(កំពង់ធំ)៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដឹកនាំមន្ទីរជំនាញចុះពិនិត្យផ្លូវចាស់កំពុងអ៊ុតកៅស៊ូ AC ចាប់ពីចំណុចរង្វង់មូលអ្នកតាក្រហម «ក» រហូតដល់គល់ស្ពានត្បូងចាម ក្រុងស្ទឹងសែន មានប្រវែង ២.៣០០ម៉ែត្រ ទទឹង ៩ម៉ែត្រ។ ដើម្បីរៀបចំឲ្យមានសោភណ្ឌភាពស្រស់បំព្រង និងមានសណ្ដាប់ធ្នាប់ល្អ រដ្ឋបាលខេត្ត បានរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ព្រមទាំងដាំផ្កាចម្រុះពណ៌តាមដងផ្លូវ សម្រាប់ឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិ។
លោក ជូ កូល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានឲ្យដឹងថា គម្រោងជួសជុល និងថែទាំខួបលើកំណាត់ផ្លូវជាតិលេខ៦ ដោយកាយបកយកកៅស៊ូចាស់ចេញរួចចាក់ក្រាលកៅស៊ូ AC ត្រង់គីឡូម៉ែត្រ ១៦១+៧០០ ដល់គីឡូម៉ែត្រ១៦៤+០០០ មួយចំហៀងខាងស្តាំមកពីភ្នំពេញ ព្រមទាំងគូសគំនូសចរាចរណ៍ទំហំ ១,០០៩ម៉ែត្រការ៉េ ដាំបង្គោលផ្លាក សញ្ញាចរាចណ៍ចំនួន៥៥ផ្លាក និងដាំភ្នែកឆ្មា (3M) ចំនួន១៧៤គ្រាប់ ស្ថិតក្នុងសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោកបន្តថា ការរៀបចំផ្លាកសញ្ញាមានដូចជាសញ្ញាបត់ស្ដាំ សញ្ញាបត់ឆ្វេង សញ្ញាបន្ថយល្បឿន សញ្ញាពញ៉ាក់អារម្មណ៍ សញ្ញាមន្ទីរពេទ្យ សញ្ញាសិស្សសាលាឆ្លងកាត់ នៅតាមតំបន់សាលារៀន និងសញ្ញាផ្សេងៗទៀត ដែលសម្រាប់ឲ្យបងប្អូន ប្រជាពលរដ្ឋសម្គាល់ដើម្បីកាត់បន្ថយនៃការគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
លោកបន្ថែមថា ដើម្បីឱ្យផ្លូវថ្នល់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ប្រើប្រាស់បានយូរអង្វែង សូមប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ រួមគ្នាថែរក្សា និងបង្កើនការយកចិត្តទុក ដាក់ឱ្យបានខ្ពស់ ជាពិសេសរួមគ្នាគោរពច្បាប់ និងវិធានការនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញ ធ្វើយ៉ាងណាឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនកាន់តែឆាប់រហ័ស៕