(តូក្យូ, ជប៉ុន)៖ ក្យូតូ​ អតីតរាជធានីរបស់ជប៉ុន ដែលសម្បូរទៅដោយសំណង់វប្បធម៌ពាក់​ព័ន្ធព្រះចៅអធិរាជ មេទ័ព និងព្រះពុទ្ធសាសនា បានក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់​ទាញនាពេលបច្ចុប្បន្ន។

ក្យូតូ​​ ជាអតីត​រាជធានី​របស់​ជប៉ុន​ជាង១ពាន់ឆ្នាំ ចាប់ពី​ឆ្នាំ៧៩៤ ដល់ ១៨៦៨។ បច្ចុប្បន្ន ក្យូតូ នៅតែជាចំណុចកណ្តាលនៃវប្បធម៌ប្រពៃណីជប៉ុន ព្រះពុទ្ធសាសនា។ ប្រជាជន​ជប៉ុន​តែង​ព្យាយាម​មកកាន់ក្យូតូ ​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ជីវិត​របស់​ពួក​គេ ហើយ​ស្ទើរ​តែ​មួយ​ភាគ​បី​នៃ​ចំនួន​ប្រជាជន​សរុប​របស់ជប៉ុន តែង​ទៅ​ទស្សនា​ទីក្រុង​នេះ​ជា​រៀងរាល់​ឆ្នាំ។

ប្រាសាទ និង​សួន​ច្បារ​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​របស់​ក្យូតូ ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ក្នុង​ឆ្នាំ១៩៩៤។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន នៅដើមខែមីនា ឆ្នាំ២០២៥ លោក វ៉ាន់ សារាយ ត្រូវបានរៀបចំឱ្យធ្វើដំណើរទៅកាន់អតីតរាជធានី​ដ៏ល្បាញល្បីមួយនេះ​ផង​ដែរ។ ជាទឹកដីជង្រុកនៃសម្បត្តិវប្បធម៌ និងជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រក្យូតូ ត្រូវបាន​រាជរដ្ឋា​ភិ​បាលយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ ក៏ដូចថែរក្សានូវទ្រង់ទ្រាយដើម​នៃសំណង់​​នា​នា រួមទាំងផ្ទះសម្បែងរបស់ប្រជាពលផង ដើម្បីទាក់ទាញអ្នកទេសចរ។ នៅក្យូតូ មិន​សូវ​មានសំណង់ខ្ពស់ៗនោះឡើយ ហើយសំណង់ពាក់ព័ន្ធព្រះចៅអធិរាជ មេទ័ព និងទីអារាម​ជាកន្លែងគោរពប្រណិបត្តិព្រះពុទ្ធសាសនា ព្រមទាំងសំណង់​លំនៅ​ឋានត្រូវ​បានរក្សាក្នុង​ទ្រង់​ទ្រាយដើមរហូតដល់ពេលបច្ចុប្បន្ន។

តាមរយៈសំណង់ទាំងនោះ ក្លាយជាអន្ទាក់ដួងចិត្តដ៏ទាក់ទាញសម្រាប់អ្នកទេសចររបស់​ជប៉ុន និងអ្នកទេសចរបរទេសចម្រុះជាតិសាសន៍។

ដំណើរទៅកាន់ក្យូតូនេះ លោក វ៉ាន់ សារាយ ត្រូវបានរៀបចំឱ្យទៅទស្សនា​នៅតំបន់​ទេស​ចរណ៍ដ៏ទាក់ទាញចំនួន៣រួមមាន៖

១៖ ព្រះវិហារ Kiyomizudera៖ Kiyomizudera គឺជាវិហារមួយក្នុងចំណោមវិហារ​ដ៏ល្បីល្បាញបំផុតរបស់ប្រទេសជប៉ុន។ ព្រះវិហារនេះ ត្រូវបានសាងសង់ឡើងក្នុង​ឆ្នាំ​៧៨០ នៅលើទីតាំងនៃទឹកជ្រោះ Otowa ក្នុងតំបន់ព្រៃភ្នំ ភាគខាងកើតនៃទីក្រុងក្យូតូ។ ព្រះវិហារនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនិកាយ Hosso ដែលជានិកាយដ៏ចំណាស់បំផុត​មួយនៅក្នុងព្រះពុទ្ធសាសនាជប៉ុន។ ប៉ុន្តែក្រោយមកបានបង្កើតទៅជានិកាយ Kita Hosso នៅឆ្នាំ១៩៦៥។ នៅឆ្នាំ១៩៩៤ វិហារនេះត្រូវបានបញ្ចូលទៅក្នុង​បញ្ជីបេតិ​កភណ្ឌពិភពលោក។

Kiyomizudera មានឈ្មោះល្បីល្បាញដោយសាររចនាបថសង់ពីឈើ និងផ្តល់នូវ​ទិដ្ឋ​ភាពដ៏ស្រស់ស្អាតនៃដើម cherry និងដើម maple ជាច្រើននៅខាងក្រោម។ សាលធំ​ដែល​រួមគ្នាជាមួយឆាកត្រូវបានសាងសង់ដោយមិនប្រើដែកគោល ជាទីសក្ការៈបូជា​ចម្បង​របស់ព្រះវិហារ រូបសំណាកតូចមួយដែលមានមុខ១១ និងដៃរាប់ពាន់។

នៅខាងក្រោយសាលធំរបស់ Kiyomizudera នោះគឺទីសក្ការបូជា Jishu ដែលជាទី​សក្ការ​បូជាឧទ្ទិសដល់អាទិទេពនៃសេចក្តីស្រឡាញ់ និងការផ្គូរផ្គង។ នៅ​ខាង​មុខទីសក្ការៈ​មាន​ថ្ម​ពីរ​ដាក់​នៅចំងាយ​១៨​ម៉ែត្រ។ ការស្វែងរកផ្លូវរបស់អ្នកដោយជោគ​ជ័យពីមួយ​ទៅមួយ ដោយការបិទភ្នែក និងបន់ស្រន់ថានាំសំណាងក្នុងការស្វែងរកស្នេហា។

ទឹកជ្រោះ Otowa មានទីតាំងនៅមូលដ្ឋាន នៃសាលធំរបស់ Kiyomizudera ។ ទឹក​របស់​វាត្រូវបានបែងចែកទៅជាបីដាច់ដោយឡែកពីគ្នា ហើយអ្នកទស្សនាប្រើពែង​ដែល​ភ្ជាប់​ទៅនឹងបង្គោលវែង ដើម្បីត្រងផឹកបាន។ ទឹក​ធ្លាក់នីមួយៗ​ត្រូវ​បាន​គេ​និយាយ​ថា​មាន​អត្ថប្រយោជន៍​ខុសៗ​គ្នា​គឺ​ធ្វើ​ឱ្យ​អាយុ​វែង ជោគជ័យ​នៅ​សាលា ​ជីវិត​ស្នេហា​ និងសំណាង​ល្អ។

២៖ ប្រាសាទ Nijo-jo៖ ប្រាសាទនេះ ត្រូវបានបញ្ចប់ការសាងសង់នៅឆ្នាំ១៦០៣ តាម​ការ​បញ្ជា​របស់មេទ័ព Tokugawa Ieyasu ដែលជាស្ថាបនិក និងជាមេដឹកនាំ​យោធា​ដំបូងបង្អស់នៃសម័យ Tokugawa Shogunate (១៦០៣ ដល់ឆ្នាំ១៨៦៧)។ Tokugawa Ieyasu បានបង្រួបបង្រួមប្រទេសជប៉ុន ក្រោយសង្រ្គាមស៊ីវិល​អស់រយៈ​យ៉ាងយូរ និងបានដឹកនាំជប៉ុន ក្នុងរយៈពេលជាង ២៦០ឆ្នាំ ក្រោមសន្តិភាព និងភាពរុង​រឿង។ រដ្ឋាភិបាលដែល Ieyasu បង្កើតឡើងបានបន្តការដឹកនាំអស់រយៈពេល១៥ជំនាន់ ដែលនេះជារយៈពេលដ៏យូរបំផុតមួយនៃស្ថិរភាព និងភាពរុងរឿងក្នុងប្រវត្តិសាស្ត្រជប៉ុន។

ប្រាសាទនេះ ត្រូវបានជួសជុលទ្រង់ទ្រាយធំ នៅឆ្នាំ​១​៦២៤ ក្នុងរជ្ជកាលរបស់ Shogun Iemitsu ទី៣ ដើម្បីរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់អធិរាជ Go-Mizuno-o ក្នុងឆ្នាំ១៦២៦។ បច្ចុប្បន្នប្រាសាទនេះ ត្រូវបានថែទាំបានយ៉ាងល្អ និងរំលេចនូវគំនិត​ស្ថា​បត្យកម្មដើម្បីរក្សាសន្តិសុខសុវត្ថិភាព ដូចជាការដើរជាន់លើបន្ទះក្តាជុំវិញបន្ទប់សំខាន់ គឺមានការផ្តល់ជាសំឡេងជាដើម។ ការសង់បែបនេះ ដើម្បីជាការផ្តល់នូវសញ្ញា​បើមាន​ការ​វាយ​ប្រហារណាមួយ។

៣៖ ព្រះវិហារ Rokuon-ji៖ Rokuon-ji ជាព្រះវិហារពុទ្ធសាសនា Zen ដ៏ល្បីល្បាញ​មួយមានអាយុកាលរាប់សតវត្សរ៍មកហើយ។ ព្រះវិហារ Rokuon-ji ត្រូវបាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយនាពេលបច្ចុប្បន្ននេះថា ជាព្រះវិហារ Kinkakuji។ បច្ចុប្បន្នក្នុងនាម​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO ព្រះវិហារ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គោលដៅ​ដែល​ភ្ញៀវ​ទេសចរមិនគួរមើលរំលង។

កាលដើមឡើយព្រះវិហារ Kinkakuji គឺជាកន្លែងសម្រាកលំហែកាយ សម្រាប់អតីត​មេទ័ព Ashikaga Yoshimitsu ក្នុងឆ្នាំ១៣៩៧។ ជាន់​ទី​២ និង​ទី​៣ នៃ​ព្រះ​ពន្លា ត្រូវ​បាន​បិទ​ដោយ​ស្លឹក​មាស។ អតីតមេទ័ព Ashikaga Yoshimitsu សោយរាជ្យនៅស.វទី ១៤ បានទទួលដីដែលឥឡូវនេះបង្កើតជាព្រះវិហារ Kinkakuji និងបានសាងសង់ ផ្ទះលំហែរបស់គាត់ដែលគាត់បានដាក់ឈ្មោះថា Kitayamadono។ បន្ទាប់ពីទទួល​មរណភាព ទីធ្លានៃព្រះវិហារត្រូវបានកសាងឡើងវិញជាព្រះវិហារពុទ្ធសាសនា Zen តាមការចង់បានរបស់គាត់។ ព្រះពន្លាមាសត្រូវបានសាងសង់ឡើងសម្រាប់​តម្កល់​ព្រះពុទ្ធរូប។

ព្រះពន្លានីមួយៗមាន៣ជាន់ត្រូវបានសាងសង់ឡើងតាមរចនាប័ទ្មស្ថាបត្យកម្មដ៏ល្អឯក។
រចនាសម្ព័នដើមនៃព្រះពន្លាមាសត្រូវបានដុតបំផ្លាញក្នុងឆ្នាំ១៩៥០ ប៉ុន្តែត្រូវបានសាង​សង់​ឡើងវិញនៅឆ្នាំ១៩៥៥។ ព្រះពន្លានេះត្រូវបានគេដាក់បញ្ចូលក្នុងបញ្ជី​បេតិកភណ្ឌ​ពិភពលោកក្នុងឆ្នាំ១៩៩៤ ដោយសារស្ថាបត្យកម្មដ៏អស្ចារ្យដែលមានភាព​ចម្រុះគ្នារវាង​វប្បធម៌ និងការរចនាដ៏មានប្រជាប្រិយរបស់ពួកអភិជនសាមូរ៉ៃ និងព្រះពុទ្ធសាសនា។

នៅឆ្នាំ២០២៤ ប្រទេសជប៉ុន ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជា ៣៦លាន​នាក់។ នៅតាមតំបន់ទេសចរណ៍ដែលបានរៀបរាប់ខាងលើនេះ ត្រូវបានលក់សំបុត្រសម្រាប់អ្នកចូលទស្សនាប្រមាណ ៥០០យ៉េន ស្មើនឹងប្រមាណ ៣ដុល្លារ សម្រាប់មនុស្សពេញវ័យ ហើយតម្លៃប្រមាណ ៣០០យ៉េន ស្មើនឹងជាង២ដុល្លារ សម្រាប់កុមារ៕