(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សម្ដែងការខកចិត្ត ក្រោយរកឃើញថាក្រុមហ៊ុនមួយបង្ហូរកសំណល់រាវកខ្វក់ចូលប្រភពទឹក ហើយបានយកសំណាកទឹកមកវិភាគនៅក្រសួង ប៉ុន្តែ មន្ត្រីជំនាញបែជាធ្វើការងារយឺតជិត១សប្ដាហ៍ ទើបចេញលទ្ធផល ស្របពេលដែលរោងចក្រដែលបំពុលទឹកនោះកែប្រែស្ថានការណ៍ទាន់ពេលបំបាត់ភស្តុតាងនៅទីតាំងជាក់ស្ដែង។
លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ចំពោះបញ្ហាបង្ហូរទឹករាវកង្វក់ចូលទឹកធម្មជាតិ ក្រសួងនឹងអនុវត្តច្បាប់មិនលើកលែងជាដាច់ខាត ការធ្វើបែបនេះដើម្បីការពារសុខភាពពលរដ្ឋកម្ពុជា ពីការពុលទឹកបណ្តាមកពីការគ្មានទំនួលខុសពីឈ្មួញខិលខូច។ ទន្ទឹមនឹងក្នុងនាមជាមន្ត្រីបម្រើប្រជាពលរដ្ឋ ត្រូវធ្វើការគិតពីសុខភាពពលរដ្ឋទើបជាមន្ត្រីក្រសួងបរិស្ថាន ខណៈនៅក្នុងនីតិកាលទី៧ គឺក្រសួងបរិស្ថាន ចាត់វិធានការយ៉ាងតឹងរឹងបំផុតទៅលើក្រុមហ៊ុនណាដែលរកឃើញការលួចបង្ហូរសាធាតុរាវកង្វក់ចូលទៅក្នុងប្រភពទឹកធម្មជាតិ ឱ្យបានទាន់ពេលវេលាល្អ។
លោកបណ្ឌិត អ៊ាង សុផល្លែត បង្ហាញការខកចិត្តយ៉ាងដូច្នេះថា៖ «អ្វីដែលជាការខកចិត្ត គឺចាប់បានហើយគ្រាន់តែឡាបូធ្វើតេស្តទឹក ចង់១អាទិត្យមិនទាន់ចេញ មិនដឹងមូលហេតុអី? ទ្រាំតែចេញមកទឹកហ្នឹងថ្លាអស់ហើយ មិនដឹងទៅចាប់អីទេ មើលឡើងវិញ អ្នកឯងធ្វើការគឺដើម្បីបម្រើប្រជាជន ១៧លាននាក់ អ្នកឯងមិនមែនធ្វើការដើម្បីបម្រើផលប្រយោជន៍បុគ្គលម្នាក់ឯងទេ»។
ថ្លែងពីលើវេទិកាកិច្ចប្រជុំលើកទី២ គណៈកម្មការអន្តរក្រសួងក្នុងការសម្របសម្រួលអនុវត្តគម្រោងស្តីពីការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ, លោកបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា ក្នុងនាមជាមន្ត្រីជំនាញត្រូវយល់ច្បាស់ពីភាពបន្ទាន់ ចំពោះករណីប្រជាពលរដ្ឋ ប្រើប្រាស់ទឹកដែលបង្ហូរចូលដោយសារធាតុពុល ច្បាស់នឹងបង្កជាជំងឺដល់ពួកគាត់ជាមិនខាន ដូច្នេះ អាយុជីវិតរបស់ប្រជាពលរដ្ឋ សួរថាអស់លោកជាមន្ត្រីអង្គុយធ្វើការបន្ទប់ធ្វើការអស់លោកមិនដឹងនោះទេ។ ប៉ុន្តែ ឪពុក ម្តាយ សាច់ញាតិ ទឹកភ្នែក ឈឺចាប់ប៉ុណ្ណោ ទាំងលុយកាក់ទាំងក្រុមគ្រួសារ?។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏ប្រាប់ឱ្យមន្ត្រីក្រសួងបរិស្ថាន ត្រូវដឹងខ្លួនថា ខ្លួនមានតួនាទីធ្វើការដើម្បីបម្រើ ការពារសុខភាពពលរដ្ឋកម្ពុជានៅទូទាំងប្រទេសកម្ពុជា មិនមែនធ្វើការដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនរហូតបណ្ដាលឱ្យប្រជាពលរដ្ឋរងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
លោកបណ្ឌិត អ៊ាង សុផល្លែត ក៏បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គិតមកទល់បច្ចុប្បន្នេះ ក្រសួងរកឃើញថា ក្រុមហ៊ុនមួយចំនួនបានបំពុលបរិស្ថាន ដោយក្នុងនោះក្រសួងបានណែនាំឱ្យរៀបចំអាងប្រព្រឹត្តិកម្ម សម្រាប់ក្រុមហ៊ុនដែលបំពុលតិចតួច និងពិន័យក្រុមហ៊ុន និងឈានដល់បិទទ្វារក្រុមហ៊ុនដែលបំពុលធ្ងន់ធ្ងររហូតដល់បណ្ដាលឱ្យជីវៈចម្រុះងាប់ និងប៉ះពាល់ខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ។
កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៥ថ្មីៗ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមានមិនឱ្យមន្ត្រីនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដែលយកតួនាទីការងារទៅយកលុយពីក្រុមហ៊ុននានាឡើយ។ លោកបណ្ឌិតក៏បានអះអាងថា ក្នុងឆ្នាំទី១ នៃនីតិកាលទី៧ នៃរដ្ឋសភា លោកព្រមានបណ្ដេញមន្ត្រីដែលប្រព្រឹត្តកំហុសចំនួន៥ដងចេញពីក្របខណ្ឌក្រសួង ប៉ុន្តែ ចូលដល់ឆ្នាំទី២ លោកនឹងបណ្ដេញចេញរាល់មន្ត្រីណា ដែលប្រព្រឹត្តកំហុសឆ្គងធ្ងន់ធ្ងរលើសពី៣ដង ចេញពីក្របខណ្ឌក្រសួងបរិស្ថាន។
កាលណោះលោកបណ្ឌិត អ៊ាង សុផល្លែត ក៏ក្រើនរម្លឹកមន្ត្រីនៃក្រសួងបរិស្ថានថា កុំដើម្បីតែលុយបន្តិចបន្តួចបានមកពីការសូកប៉ាន់របស់ក្រុមហ៊ុនខិលខូចមួយចំនួនដែលលួចបង្ហូរកាកសំណល់រាវចូលក្នុងប្រភពទឹកបំពុលទឹក បំពុលបរិស្ថាន សុខចិត្តធ្មេចភ្នែកមិនមើលពលរដ្ឋរងគ្រោះថ្នាក់ពីការបំពុលប្រភពទឹករហូតប៉ះពាល់ដល់អាយុជីវិត៕