(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្ត និងយុវជនកម្ពុជាក្រុងព្រះវិហារ ស.ស.យ.ក ចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្តក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» ដើម្បីបំពេញតម្រូវការឈាមសម្រាប់មន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក គីម រិទ្ធី ដែលបានអញ្ជើញជាអធិបតីក្នុងពិធីដ៏មានសារៈសំខាន់នេះ។ លោកបានសង្កត់ធ្ងន់ថា កម្មវិធីនេះមិនត្រឹមតែជាការចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការចែករំលែកក្តីស្រឡាញ់ក្នុងសហគមន៍ផងដែរ។ លោកក៏បានថ្លែងកោតសរសើរចំពោះ កងកម្លាំងនគរបាលទាំងអស់ដែលបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តនាពេលនេះ។
ស្ថិតក្នុងឱកាសនោះលោក គីម រិទ្ធី បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណចំពោះវត្តមានថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ដែលបានចូលរួមបរិច្ចាគឈាម។ លោកបានគូសបញ្ជាក់ថា សកម្មភាពនេះគឺជាផ្នែកមួយនៃការលើក កម្ពស់ វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក "ផ្តល់ឈាម គឺផ្តល់ក្តីស្រឡាញ់" និងបានបង្ហាញពីការយល់ដឹងអំពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។
អភិបាលខេត្តព្រះវិហារ បានថ្លែងបន្តថា ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គឺជាអំពើដ៏ប្រពៃ និងជាកាយវិការមនុស្សធម៌ដ៏ឧត្តុង្គឧត្តម។ ឈាមជាសារធាតុរាវដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវិត ហើយអ្នកជំងឺជាច្រើនត្រូវការឈាមជាចាំបាច់ ការបរិច្ចាគឈាមរបស់លោកអ្នក អាចជួយសង្គ្រោះជីវិតពួកគេ និងផ្តល់ក្តីសង្ឃឹមដល់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេផងដែរ។
សូមបញ្ជាក់ថា កម្មវិធីនេះមានអ្នកចូលរួមសរុបចំនួន៣១៩នាក់ ស្រី៦១នាក់ ក្នុងនោះអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមចំនួន១៩៥ នាក់ អ្នកមិនមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការបរិច្ចាគមានចំនួន ១១២នាក់ ស្រី ២៧នាក់។ ដោយឡែកឈាមដែលប្រមូលបានមានចំនួន៨៣សាក់ ដែលមានក្រុមឈាម O+ ចំនួន៣១សាក់, AB+ ចំនួន៤សាក់, A+ ចំនួន២២សាក់ និង B+ចំនួន២៦ សាក់៕