(ពោធិ៍សាត់)៖ ព្រះវិហារថ្មី (ឧបោសថាគារ) និងសមិទ្ធផលមួយចំនួន ក្នុងវត្តមណីរតនារាម ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាគំនិតផ្តួចផ្តើមឡើងរបស់ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ដែលមានតម្លៃជាង១លានដុល្លារ ត្រូវបានធ្វើពិធីបុណ្យឆ្លង បញ្ចុះខណ្ខសីមា និងកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក សួន រិនឌី លេខាធិការគណៈកម្មការទី១ នៃរដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអតីតអភិបាលរងខេត្តពោធិ៍សាត់ និងលោកស្រី។
ពិធីនេះបានការអញ្ជើញជាកិត្តិយស ពីសំណាក់ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ព្រមទាំងបានការចូលរួមពីលោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត មន្ត្រីរាជការ គណ:កម្មការអាចារ្យវត្ត យាយជី តាជី ជនពិការកំបុតដៃទាំងពីរដែលអញ្ជើញមកពីទូទាំងប្រទេស ប្រជាពុទ្ធបរិស័ទ លោកគ្រូអ្នកគ្រូ ក្រុមយុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
បើតាមលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនថា ដំបូងឡើយ វត្តមណីរតនារាម មានឈ្មោះថា មណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន (មជ្ឈមណ្ឌលអប់រំព្រះពុទ្ធសាសនា) មានទីតាំងនៅក្នុងវត្តកែវសុវណ្ណ ឃុំបន្ទាយដី ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ដើម្បីពង្រីកមណ្ឌលអប់រំឱ្យទូលំទូលាយ ងាយស្រួលដល់អ្នកសិក្សា ប្រតិបត្តិ និងជាទីគង់នៅសិក្សា របស់ព្រះសង្ឃផងនោះ គណៈកម្មការបានផ្តួចផ្តើមគំនិត បង្កើតឱ្យមានមណ្ឌលសិក្សាមួយដោយឡែក នៅទីតាំងនេះ។ ដោយទឹកចិត្តសទ្ធាជ្រះថ្លារបស់លោក ជុក ម៉ិលសន្តិភាព និងឧបាសិកា ជា កែវមុនី លោកបានបរិច្ចាគដីស្រែរបស់លោក ប្រគល់ជូនគណៈកម្មការសម្រាប់សាងសង់ ជាមណ្ឌលសិក្សា ហើយបានស្នើសុំបង្កើតមណ្ឌលអប់រំព្រះពុទ្ធសាសនា និងបានប្តូរទីតាំងមជ្ឈមណ្ឌលអប់រំព្រះពុទ្ធសាសនា ពីវត្តកែវសុវណ្ណមកសាងសង់លើទីតាំងថ្មី ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១០ មកឈ្មោះពុទ្ធសាសនមណ្ឌលមណីរត្ន រួចប្តូរជាមណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន និងបន្តប្តូរមកជាវត្តមណីរតនារាមវិញ។
លោកអភិបាលខេត្តបន្តថា ក្រោមកិច្ចដឹកនាំផ្តួចផ្តើមរបស់ភិក្ខុវជិរប្បញ្ញោ សាន សុជា និងមានការឧបត្ថម្ភពីសប្បុរសជន ជិតឆ្ងាយក្នុង និងក្រៅប្រទេស បានកសាង និងទទួលបានសមិទ្ធផលជាច្រើនបន្តបន្ទាប់។ ចំពោះសមិទ្ធផលដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺព្រះវិហារថ្មីស្រឡាងដ៏ល្អប្រណិត ដែលបានកសាងឡើងដោយ អ្នកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដើម្បីចូលរួមចំណែក ក្នុងវិស័យព្រះពុទ្ធសាសនា ទុកជាកេរ្តិ៍តំណែល និងជាប្រវត្តិសាស្ត្រ សម្រាប់កូនខ្មែរគ្រប់ជំនាន់ បានគោរពប្រណិបត្តិ។
អ្នកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានឱ្យដឹងថា ព្រះវិហារ (ឧបោសថាគារ) បានចាប់ផ្តើមកសាង នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ក្រោមចិក្ខដឹកនាំរបស់ភិក្ខុវ ជិរប្បញ្ញោ សាន សុជា ជាចៅអធិការវត្តក្នុងកាលណោះ និងដោយរូបលោក ព្រមទាំងភរិយាផ្ទាល់។ ព្រះវិហារនេះមានខឿនបីជាន់ ដោយយកតាមរចនាបទវិមានឯករាជ្យ រចនាបទបុរាណ ជាពិសេសរចនាបទវត្តភ្នំដូនពេញ សារមន្ទីរជាតិ ព្រះបរមរាជវាំង និងច្រកមុខប្រាសាទអង្គរវត្តទិសខាងលិច។ អ្នកឧកញ៉ាបណ្ឌិតបន្តថា ថវិកាដែលត្រូវចំណាយសាងសង់ព្រះវិហារ គឺសរុបអស់ទឹកប្រាក់ ១,១១២,៨៩២.៣៦ដុល្លារ ក្នុងនោះថវិការបស់លោក និងភរិយាលោក ព្រមទាំងឧកញ៉ា លោក លោកស្រី ជាញាតិមិត្ត សរុបចំនួន៦២៨,១២៧.៣៦ដុល្លារ ក្រៅពីនោះគឺថវិកាដែលពុទ្ធបរិស័ទ ក្នុងនិងក្រៅប្រទេសចូលរួម។
ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ាបណ្ឌិត ជា រតនា ក៏បានជម្រាបជូនអំពីមូលនិធិអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា ដែលបានខិតខំកៀរគរថវិកា និងសម្ភារៈបំពាក់ដៃ ជូនដល់ជនពិការកំបុតដៃទាំងពីរទូទាំងប្រទេស ដើម្បីជួយសម្រាលនូវទុក្ខលំបាកដល់ពួកគាត់។ កន្លងមកមូលនិធិខាងលើ បានផ្ដល់ថវិកាជាច្រើនលើកច្រើនសារមកហើយ ក្នុងមួយឆ្នាំៗ ជាក់ស្តែងក្នុងថ្ងៃនេះ ជាលើកទី១៥ និងជាឆ្នាំទី១៥ ដែលមូលនិធិនេះ បន្តផ្តល់ជូនថវិកា និងសម្ភារ ដើម្បីផ្ដល់ជាដើមទុនដល់ជនពិការកំបុតដៃទាំងពីរនៅទូទាំងប្រទេស សរុបចំនួន៣២៧នាក់ យកទៅប្រកបមុខរបរចិញ្ចឹមជីវិត និងបន្ដការសិក្សា ដោយក្នុងម្នាក់ៗទទួលបាន ថវិកា១លានរៀល អាវយឺត១ និងអាហារ១កញ្ចប់។
ថ្លែងក្នុងឱកាសនោះ លោក សួន រិនឌី លេខាធិការគណៈកម្មការទី១ នៃរដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអតីតអភិបាលរងខេត្តពោធិ៍សាត់ បានលើកឡើងថា សមិទ្ធផលដែលសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ នាថ្ងៃនេះ នៅក្នុងវត្តមណីរតនារាម គឺបានបង្ហាញឱ្យឃើញពីកត្តាសុខសន្តិភាព ដែលមានសព្វថ្ងៃ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តមរតកដឹកនាំ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា។
លោកបានបន្តថា ព្រះពុទ្ធសាសនា គឺបានដើរតួយ៉ាងសំខាន់ ដល់ការអភិឌ្ឍន៍សង្គមជាតិ និងជាមជ្ឈមណ្ឌល ក្នុងការអប់រំមនុស្ស ឱ្យប្រព្រឹត្តតែអំពើល្អ ផ្ទុយទៅវិញព្រះពុទ្ធសាសនា ក៏ដូចជាសាសនាដ៏ទៃទៀត បានប្រសូត្រឡើង ក្នុងថ្ងៃតែមួយ ពេលវេលាតែមួយ គឺនៅថ្ងៃ០៧ មករា ១៩៧៩ ក្រោយរបបសាហាវព្រៃផ្សៃយុងឃ្នង ប៉ុល ពល។ ហើយពិតណាស់ថា បើគ្មានសុខសន្តិភាពទេ យើងក៏គ្មានឱកាសបានប្រារព្ធពិធី និងមើលការអភិវឌ្ឍន៍ដូចសព្វថ្ងៃនោះដែរ។
លោកសូមកោតសរសើរ ដល់សប្បុសជន ពុទ្ធបរិស័ទ្ធជិតឆ្ងាយ ពិសេសអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមចំណែកយ៉ាងធំធេង ជួយកសាងព្រះវិហារ (ឧបោសថាគារ) បម្រើដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យមានការរីកចម្រើន ហើយដែលយើងទាំងអស់គ្នា ជាអ្នកកាន់ព្រះពុទ្ធសាសនា តែងគោរពប្រតិបត្តិ៕