្រូវតែអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា ដោយធានាថាគ្មានពលរដ្ឋណាត្រូវបានផាត់ចោលទេ។ ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរដ្ឋាភិបាល វិស័យធុរកិច្ច អ្នកស្រាវជ្រាវ និងជាពិសេសយុវជន ត្រូវចូលរួមឱ្យបានសកម្មក្នុងការរៀបចំយុទ្ធសាស្ត្រជាតិស្តីពី AI ដើម្បីធ្វើយ៉ាងណាឱ្យយុទ្ធសាស្ត្រនេះមានលក្ខណៈអនុវត្តជាក់ស្តែង មានបរិយាបន្ន និងស្របតាមគោលដៅអភិវឌ្ឍន៍របស់កម្ពុជា»

លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិក្នុងការគាំទ្រកម្ពុជា ដោយបន្ថែមថា «ការសម្របសម្រួល និងកិច្ចសហការគឺជាគន្លឹះ ហើយគ្មានអង្គភាព ឬស្ថាប័នណាអាចអភិវឌ្ឍ AI ផ្តាច់មុខតែម្នាក់ឯងបានឡើយ»

ដំណាក់កាលដំបូងនៃយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត ផ្តោតលើវិស័យសំខាន់ៗចំនួន ៨ គឺ៖ ការលើកកម្ពស់ផលិតភាពជាតិ ការបង្កើនសមត្ថភាពស្រាវជ្រាវ ការកសាងធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ការជំរុញបញ្ញាសិប្បនិម្មិតក្នុងវិស័យសាធារណៈ ការលើកកម្ពស់ចំណេះដឹងស្តីពីបញ្ញាសិប្បនិម្មិត និងការលើកកម្ពស់នវានុវត្តន៍ប្រកបដោយបរិយាបន្ន។

សិក្ខាសាលានេះក៏មានកិច្ចពិភាក្សា សម្របសម្រួលដោយ លោកទេសរដ្ឋមន្ត្រី ឆែម គាតរិទ្ធី ដែលផ្តោតលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជំរុញពិពិធកម្មសេដ្ឋកិច្ច។ វាគ្មិនពីវិស័យសាធារណៈ ឯកជន និងវិស័យអប់រំ បានពិភាក្សាអំពីឱកាសដែលនាំមកដោយបញ្ញាសិប្បនិម្មិត សមត្ថភាពវិភាគទិន្នន័យកាន់តែល្អប្រសើរ បរិវត្តកម្មវិស័យអប់រំ ទំនើបកម្មអាជីវកម្ម និងការអភិវឌ្ឍឧស្សាហកម្មជាដើម។ ប៉ុន្តែការសម្រេចបាននូវសក្តានុពលទាំងនេះតម្រូវឱ្យមានការដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងក្រមសីលធម៌ ការបាត់បង់ការងារ និងក្របខ័ណ្ឌបទប្បញ្ញត្តិ ដើម្បីធានាបាននូវការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយសុវត្ថិភាព និងសមធម៌។

បញ្ញាសិប្បនិម្មិតត្រូវបានព្យាករថានឹងជំរុញផលិតផលក្នុងស្រុករបស់អាស៊ានពី ១០% ទៅ ១៨% ឬប្រមាណ ១ ទ្រីលានដុល្លារ ត្រឹមឆ្នាំ២០៣០។ ដោយទទួលស្គាល់សក្តានុពលនេះ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តួចផ្តើមការសិក្សាលើអត្ថប្រយោជន៍ ផលប៉ះពាល់ និងនិន្នាការសកលនៃបញ្ញាសិប្បនិម្មិត ដើម្បីបង្កើតយុទ្ធសាស្ត្រជាតិមួយ ដែលឆ្លើយតបតាមតម្រូវការរបស់ប្រទេសកម្ពុជា ទន្ទឹមនឹងនោះកាត់បន្ថយហានិភ័យដែលអាចកើតមាននៃបញ្ញាសិប្បនិម្មិត៕