(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តរម្លឹកទស្សនៈរបស់អតីតប្រធានាធិបតីអាមេរិក ចន អេហ្វ ខេណេឌី (John F. Kenedy) នៅឆ្នាំ១៩៦១ ចែកជូននិស្សិតឱ្យដឹងថា «សូមកុំសួរថា ប្រទេសរបស់អ្នក ផ្តល់អ្វីខ្លះដល់អ្នក ត្រូវសួរថា តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីប្រទេសរបស់ខ្លួន?»។ នេះគឺជាការបណ្តុះស្មារតីស្នេហាជាតិ តាមរយៈការចូលរួមដោយលក្ខណៈស្ថាបនា និងមានការទទួលខុសត្រូវរៀងៗខ្លួន។

ការរម្លឹកសម្តីរបស់អតីតប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល មានកាតព្វកិច្ចបង្កើតឱកាសទីផ្សារ បង្កើតឱកាសការងារ ជំរុញកំណើនសេដ្ឋកិច្ច ប៉ុន្តែ រាជរដ្ឋាភិបាលមិនអាចទៅរៀនជំនួស ឬធ្វើការជំនួសយុវជននោះឡើយ។ យុវជន មានកាតព្វកិច្ចពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងខិតខំចាប់យកឱកាសដែលរាជរដ្ឋាភិបាលបានបង្កើត និងផ្តល់ជូន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «ខ្ញុំនៅតែលើកជានិច្ចនូវគំនិតដែលត្រឹមត្រូវគ្រប់សម័យរបស់អតីតប្រធានាធិបតីអាមេរិក ចន អេហ្វ ខេណេឌី (John F. Kenedy) នៅឆ្នាំ១៩៦១ ដែលលើកឡើងថា «សូមកុំសួរថា ប្រទេសរបស់អ្នក ផ្តល់អ្វីខ្លះដល់អ្នក ត្រូវសួរថា តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីប្រទេសរបស់ខ្លួន?»។ នេះគឺជាការបណ្តុះស្មារតីស្នេហាជាតិ តាមរយៈការចូលរួមដោយលក្ខណៈស្ថាបនា និងមានការទទួលខុសត្រូវរៀងៗខ្លួន»

នៅចំពោះមុខនិស្សិត, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹមថា និស្សិតទទួលសញ្ញាបត្រនាពេលនេះ នឹងយកចំណេះដឹងដែលទទួលបានពីការសិក្សាទៅអនុវត្តការងារ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវ ការជាក់ស្ដែងតាមវិស័យនីមួយៗ អាចជាការងារក្នុងស្ថាប័នរដ្ឋ, ការងារក្នុងវិស័យឯកជន ឬអង្គការជាតិ និងអន្តរជាតិនានា ឬស្វ័យនិយោជ នៅក្នុងពេលនោះ ប្អូនៗនឹងយល់កាន់តែច្បាស់ថា ចំណេះដឹងដែលទទួលបានពេលសិក្សាចាំបាច់ត្រូវគួបផ្សំនឹងបទពិសោធន៍ ទទួលបានការអនុវត្តជាក់ស្តែង រួមទាំងគំនិតជាច្រើនផ្សេងទៀត ស្របតាមស្ថានភាព គំនិតច្នៃប្រឌិត និងកាលៈទេសៈ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថានិស្សិតទទួលសញ្ញាបត្រនេះ នឹងខិតខំជម្នះរាល់ឧបសគ្គ ដើម្បីកសាងខ្លួនឱ្យស័ក្តិសមជាពលរដ្ឋល្អ, មន្ត្រីរាជការល្អ, បុគ្គលិកល្អ ដោយប្រើនូវជំនាញ ចំណេះដឹង ពិតប្រាកដរបស់ខ្លួន ប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវ ក្នុងការងារ សីលធម៌ល្អ ដើម្បីចូលរួមកសាងជាតិទាំងអស់គ្នា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះនូវផ្នត់គំនិតចម្រើនជឿនលឿន ហើយអាចជួយលើកស្ទួយប្រទេសជាតិឱ្យកាន់ តែរីកចម្រើនថែមទៀត។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏ប្រាប់និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រថា ការសិក្សាកម្រិតបរិញ្ញាបត្រ មិនទាន់គ្រប់គ្រាន់ទេសម្រាប់មនុស្សម្នាក់នៅក្នុងជីវិត តួយ៉ាងសូម្បីតែសម្ដេចបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត និងសព្វថ្ងៃជានាយករដ្ឋមន្ត្រីនៅតែបន្តរៀនជារៀងរាល់ថ្ងៃ ស្របតាមទស្សនៈ រៀនពេញមួយជីវិត។ ប្រទេសមួយអាចខ្លាំងបាន ទាល់តែមានមូលធនមនុស្សខ្លាំង ។ ប្រទេសមួយអាចមានអារ្យធម៌រុងរឿងបាន ទាល់តែមានមូលធនមនុស្សពូកែ។ ការកសាងសង្គមជាតិមួយឱ្យរុងរឿង ទាមទារឱ្យមានស្ថិរភាព សង្គតិភាព និងការពូនជ្រំសមិទ្ធផល, រក្សាសមិទ្ធផលចាស់ បង្កើនសមិទ្ធផលថ្មី, ប្រមូលផ្តុំកម្លាំង និងចំណេះដឹង ចំណេះធ្វើ ពីមួយជំនាន់ ទៅមួយជំនាន់៕