(ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាសហប្រធានក្រុមការងារ «ត» តំណាងផ្នែករដ្ឋាភិបាល និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាសហប្រធានក្រុមការងារ «ត» ផ្នែករដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំភាពជាដៃគូក្រុមការងារ «ត» ផ្នែករដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
កិច្ចប្រជុំនេះ មានការចូលរួមពីអនុប្រធាន និងសមាជិកសមាជិកានៃក្រុមការងារ (តាមសេចក្តីសម្រេចលេខ ៩៦ សសរ) និងអនុប្រធាន សមាជិកសមាជិកា នៃក្រុមការងារ «ត» (តាមសេចក្តីសម្រេចលេខ៩៧សសរ) ព្រមទាំងក្រុមការងារចំពោះកិច្ចផ្នែកឯកជន, ជាពិសេសមានការចូលរួម ពីតំណាងសមាគមធុរកិច្ចជាតិ-អន្តរជាតិ និងក្រុមហ៊ុនឯកជនជាច្រើន។
គោលបំណងនៃកិច្ចប្រជុំភាពជាដៃគូនេះ បានពិភាក្សាលើបញ្ហា ដែលបានលើកឡើងដោយវិស័យឯកជន រួមមាន៖ (១). គណ:អភិបាលខេត្ត/ក្រុង មួយចំនួនមិនទាន់មានការសហការល្អជាមួយ សភាពាណិជ្ជកម្មថ្នាក់ខេត្ត, (២). បញ្ហាការត្រួតពិនិត្យនៅមាត់ច្រកចេញចូលតាមព្រំដែន ពីសំណាក់ប្រធានមាត់ច្រក ដែលជាមន្ត្រីដែលចាត់តាំងពីសាលាខេត្ត, (៣). ចរាចរណ៍ផ្លូវគោក នៅពេលក្រុមហ៊ុនជួបគ្រោះថ្នាក់ ចរាចរណ៍ (មិនដល់ជីវិត), (៤). សំបញ្ហាផ្លាកសញ្ញាចរាចរណ៍, (៥). ការត្រួតពិនិត្យអ្នកបើកបរដែលមានផ្ទុក ឬប្រើប្រាស់សារធាតុញៀន, (៦). សំណើរសុំកិច្ចសហប្រតិបត្តិការ និងចាត់វិធានការលើបទល្មើសបច្ចេកវិទ្យា (Cyber-Crime), (៧). បញ្ហាប្រឈមចំពោះបច្ចេកទេស ក្នុងការប្រើប្រាស់ ដ្រូនកសិកម្ម, និង (៨). ផ្សេង។
ជាលទ្ធផលអង្គប្រជុំបានឯកភាព ទទួលយកដំណោះស្រាយ ក៏ដូចជាធាតុចូលពីវិស័យឯកជន ដើម្បីពិនិត្យធ្វើយ៉ាងណាសម្របសម្រួល ផ្តល់ជូនឲ្យវិស័យនេះនូវបរិយាកាសធុរកិច្ច និងវិនិយោគកាន់តែប្រសើក្នុងប្រទេសកម្ពុជា៕