(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានថ្លែងថា បណ្ណបេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) មានអត្ថប្រយោជន៍ច្រើនដល់កម្មករ។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយក្រោមចំណងជើងថា ការលើកស្ទួយសុខុមាលភាពកម្មករ គឺជានយោបាយគាំទ្រប្តូរផ្តាច់របស់រាជរដ្ឋាភិបាលបច្ចុប្បន្ន!

រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តបង្ហាញភាពប្តេជ្ញាចិត្តមិនងាករេចំពោះសុខុមាលភាពរបស់កម្មករ បើទោះបីជាក្រុមប្រឆាំងបង្កើនព័ត៌មានមិនពិតជុំវិញនយោបាយគាំពារសង្គមយ៉ាងណាក៏ដោយ។ តាមរយៈគោលនយោបាយគាំពារសង្គមដ៏ទូលំទូលាយ និងភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនឯកជន, រាជរដ្ឋាភិបាល បានកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់កម្មករយ៉ាងសកម្ម និងបានជួយលើកកម្ពស់សុខុមាលភាពទូទៅរបស់កម្មករ និងក្រុមគ្រួសាររបស់ពួកគេថែមទៀត ដែលមិនមែនជារឿងអាថ៌កំបាំងអ្វីណាមួយទាល់តែសោះ។ ការពង្រីកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងការបង្កើតមណ្ឌលថែទាំកុមារតាមរោងចក្រ គឺជាឧទាហរណ៍ជាក់ស្តែង ដែលរដ្ឋាភិបាលបានកំណត់អាទិភាពលើតម្រូវការរបស់កម្មករ ជាពិសេសកម្មការិនី។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរ ម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ បានធ្វើកិច្ចសំណេះសំណាលដោយផ្ទាល់ជាមួយនឹងកម្មការិនីក្នុងការចង់ដឹងថា តើនយោបាយនៃប្រព័ន្ធគាំពារសង្គមដាក់ចេញដោយរាជរដ្ឋាភិបាល កាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា បានផ្តល់ប្រយោជន៍ដូចអ្វីដែលពលរដ្ឋខ្មែរត្រូវការដែរឬទេ?

«សម្តេច៖ ក្នុងពេលយើងទម្ងន់ តើយើងបានអត្ថប្រយោជន៍ដូចប្អូនស្រីអញ្ចឹង?
កម្មការីនី៖ ចា (បានទទួល)។
សម្តេច៖ យើងបានទទួល។ ហើយយ៉ាងម៉េចទៅអត្ថប្រយោជន៍ដែលយើងទើបតែបើកហ្នឹង តើបើកបានទាន់ពេលទេ?
កម្មការីនី៖ ទាន់ពេលសម្តេច។
សម្តេច៖ ចុះឧបត្ថម្ភ៤ដង ក្នុង១ខែ៨ម៉ឺននោះទេ តើគេបង់យ៉ាងម៉េច? គេបញ្ចូលទៅក្នុងកុងរបស់យើង ឬយើងត្រូវទៅបើក?
កម្មការីនី៖ គេវេរចូលក្នុងកុង, សម្តេច។
សម្តេច៖ ដឹងទេថា តើថវិកានោះ មកពីណាអត់?
កម្មការីនី៖ ដឹងថា បានមកពីសម្តេច…បានមកពីក្រសួង។
សម្តេច៖ មកពីក្រសួង។ ថវិកា គឺជាគោលនយោបាយរបស់សម្តេចតេជោ…មកឥឡូវយើងបន្តទៅទៀត…រដ្ឋាភិបាលជួយផ្តល់ឲ្យសម្រាប់ពួកយើង, អញ្ចឹងក៏បានជួយខ្លះ ដែលអត់មានបញ្ហាចុះពេលមានយើងមានទម្ងន់ពេលទៅពិនិត្យសុខភាព យើងប្រើ ប.ស.ស. ដែរឬទេ?
កម្មការីនី៖ ចា៎ ប្រើ ប.ស.ស.។
សម្តេច៖ អញ្ចឹងត្រូវចំណាយអីអត់?
កម្មការីនី៖ អត់មានចំណាយអីផងសម្តេច ដោយនៅតាមមណ្ឌលតាមពេទ្យធំៗ គឺអត់មានបញ្ហាអីទេ និងអត់មានអី ត្រូវចំណាយទេ, ចំណាយតែពេលវេលាដែលយើងទៅ។
សម្តេច៖ ហើយសេវាយើងទទួលនៅណា?
កម្មការីនី៖ អាអូនខ្ញុំនេះ ពិនិត្យនៅមណ្ឌលសុខភាពនៅជិតផ្ទះខ្ញុំជួលនៅ។
សម្តេច៖ ជាកន្លែងរដ្ឋ ឬឯកជន?
កម្មការីនី៖ មណ្ឌលសុខភាពរបស់រដ្ឋ។
សម្តេច៖ យ៉ាងម៉េចដែរ សេវាល្អដែរឬទេ នៅទីនោះ ?
កម្មការីនី៖ អត់អីផងសម្តេច។ សេវាគាត់ល្អ ហើយខ្ញុំទៅពិនិត្យនៅមណ្ឌលហ្នឹង ជាធម្មតាអត់ដែលបានដប់ថ្ងៃទេ…សេវាដែលទៅពិនិត្យក្នុងតម្លៃ៨ម៉ឺននោះ អត់បាន១០ថ្ងៃទេ ត្រឹមតែ៥ថ្ងៃ ទៅមួយអាទិត្យអី គឺបានលុយហ្នឹងចូលមកក្នុងកុងហើយ ។
សម្តេច៖ អញ្ចឹងយើង (ចំណាយ) ទៅមុន…ចំណាយមុនបានគេទូទាត់ឱ្យ, ហ្នឹងហើយបើយើងប្រើប័ណ្ណ គេបង្វិលទូរទាត់ឱ្យ។ អញ្ចឹងនៅនេះ (ខ្ញុំ) សួរដោយសារមានរដ្ឋមន្ត្រីសុខាភិបាលមកដែរ អញ្ចឹងឆែកទៅមណ្ឌលសុខភាព ធ្វើការល្អ…មានរង្វាន់លើកទឹកចិត្ត។

*អ្វីជា ប.ស.ស.?

បេឡាជាតិសន្តិសុខសង្គម ប.ស.ស. គឺជាស្ថាប័នប្រតិបត្តិករតែមួយគត់ដែលធ្វើប្រតិបត្តិការរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ និងជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ព្រមទាំងជានីតិបុគ្គលនៃនីតិសាធារណៈ និងមានថវិកាស្វយ័តស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ប្រវត្តិនៃរបបសន្តិសុខសង្គមនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៥។ ចាប់ពីឆ្នាំ១៩៩៣ អង្គភាពដែលមានភារកិច្ចទទួលខុសត្រូវគ្រប់គ្រង និងចាត់ចែងបានដាក់ឲ្យអនុវត្តនូវរបបសន្តិសុខសង្គម គឺជាបេឡាជាតិសន្តិសុខសង្គម។ ចាប់ពីឆ្នាំ១៩៩៣ ប.ស.ស. គឺជានាយកដ្ឋានសន្តិសុខសង្គម និងរហូតដល់ឆ្នាំ២០០៧ ត្រូវបានកែសម្រួលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ឈ្មោះថា បេឡាជាតិរបបសន្តិសុខសង្គម សរសេរអក្សរកាត់ថា ប.ស.ស និងត្រូវបានកែសម្រួលលើកចុងក្រោយនៅឆ្នាំ២០២០ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល មានឈ្មោះថា បេឡាជាតិសន្តិសុខសង្គម សរសេរអក្សរកាត់ ប.ស.ស.។

នៅក្រោម ប.ស.ស.កម្មករអាចទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃ រួមទាំងការពិគ្រោះជំងឺ ការពិនិត្យ និងថ្នាំសំខាន់ៗ។ គំនិតផ្តួចផ្តើមនេះកាត់បន្ថយការចំណាយរបស់កម្មករយ៉ាងច្រើន ដោយអនុញ្ញាតឱ្យពួកគេបែងចែកប្រាក់ចំណូលរបស់ពួកគេទៅកាន់តម្រូវការចាំបាច់ផ្សេងទៀត។ លើសពីនេះ ក្នុងករណីគ្រោះថ្នាក់នៅកន្លែងធ្វើការ ឬជំងឺកម្មករនិយោជិតទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ចបន្ថែមទៀត។

ប៉ុន្តែក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅប្រទេស ដើម្បីតែមហិច្ឆតាចង់នាំប្រទេសកម្ពុជាដែល មានសន្តិភាព ឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មីវិញ ពួកគេបានឃោសនាបំប៉ោង ព័ត៌មានមិនពិតជាច្រើន ដោយចោទថាប្រព័ន្ធគាំពារសង្គមរបស់រាជរដ្ឋាភិបាល មានភាពរើសអើង និងថែមទាំងចោទទៀតថា មិនបានជួយដល់ពលរដ្ឋលើសេវាឆែកសុខភាព និងព្យាបាលឡើយ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងប្រសាសន៍សំណេះសំណាលជាមួយកម្មការីនី បានសាកសួរចង់ដឹងថា នៅពេលដែលសាមីខ្លួនប្រើប្រាស់បណ្ណ ប.ស.ស. តើមានអំពើរើងអើងដែរឬទេ?

សម្តេច៖ ហើយពេលទៅប្រើប.ស.ស. ហ្នឹងមានការរើសអើងអ្វីទេ ពេលទទួលបានសេវា?
កម្មការីនី៖ អត់ផងសម្តេច គាត់រួសរាយរាក់ទាក់និងទទួលបានល្អ។ សម្តីសម្តៅក៏និយាយល្អជាមួយដែរ។
សម្តេច៖ ព្រោះថ្ងៃមុនបងឃើញគេបង្ហោះតាមហ្វេសបុក មួយរឿងពីររឿងនោះគេថាអ្នកកាន់ ប.ស.ស. ទៅពេទ្យមិនសូវយកចិត្តទុកដាក់ តែពួកយើងទៅពេទ្យអត់អីសោះ ព្រោះការងារនេះតាមឱ្យជាប់ក្រសួងការងារ ក្រសួងសុខាភិបាល គឺតាម ដោយមិនឱ្យមានការរើសអើងទេ មណ្ឌលសុខភាពទាំងឯកជន ទាំងរដ្ឋ គឺត្រូវយកចិត្តទុកដាក់ដូចគ្នា។ អញ្ចឹងយើងតាំងពី មានទម្ងន់នោះមក អត់មានបញ្ហាអ្វីទេ? គេអត់គិតថា យើងកាន់ ប.ស.ស. ឬមិនកាន់ទេ?
អ្នកឆ្លើយ៖ អត់ទេ គឺទៅដល់គាត់យកកាតទៅធ្វើឯកសារឱ្យស្រួលបួល ញញឹមរាក់ទាក់ហើយណែនាំយើងបានល្អ ។
សម្តេច៖ អញ្ចឹងមានអ្នកណាមានបទពិសោធន៍មិនសូវល្អអ្វីទេ ពេលកាន់ប.ស.ស. ទៅគេមិនសូវរាប់រក? អត់មានទេ? ឬអត់ហ៊ាននិយាយដោយសារកាំមេរ៉ាច្រើនពេក? អត់ទេមើលទៅ។ បងឱ្យចុះតាមគោលដៅដើម្បីឃ្លាំមើលច្រើនដែរ…មានចន្លោះប្រហោងបន្តិចបន្តួច តែយើងកែសម្រួល…ព្រោះធ្វើយ៉ាងម៉េចកុំឱ្យមានការរើងអើងឱ្យសោះ។ ហើយ ប.ស.ស. ហ្នឹងមើលទៅមានផលប្រយោជន៍ច្រើនទេសម្រាប់ប្រជាពលរដ្ឋយើង?
កម្មការីនី៖ មានច្រើនសម្តេច។
សម្តេច៖ ហើយដឹងបសសហ្នឹងអ្នកណាអ្នកបង់លុយឬអត់ អញ្ចឹងយើងអត់អស់លុយទេ ?
កម្មការីនី៖ ចា!
សម្តេច៖ ប្រទេសច្រើននៅលើពិភពលោក គឺមួយភាគប្រាក់ខែរបស់កម្មករ បូកជាមួយនិយោជកចូល…យើងពីដើមដំបូងឡើយ គឺយើងបែបបនេះដែរ យើងកាលនោះមានត្រីភាគីមានថៅកែ ហើយនិយោជកទ្វេភាគី យើងយកដូចជាមួយភាគបី ពីកម្មករបង់ចូល ប៉ុន្តែក្រោយមកសម្តេចតេជាថា អត់ទេសុំឱ្យថៅកែក្រុមហ៊ុនគាត់ជួយ…អញ្ចឹងបានពួកយើងអត់ចាំបាច់បង់បានន័យថាសន្សំលុយថែមទៀត។ នេះគោលនយោបាយរបស់រដ្ឋាភិបាលសម្តេចតេជោដែលគិតគូរ ហើយខ្ញុំក៏បន្តអនុវត្តតាមការងានេះតទៅទៀត» ។
*តើតួនាទីនិងភារកិច្ចរបស់បសស មានអ្វីខ្លះ?

ប.ស.ស. ជាស្ថាប័នប្រតិបត្តិករតែមួយគត់ដែលធ្វើប្រតិបត្តិការរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ។ ប.ស.ស. ដែលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានភារកិច្ចជាច្រើន ប៉ុន្តែអ្វីដែលសំខាន់ដូចជា៖

១. គ្រប់គ្រងនិងចាត់ចែងផ្នែកទាំងអស់នៃរបបសន្តិសុខសង្គម ។
២. ធានាផ្តល់តាវកាលិកសន្តិសុខសង្គមសម្រាប់សមាជិក ប.ស.ស. ក្នុងគោលដៅជួយសម្រាលការលំបាកក្នុងជីវភាពនៅពេលជួបប្រទះហានិភ័យជាយថាហេតុនានាជាអាទិ៍ ជរាភាព ទុព្វលភាព មរណភាព ហានិភ័យការងារ និកម្មភាពការងារ មាតុភាព ជំងឺ ឬគ្រោះថ្នាក់ ព្រមទាំងយថាភាពដទៃផ្សេងៗទៀតជាដើម។

សម្តេចបវរធិបតី ក្នុងពិធីសំណេះសំណាល នៅបានសាកសួរជាមួយកម្មការីនី ខ្លះដើម្បីចង់ដឹងថាតើ គេបានដឹងអំពីអត្ថប្រយោជន៍ប.ស.ស. មានអ្វីខ្លះ?

សម្តេច៖ អញ្ចឹងកាលពីមុនសេវា ប.ស.ស. ដែលយើងដឹងថា ប.ស.ស. នេះជួយអីអត់ឈឺអីខ្លះ?
កម្មការីនី៖ ជួយ…ដឹងថាខ្លួនឯងទៅពេទ្យអញ្ចឹងទៅត់កាត់លុយ។
សម្តេច៖ ប័ណ្ណ ប.ស.ស. នេះមិនត្រឹមតែជួយតែសុខភាពព្យាបាលទេ, បើយើងគ្រោះថ្នាក់អំឡុងការងារក៏ជួយ , ហើយបើថា អ្នកគ្រោះថ្នាក់ធ្ងន់ក្រោយពីព្យាបាលហើយ គឺមានសេវាជួយបណ្តុះបណ្តាលភ្ជាប់ឡើងវិញទៀត នេះហើយជាអត្ថប្រយោជន៍ ប.ស.ស. ហើយយើងមានដឹងអត់? បែបដូចជាមិនដឹង(អស់)ទេ។ ក្នុងពេលមានគ្រោះថ្នាក់ក្នុងការងារនោះក៏ត្រូវបានជួយដែរ, (បែប) ដឹងតែទៅពេលឈឺ…។

នេះហើយ ប.ស.ស. ដែលជាអត្ថប្រយោជន៍ ហើយអត្ថប្រយោជន៍នេះហើយ ដែលរាជរដ្ឋាភិបាលតាំងពីជំនាន់សម្តេចតេជោ ហើយខ្ញុំបន្តកិច្ចការងារទៀត។ គណបក្សប្រជាជនដឹកនាំ គឺយើងរុញការងារនេះគឺបានផលដល់ប្រជាពលរដ្ឋ។ ហើយ ប.ស.ស. នេះគឺសម្រាប់ឲ្យប្រជាពលរដ្ឋយើង ក្នុងច្រើនវិស័យ ជាពិសេសខាងរោងចក្រវាយនភ័ណ្ឌកាត់ដេរនេះ…ហើយយើងកំពុងពង្រីកបន្ថែមទៀត, ឥឡូវ មន្រ្តីរាជការក៏មាន ចាប់ផ្តើមពីចូលនិវត្តន៍ថែមទៀត…ចូលនិត្តន៍មានដឹងអត់ ? ដែលពេលយើងរ៉ឺត្រែតទៅ…ឈប់ធ្វើការ ពេលដែលឈប់ធ្វើការមានប្រាក់ខែ ប្រាក់ខែនោះមួយផ្នែកចំណាយទៅលើជួលផ្ទះ ទឹកដោះគោកូន ជួលគេមើលកូន ជួលលើធ្វើដំណើរ ចំណាយផ្សេងៗទាំងអស់ ដែលរឿងសុខមាលភាពនោះ គឺរដ្ឋចេញឲ្យអត់បញ្ហា ហើយមណ្ឌលសុខភាព និងក្រុមហ៊ុនក៏ជួយជាមួយរដ្ឋសម្របសម្រួល, យើងសន្សំលុយទៀត មិនថោកប៉ុន្មានទេ ១៣០ ទៅ១២០$»។

សម្ដេចធិបតីបានមានប្រសាសន៍កត់សម្គាល់ថា ដោយមានការរ៉ាប់រងពី ប.ស.ស. ប្រជាពលរដ្ឋអាចកាត់បន្ថយការចំណាយ និងសន្សំប្រាក់បានជាច្រើន និងតាមរយៈការជួយដោយផ្ទាល់ ពីក្រុមហ៊ុនថែមទៀតនោះ កម្មការីនី អាចកាត់បន្ថយការចំណាយរបស់ខ្លួនក្នុងមួយឆ្នាំបានជាង ១,០០០ដុល្លារ លើបន្ទុកថែទាំទារកផងទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា គោលដៅរបស់រាជរដ្ឋាភិបាលនឹងបង្កើនទារកដ្ឋានបន្ថែមទៀត នៅតាមរោងចក្រសហគ្រាសឲ្យបានច្រើនតាមដែលអាចធ្វើបាន ដើម្បីជួយសម្រួលបន្ទុកដល់កម្មកររោងចក្រ ជាពិសេសកម្មការិនីដែលមានបន្ទុកត្រូវធ្វើការផង និងមើលថែទាំកូនផង។ នៅក្នុងពិធីសំណេះសំណាលដដែល បុរសជាកម្មករម្នាក់ដោយសារតែក្តីពេញចិត្តនឹងគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល បានលើកឡើងនូវការចង់បង្កើតសមាជិកកូនចៅជាបន្ថែមទៀតក្នុងរង្វង់គ្រួសារ៖

សម្តេច៖ ចុះការទទួលសេវារបស់យើង…ប្រពន្ធយើងទៅទទួលសេវា នៅមណ្ឌលសុខភាពនៅអីហ្នឹង តើយ៉ាងម៉េចដែរ មានបញ្ហាអីទេ?
កម្មករ៖ អត់មានបញ្ហាអ្វីទេសម្តេច…ប្រពន្ធប្រាប់ថាស្រួល…ទៅមើលសុខភាព ទៅពិនិត្យអីហ្នឹង វាស្រួលទទួលបាន ទាំងកំរៃមកវិញ…អញ្ចឹងទៅ ដល់អញ្ចឹងប្រពន្ធក៏គេនឹកឃើញថា ចង់បាន (កូន) ទៀតព្រោះស្រួល មានថវិកាជួយច្រើន។
សម្តេច(ញញឹម)៖ អញ្ចឹងដោយសារ រដ្ឋមានគោលនយោបាយហ្នឹងទៅ មានតាំងពីទម្ងន់មករហូតដល់កូនអាយុ២ឆ្នាំ មាន ប.ស.ស. មានអីអញ្ចឹងទៅ ឥឡូវមានទារកកដ្ឋានទៀត អញ្ចឹងគឺចង់បាន (កូន) ថែម។
កម្មករ៖ ចង់បានថែម!
សម្តេច៖ អញ្ចឹងបងឱ្យយោបល់ ទាន់ប្រពន្ធចង់បានយកទៅកុំតវ៉ា។

រាជរដ្ឋាភិបាលកម្ពុជាកាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា បានរក្សាភាពប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវបេសកកម្មជាតិរបស់ខ្លួន ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់កម្មករ។ រាជរដ្ឋាភិបាលកម្ពុជាអាណ្ណត្តិទី៧នៃរដ្ឋសភា មិនដែលបានទុកចោលនូវអ្វីដែលជាភាពមន្ទិលសង្ស័យទាក់ទងនឹងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់កម្មករនោះឡើយ។ តាមរយៈកម្មវិធីសន្តិសុខសង្គមដ៏រឹងមាំ ជាមួយកិច្ចសហការពីវិស័យឯកជនប្រកបដោយភាពសកម្ម និងគំនិតផ្តួចផ្តើមដែលមានគោលដៅដូចជាមជ្ឈមណ្ឌលថែទាំកុមារក្នុងរោងចក្រថែមទៀតនោះ, រាជរដ្ឋាភិបាល នៅបានយកចិត្តទុកដាក់ដល់បញ្ហាចំណាយមិនចាំបាច់ជាច្រើនថែមទៀត ដើម្បីជួយកម្មករដូចជាការផ្តល់មធ្យោបាយដឹកជញ្ជួន រួមមានទាំងការដឹកជញ្ជួន ពួកគេទៅកាន់ស្រុកកំណើតនៅពេលមានពិធីបុណ្យជាតិធំៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌជាដើម។ ភាពគាំពារសង្គមដែលជាគោលនយោបាយជួយលើកស្ទួយសុខមាលភាពកម្មករ មានជាច្រើនចំណុចទៀត ដែលការរៀបរាប់ក្នុងអត្ថបទនេះមិនអាចបរិយាយបានសព្វគ្រប់ឡើយ៖

សម្តេច៖ អញ្ចឹងនៅកន្លែងនេះ យើងសន្សំបានច្រើនណាស់…បើនៅកន្លែងនេះអត់ត្រូវការបង់ថ្លៃធ្វើដំណើរ ព្រោះប្រាក់អត្ថប្រយោជន៍ក៏យើងឱ្យដែរ ទោះបីជាបង់ឫមិនបង់មួយខែ១៧ដុល្លារ។ អញ្ចឹងហើយ យើងអត់ចំណាយធ្វើដំណើរ…ហូបចុកនៅកន្លែងនេះ គឺក្រុមហ៊ុនគាត់ជួយ… អញ្ចឹងយើងសន្សំថ្លៃហូបចុក…ឥឡូវថ្លៃមើលកូន ក៏អត់ចាំបាច់ចំណាយទៀត…យើងសន្សំបានទៀត តាំងពីទម្ងន់មកទៅពិនិត្យសុខភាពព្យាបាលសុខភាព អត់បង់ទៀត…កើតកូនអត់បង់ទៀត…សន្សំបានច្រើន។ ឥឡូវសប្បាយចិត្តអត់? ហើយចង់បន្តគោលនយោបាយអញ្ចឹងបន្តទៅទៀតឫអត់?
កម្មការីនីទាំងអស់ស្រែកព្រមគ្នា៖ ចង់…!
សម្តេច៖ ហើយគោលនយោបាយនេះ មិនមែនគ្រាន់តែខ្ញុំនិយាយទេគឺបានផលជាក់ស្តែងមែន។ ឥឡូវតើប៉ុន្មាននាក់ ដែលមិនទាន់បានផលជាក់ស្តែង?
កម្មការីនី៖ (អត់លើកដៃ)។
សម្តេច៖ អត់មានទេ។ ហើយតើប៉ុន្មាននាក់ ដែលបានទទួលផលជាក់ស្តែងនៅអ្វីដែរយើងឱ្យ?
កម្មការីនី៖ (លើកដៃទាំងអស់)។
សម្តេច៖ បានទាំងអស់…..ហើយក្រៅពីមួយរយអ្នកជាងនេះ តើបងប្អូននៅក្នុងរោងចក្រដទៃទៀត…នៅនេះ ដូចជាមាន១ម៉ឺន៨ពាន់នាក់។ តើបានទាំងអស់គ្នាទេ? បានអត្ថប្រយោជន៍ដូចគ្នាអញ្ចឹងដែរទេ ?
កម្មការីនី៖ (ស្រែកបញ្ជាក់បានដូចគ្នាទាំងអស់)។

ដូច្នេះ បើទោះជាមានការឃោសនាដដែលៗនូវរឿងមិនពិតរបស់ក្រុមធ្វើនយោបាយប្រឆាំង ចោទថារាជរដ្ឋាភិបាលកាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា មិនបានយកចិត្តទុកដាក់ លើសុខទុក្ខកម្មករនិងកម្មការីនីនោះ វាមិនអាចធ្វើឱ្យការនិទានរឿងមិនពិតទាំងនោះ អាចចូលត្រចៀកដល់ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសកម្ពុជាបានឡើយ ពីព្រោះការពិតជាក់ស្តែង ដែលស្ថិតនៅលើតារាងក្នុងប្រទេសកម្ពុជាដោយផ្ទាល់នេះ គឺសាក្សីរស់ និងជាតឹកតាងដែលបាននិងកំពុងប្រាប់ទៅសាធារណមតិ និងពិភពលោកឱ្យឃើញថា «ការលើកស្ទួយសុខុមាលភាពកម្មករ គឺជានយោបាយគាំទ្រប្តូរផ្តាច់របស់រាជរដ្ឋាភិបាលបច្ចុប្បន្ន»៕