(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានថ្លែងថា មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះនូវផ្នត់គំនិតឲ្យរីកចម្រើន និងជួយលើកស្ទួយប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិសិ្សតវិទ្យាស្ថានវ៉ាន់ដា សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើតទម្លាប់អាន និងជំរុញឲ្យអភិបាលរាជធានី-ខេត្ត រៀបចំកន្លែងសម្រាប់អំណានជូនដល់សិស្សានុសិស្សផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «សូមប្អូនៗចងចាំថា មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះបណ្ដាលនូវគំនិតចម្រើនជឿនលឿន ហើយអាចជួយលើកស្ទួយប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនបន្ថែមទៀត»។
សម្ដេចបវរធិបតី ថ្លែងទៅកាន់អង្គវេទិកាទាំងមូលថា ដើម្បីក្លាយខ្លួនជាបញ្ញវន្តពិតប្រាកដ ត្រូវបន្តប្រឹងប្រែងសិក្សារៀនសូត្រដោយខ្លួនឯង ខិតខំអានសៀវភៅឲ្យបានច្រើន និងចាប់យកចំណេះដឹងដែលបានជួបប្រទះ និងដុសខាត់រំលឹកឡើងវិញជាប្រចាំនូវចំណេះដឹងទាំងនោះ, ការទទួលបានសញ្ញាប័ត្រតែមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ គឺត្រូវបន្តការសិក្សាពង្រីកចំណេះដឹង និងការសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីបង្កើនគំនិតគុណវុទ្ធជំនាញរបស់ខ្លួន សំដៅតាមឲ្យទាន់ការរីកចម្រើនសង្គម និងវិទ្យាសាស្រ្ត។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រំលឹកផងដែរថា ពេលដែលសម្ដេចនៅរៀន ក្នុងបណ្ណាល័យមិនសូវមានសៀវភៅនោះទេ កាលនោះលោកគ្រូ-អ្នកគ្រូចាំបាច់ត្រូវកត់ទាំងអស់ឲ្យសិស្សយកទៅចម្លង និងអានទន្ទេញឲ្យចាំ។ ដោយឡែកបច្ចុប្បន្ននេះ តាំងពីថ្នាក់បឋមទៅគឺ មានសៀវភៅច្រើនដែលជាជម្រើសរបស់សិស្សក្នុងការអាន សិស្សម្នាក់មានសៀវភៅមួយក្បាលនិងមានបណ្ណាល័យបន្ថែមទៀត។
ជាមួយគ្នានេះ សម្ដេចបានជំរុញទៅកាន់ អភិបាលរាជធានី-ខេត្ត ត្រូវបង្កើតបណ្ណាល័យ ដើម្បីបង្កើនអំណានជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមទីប្រជុំជន ឬនៅតាមសួនច្បារក្នុងរាជធានី-ខេត្ត។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចបវរធិបតី បានថ្លែងអំណរគុណទៅកាន់ អាណាព្យាបាល មាតា បិតា ដែលបានជួយជម្រុញកូនៗឲ្យអានសៀវភៅ ជាពិសេស ពេលដែលក្មេងអានបានច្រើនក្មេងៗនឹងកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទ បន្ថែមពីនេះ សម្ដេចក៏បានលើកទឹកចិត្តដល់ មាតា បិតា គ្រប់រូបត្រូវតែបន្តណែនាំកូនៗឲ្យមានទម្លាប់អានសៀវភៅតាំងពីក្មេង៕