(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងស្តីពី ការបើកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជូនដល់ បងប្អូនអតីតកម្មករនិយោជិត នៃក្រុមហ៊ុន អេច ស៊ី ស៊ី គ្រុប សាខាខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ។
ក្រសួងការងារ បានបញ្ជាក់ថា វិវាទការងាររបស់បងប្អូនជាមួយក្រុមហ៊ុន ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្សះផ្សាសះជា ដោយភាគីក្រុមហ៊ុន បានយល់ព្រមផ្តល់ជូនបងប្អូនកម្មករនិយោជិតនូវទឹកប្រាក់សរុបចំនួន ៨១,៨២៣,២៦ ដុល្លារអាម៉េរិក (ប្រាំបីម៉ឺនមួយពាន់ ប្រាំបីរយម្ភៃបីដុល្លារអាម៉េរិក និងម្ភៃប្រាំមួយសេន) ជាការ ទូទាត់សម្រាប់អត្ថប្រយោជន៍ដូចខាងក្រោម៖
១៖ ប្រាក់ឈ្នួលក្នុងអំឡុងពេលព្យួរកិច្ចសន្យាការងារ ២ខែ
២៖ ប្រាក់ជួសការឈប់សម្រាកប្រចាំដែលនៅសល់ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ២. ប្រាក់ជួសការឈប់សម្រាកប្រចាំដែលនៅសល់
៤៖ ប្រាក់បំណាច់អតីតភាពការងារឆ្នាំ២០១៩ និងឆ្នាំ២០២០
៥៖ ប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០១៩។
សូមបងប្អូនអញ្ជើញទៅបើកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារនេះដោយខ្លួនឯង ពីក្រុមហ៊ុនដោយផ្ទាល់ នៅមន្ទីរ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប នាថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៥៖០០នាទីល្ងាច ដោយភ្ជាប់មកជាមួយនូវឯកសារណាមួយ ដូចខាងក្រោម៖
១៖ បណ្ណ (កាត) សម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬបណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន
២៖ បណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។
ក្នុងករណីសាមីខ្លួនទទួលមរណភាព សហព័ទ្ធ (ប្តី ឬប្រពន្ធ) អាចទៅបើកប្រាក់នេះជំនួសបាន ដោយភ្ជាប់មក ជាមួយនូវឯកសារណាមួយខាងលើ លិខិតបញ្ជាក់មរណភាព និងសំបុត្រអាពាហ៍ពិពាហ៍។
ទន្ទឹមនឹងនេះ ក្រសួងក៏សូមអំពាវនាវដល់បងប្អូនអតីតកម្មករនិយោជិតដែលមិនទាន់ទទួលបានការងារថ្មីធ្វើ សូមមក ទទួលយកឱកាសការងារថ្មីពីមជ្ឈមណ្ឌលការងារខេត្តសៀមរាប ដែលប្រចាំការនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែនសៀមរាប ស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ឬទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៦៣ ២១០ ២៧៧/០១៦ ៥៣៦ ៦៥៥៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖