(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកស្រី សុខា គងពិសី ប្រធានកិត្តិយសសាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ចុះជួបសំណេះសំណាល និងចែកអំណោយជាសម្ភារសិក្សា និងថវិកាដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាស្រែវាល និងសាលាបឋមសិក្សាភ្ញាក់រំលឹក ស្ថិតក្នុងឃុំធ្មា ស្រុកជ័យសែន។
លោកស្រី សុខា គងពិសី បានថ្លែងដោយក្ដីរំភើបរីករាយដែលបានមកជួប និងចែករំលែកនូវទឹកចិត្តសប្បុរសធម៌ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ។ លោកស្រីបានថ្លែងសង្កត់ធ្ងន់ថា ការអប់រំគឺជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ ដូច្នេះ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ នឹងបន្តខិតខំប្រឹងប្រែងក្នុងការគាំទ្រ និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ពិសេសក្នុងខេត្តព្រះវិហាររបស់យើង។
ដោយឡែកលោក គីម រិទ្ធី បានសម្ដែងនូវការកោតសរសើរចំពោះសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ដែលបានរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង ក្នុងគោលបំណងបង្ហាញនូវការស្រឡាញ់ដល់លោកគ្រូ អ្នកគ្រូ និងគ្មួយៗសិស្សានុសិស្ស ក្នុងឱកាសនៃការអបអរសាទរទិវាងន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥។
លោក គីម រិទ្ធី ក៏បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកស្រី សុខា គងពិសី និងសមាជិកសមាគមទាំងអស់ ដែលបានយកចិត្តទុកដាក់លើការងារអប់រំ និងសុខុមាលភាពរបស់សិស្សានុសិស្ស និងអាណាព្យាបាល។លោកបានបន្ថែមថា កម្មវិធីនេះមិនត្រឹមតែជាការផ្តល់អំណោយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះការអប់រំ និងការអភិវឌ្ឍន៍ធនធានមនុស្សផងដែរ។
ជាមួយគ្នានេះ លោកអភិបាលខេត្តព្រះវិហារ បានណែនាំដល់គណៈគ្រប់គ្រងសាលា និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំនូវស្ថានភាពហេដ្ឋារចនាសម្ព័ន្ធរបស់សាលា ហើយត្រូវកំណត់ឱ្យបានច្បាស់លាស់នូវចំណុចដែលត្រូវការជួសជុល ឬកែលម្អដូចជា ដំបូល បង្គន់អនាម័យ បន្ទប់រៀន និងបរិវេណសាលាទាំងមូល។ លោកបានបញ្ជាក់ថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន មិនត្រឹមតែធ្វើឱ្យបរិយាកាសសិក្សាកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងអនាគតរបស់សិស្សានុសិស្សផងដែរ៕