(ភ្នំពេញ)៖ លោកស្រី MIURA Yoshiko តំណាងជាន់ខ្ពស់ការិយាល័យនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបញ្ជាក់ថា JICA នៅតែប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការអភិវឌ្ឍសមត្ថភាពរបស់មន្ទីរពិសោធន៍ការត្រួតពិនិត្យគុណភាពទឹក លើផ្ទៃដី និងការគ្រប់គ្រងទឹកកខ្វក់ និងបង្កើនឥទ្ធិពលរយៈពេលវែង។

ការបញ្ជាក់ពីការប្តេជ្ញាចិត្តបែបនេះរបស់តំណាង JICA បានធ្វើឡើងនៅចំពោះមុខលោកបណ្ឌិត អ៊ាង សុផល្លែត ក្នុងពិធីបើកកិច្ចប្រជុំលើកទី២ គណៈកម្មការអន្តរក្រសួងក្នុងការសម្របសម្រួលអនុវត្តគម្រោងស្តីពីការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ។

លោកស្រី MIURA Yoshiko បានឱ្យដឹងថា គម្រោងពីការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹកគឺជាគំនិតផ្តួចផ្តើមរយៈពេល ៣ឆ្នាំ ដែលបានចាប់ផ្តើមឡើងនៅក្នុងខែកក្កដា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៦។ គម្រោងនេះមានគោលបំណងផ្តោតទៅលើការ បង្កើតប្រព័ន្ធតាមដាន និងគ្រប់គ្រងទឹកលើផ្ទៃដី និងទឹកកខ្វក់ដោយផ្អែកលើអនុក្រឹត្យស្តីពីការ គ្រប់គ្រងការបំពុលទឹក។

ជាមួយគ្នានេះដែរ លោកស្រីបានបញ្ជាក់ថា៖ «ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ យើងសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់មន្ទីរពិសោធន៍ ការត្រួតពិនិត្យគុណភាព ទឹកលើផ្ទៃដី និងការគ្រប់គ្រងទឹកកខ្វក់។ ព័ត៌មានលម្អិតអំពីសមិទ្ធផលកាលពីឆ្នាំមុននេះ នឹងមានបង្ហាញជូននៅក្នុងវគ្គបន្តបន្ទាប់។ JICA នៅតែប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ និងបង្កើនឥទ្ធិពលរយៈពេលវែងនៃគំនិតផ្តួចផ្តើមនេះ»

ជាមួយគ្នានេះដែរ លោកស្រី MIURA Yoshiko បានបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ ដរាបណាសកម្មភាពនៅតែបន្តដំណើរឆ្ពោះទៅមុខ នោះយើងនឹងតែជួបប្រទះនូវបញ្ហាប្រឈមសំខាន់ៗមួយចំនួន ដែលតម្រូវឱ្យយើងយកចិត្តទុកដាក់ និងដោះស្រាយប្រកបដោយការសហការគ្នា និងទាន់ពេលវេលា ក្នុងនោះរួមមានទាំងការធានាឱ្យមានការបញ្ចូល ទិន្នន័យប្រកបដោយប្រសិទ្ធភាព ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួង និងការធានានូវនិរន្តរ ភាពក្រោយពេលគម្រោងបានបញ្ចប់។

ដើម្បីរក្សាការអនុវត្តប្រកបដោយភាពរលូនឆ្ពោះទៅរកភាពជោគជ័យនៃគម្រោង តាងនាមឱ្យទីភ្នាក់ងារ JICA, លោកស្រី MIURA Yoshiko សូមបញ្ជាក់អំពីសារៈសំខាន់នៃភាពជាម្ចាស់របស់ក្រសួងបរិស្ថាន រួមជាមួយនឹងសកម្មភាព និងការប្តេជ្ញាចិត្តរួមគ្នារបស់ភាពីពាក់ព័ន្ធទាំងអស់ពីខាងក្រសួងស្ថាប័នពាក់ព័ន្ធ។ លើសពីនេះក្រសួងបរិស្ថាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំដំណើរការនៃគម្រោងនេះដោយធានាថា គម្រោងនេះមានភាពស្របគ្នាទៅនឹងបរិបទបរិស្ថានរបស់ប្រទេសកម្ពុជា។

បើតាមលោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យមន្ត្រីជំនាញប្រឹងប្រែងសហការជាមួយមន្ត្រីជំនាញរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីបង្កបរិយាកាសងាយស្រួលបំពេញការងារ ជាពិសេសត្រូវខិតខំក្រេបយកចំណេះដឹង និងបទពិសោធន៍ ដើម្បីពង្រីកទៅកាន់ទីតាំងផ្សេងៗទៀត ក្នុងបុព្វហេតុបរិស្ថានរបស់កម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងសុំបន្តជួយដល់កម្ពុជា លើផ្នែកបរិស្ថាន ពិសេសកិច្ចការងារត្រួតពិនិត្យគុណភាព ទឹកលើផ្ទៃដី និងការគ្រប់គ្រងទឹកកខ្វក់ ជាដើម៕