(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ ដោយមានគោលការណ៍អនុញ្ញាតពីក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារ និងសមត្ថកិច្ចពាក់ព័ន្ធជួបពិភាក្សាការងារជាមួយលោក ពិយ៉ះ ពិចះណាំ អភិបាលខេត្តបុរីរ៉ាំ ប្រទេសថៃ លើការដាក់ឱ្យដំណើរការជាបណ្ដោះអាសន្នទីស្នាក់ការផ្តល់សេវាបណ្ណព្រំដែនអេឡិចត្រូនិក រវាងខេត្តឧត្តរមានជ័យ របស់ព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តបុរីរ៉ាំ។
លោក មាន ចាន់យ៉ាដា បានថ្លែងថា កិច្ចសហប្រតិបត្តិការល្អរវាងខេត្តឧត្តរមានជ័យ និងខេត្តបូរីរ៉ាំ គឺសំដៅឱ្យបាននូវព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល វប្បធម៌ រួមទាំងវិស័យផ្សេងផ្សេងទៀត ព្រមទាំងជួយសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមតំបន់ព្រំដែន។
ក្នុងនាមរដ្ឋបាលខេត្ដឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា បានសង្ឃឹមជឿជាក់ថា តាមរយៈជំនួបដ៏មានសារៈសំខាន់នាឱកាសនេះនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ-សៃតាគូ ក្នុងការផ្ដើមដំណើរការចេញ-ចូល ដោយប្រើបណ្ណព្រំដែនរបស់ប្រជាពលរដ្ឋស្រុកបានគ្រួត នឹងឈានដល់ការប្រើប្រាស់ទូទាំងខេត្តបុរីរ៉ាំ នាពេលខាងមុខឆាប់ឆាប់នេះ៕