(ភ្នំពេញ)៖ សម្តេចមហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានលើកទឹកចិត្តឱ្យមន្រ្តី និងអាជ្ញាធរពាក់ព័ន្ធជួយ​គាំទ្រ និងបណ្តុះបណ្តាលបន្ថែមដល់ប្រជាសហគមន៍នៅតាមតំបន់ទេសចរណ៍មួយចំនួន ដើម្បីជួយដល់ប្រជាពលសហគមន៍ឱ្យមានការងារធ្វើ និងមានមុខរបរច្បាស់លាស់ ខណៈរដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍បន្ថែម។

សម្តេចមហបវរធិបតី ហ៊ុន ម៉ាណែតថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញចែកសញ្ញាបត្រជូននិសិ្សតវិទ្យាស្ថានវ៉ាន់ដា នៅកោះពេជ្រ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ​។

ការលើកឡើងរបស់សម្តេចបវរធិបតី ក៏ស្របពេលដែលសម្តេចទើបតែធ្វើ​ដំណើរចុះពិនិត្យស្ថានភាពទេសចរណ៍ នៅលើភ្នំខ្នងផ្សារ ក្នុងខេត្តកំពង់ស្ពឺ កាលពីចុងសប្តាហ៍នេះផងដែរ។

សម្តេចធិបតីបានគូសបញ្ជាក់ថា វិស័យទេសទេសចរត្រូវវិនិយោគនៅក្នុងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងត្រូវវិនិយោគឱ្យចំគោលដៅ ជៀសវាងការវិនិយោគខុសនាំខាតលុយ។ ដូច្នេះហើយ ​រដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ​បន្ទប់ទឹក និងកន្លែងលក់ផលិតផលនានាសម្រាប់សហគមន៍។

ជាមួយគ្នានេះ លើកទឹកចិត្តដល់ ឱ្យមន្រ្តី និងអាជ្ញាធរពាក់ព័ន្ធ បង្រៀនប្រជាសហគមន៍ឱ្យចេះពីរបៀបនៃការធ្វើបដិសណ្ឋាកិច្ចឱ្យកាន់តែល្អប្រសើរ និងបង្រៀនឱ្យពួកគាត់ចេះបង្កើតមុខរបរសម្រាប់ទេសចរ។ ទន្ទឹមគ្នានេះ សម្តេចមិនលើកទឹកចិត្តឱ្យវិស័យឯកជនចូលទៅវិនិយោគ ដែលនាំឱ្យប៉ះពាល់ដល់ការប្រកបរបររបស់ស​ហគមន៍នោះទេ ពោលគឺករណីដែលអនុញ្ញាតឱ្យ​វិស័យឯកជនចូលទៅវិនិយោគ គឺជាជម្រើសចុងក្រោយបំផុត​ លើកលែងតែការវិនិយោគតែជួយបំពេញគ្នាទៅវិញទៅមក ដើម្បីរួមគ្នាទាក់ទាញទេសចរ​ឱ្យបានច្រើន។

សម្តេចធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កុំធ្វើការជំនួសសហគមន៍ ត្រូវបង្រៀនសហគមន៍ឱ្យ​ចេះរកស៊ី កុំយកអ្នករកស៊ីទៅធ្វើការជំនួសសហគមន៍ កន្លែងណាដែលសហគមន៍គាត់ចេះរកស៊ី បង្រៀនគាត់ជួយគាត់ បង្កើនសមត្ថភាពគាត់ឱ្យចេះរកធុរកិច្ច យើងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រឱ្យ យើងកសាងកន្លែងបន្ទប់ទឹក កសាងកន្លែងលក់អីឱ្យស្រួលឱ្យគាត់គ្រប់គ្រង នៅខាងក្រោមឱ្យគាត់បង្កើតផ្ទះសំណាក់អីហើយ យើងរៀបចំធ្វើម៉េចថ្ពក់ជាមួយវិស័យឯកជន មគ្គទេសន៍ទេសចរ»

បន្ថែមពីនេះ​ សម្តេចបវរធិបតី ណែនាំឱ្យប្រជាសហគន៍ត្រូវពង្រឹងសេវាកម្មឱ្យបានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យបានច្រើន។

សម្តេចបវរធិបតីបន្ថែមទៀតថា «ចឹងជាគោលដៅដែលយើងត្រូវធ្វើ គឺធ្វើយ៉ាងណា ឱ្យគាត់ចេះរកស៊ីឱ្យបានកាន់តែច្រើន ចំណូលចូលសហគមន៍ ចឹងកុំចាំបាច់យកវិស័យឯកជន កុំអីបន្តិចក៏វិស័យឯកជន ទៅជំនួសប្រជាពលរដ្ឋដែរ ទាល់តែថាខ្នាតធំ»

​សម្តេចបាន​គូសបញ្ជាក់បន្ថែមថា នៅពេលដែលវិស័យទេសចរណ៍ដើរ ហើយប្រជាពលរដ្ឋទទួលចំណូលពីទេសចរណ៍ នោះប្រជាពលរដ្ឋនៅតំបន់នោះ នឹងបង្វែរពីការប្រកបរមុខរបរកាប់ឈើ មកប្រកបរបរបម្រើសេវាកម្មទេសចរណ៍វិញ៕