(ភ្នំពេញ)៖ អាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយឱ្យនិស្សិតមកពីគ្រួសារខ្វះខាតចំនួន២៩នាក់ទៀត បានសិក្សារហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រពីវិទ្យាស្ថានវ៉ាន់ដា។
នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ និស្សិតទាំង២៩នាក់នេះ ក៏បានអញ្ជើញចូលរួមទទួលសញ្ញាបត្រ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។ ក្នុងពិធីចែកសញ្ញាបត្រនេះ ក្រៅពីការអបអរសាទរចំពោះការបញ្ចប់សិក្សា សម្តេចមហាបវរធិបតី ក៏បានអរគុណវិទ្យាស្ថានវ៉ាន់ដា ដែលបានផ្តល់អាហារូបករណ៍ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ឱកាសឱ្យនិស្សិត២៩នាក់នេះ បានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សា។
ការសិក្សានៅថ្នាក់ឧត្តមសិក្សាជាក្តីប្រាថ្នារបស់អ្នកសិក្សាគ្រប់រូប។ ការខ្វះខាតក្នុងក្នុងគ្រួសារ ជាឧបសគ្គមួយសម្រាប់និស្សិតមកពីតាមទីជនបទ។ ដូច្នេះអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាឱកាសដ៏វិសេសវិសាលសម្រាប់ពួកគេ។
ជាមួយការបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សា ជាស្ពានចម្លងមួយជួយឱ្យនិស្សិតមកពីគ្រួសារខ្វះខាតទទួលបានឱកាសការងារល្អ និងឈានទៅកសាងជីវិតមួយល្អប្រសើរ។ និស្សិតបញ្ចប់ការសិក្សាទាំង២៩នាក់ បានសម្តែងការដឹងគុណ និងគោរពអរគុណសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវ ពេជ ចន្ទមុន្នី និងវិទ្យាស្ថានវ៉ាន់ដា សម្រាប់ការផ្តល់ឱកាសឱ្យពួកគេបានសិក្សារៀនសូត្រខ្ពស់ ពង្រឹងសមត្ថភាពឱ្យកាន់តែល្អប្រសើរ៕