(​ភ្នំពេញ)៖ ករណីឃាតកម្មលើស្ត្រីម្នាក់នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ក្រុមទី៦ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជនសង្ស័យត្រូវជាអតីតប្តី បានចងកសម្លាប់ខ្លួនឯងនៅស្រុកកំណើត ខេត្តបន្ទាយមានជ័យ។

សពជនរងគ្រោះឈ្មោះ អ៊ុន ស្រីល័ក្ខ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរអ្នករត់តុ។

ជនសង្ស័យ និងជនរងគ្រោះត្រូវជាអតីតប្ដីប្រពន្ធ មានកូនប្រុសចំនួន០១នាក់ បានលែងលះគ្នារយៈពេល១ឆ្នាំមកហើយ នៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យដែលត្រូវជាប្ដីជនរងគ្រោះបានមកផឹកសុីនៅហាងមួយកន្លែង ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ដែលជាកន្លែងធ្វើការរបស់ជនរងគ្រោះ ចំនួន០៣ថ្ងៃជាប់គ្នាមកហើយ ក៏មានទំនាស់ពាក្យសម្ដីនិងគ្នា ដោយជនសង្ស័យប្រច័ណ្ឌនិងជនរងគ្រោះថាមានប្រុសផ្សេង។

តាមចម្លើយសាក្សីមុនពេលកើតហេតុ ជនសង្ស័យបាននិយាយថា នឹងដឹកជនរងគ្រោះយកទៅសម្លាប់ចោលតែម្ដង។ បន្ទាប់មកជនសង្ស័យក៏បានជិះម៉ូតូឌុបជនរងគ្រោះចេញពីកន្លែងពីធ្វើការ ទៅដល់ចំណុចកើតហេតុខាងលើ បានធ្វើសកម្មភាពវាយជនរងគ្រោះ និងខ្ទប់ដង្ហើមបណ្ដាលឱ្យស្លាប់។ ក្រោយពីធ្វើសកម្មភាពហើយជនសង្ស័យបានគេចខ្លួនទៅស្រុកកំណើត ខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ ហើយបានទំនាក់ទំនងទៅកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ ដើម្បីសហការចាប់ជនសង្ស័យ។ លុះបន្ទាប់មក សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានទទួលព័ត៌មាន នៅវេលាម៉ោង២០:០០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ថាមានបុរសម្នាក់ចង់កសម្លាប់ខ្លួន ទើបសមត្ថកិច្ចចុះទៅត្រួតពិនិត្យកោសល្យវិច្ច័យ គឺបុរសរូបនេះពិតជាជនសង្ស័យដែលបានសម្លាប់ជនរងគ្រោះជាអតីតប្រពន្ធរបស់ខ្លួននៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ៕