(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានណែនាំដល់កងកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមលក្ខណៈគ្រប់កាលៈទេសៈបំពេញរាល់ប្រតិបត្តិការ ជាពិសេសគឺការចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាឱ្យមានប្រសិទ្ធិភាព ដូចជាបទល្មើសធនធានធម្មជាតិ បទល្មើសនេសាទខុសច្បាប់ បទល្មើសព្រៃឈើ ការកាប់ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិខុសច្បាប់ គ្រឿងញៀន ក្មេងទំនើង ល្បែងសុីសងខុសច្បាប។ល។

ការណែនាំបែបនេះរបស់លោកអភិបាលខេត្តព្រះវិហារ បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួមបើកវគ្គហ្វឹកហ្វឺន សណ្ដាប់ធ្នាប់ជួរកងទ័ព ឆមាសទី១ ឆ្នាំ២០២៥ ដល់យោធិន នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ដែលរៀបចំឡើងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ស្ថិតក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានថ្លែងថា វគ្គហ្វឹកហ្វឺននាឱកាសនេះគឺដើម្បីបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាព គុណភាព ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ក្នុងការអនុវត្តភារកិច្ចជំនាញកងរាជអាវុធហត្ថ ឱ្យទទួលបានលទ្ធផលល្អប្រសើរ ផ្តល់ចំណេះធ្វើ ឯកទេស សណ្តាប់ធ្នាប់ជួរទ័ព ផែនឈរ ផែនដើរ ព្យុះហយាត្រា ឱ្យមានការឯកភាពគ្នាសម្រាប់ចូលរួមអបអរសាទរពិធីប្រារព្ធខួបលើទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ ធ្វើឱ្យនាយទាហាន នាយទាហានរង មានស្មារតីទទួលខុសត្រូវ មានវិន័យ សីលធម៌ និងគុណធម៌ មានមនសិកាការងារ និងអត្តចរិតស្លូតត្រង់។

លោកមេបញ្ជាការបានឱ្យដឹងថា វគ្គហ្វឹកហ្វឺននេះមានរយៈពេលចំនួន៧៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៣ ខែមីនា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដែលមានសិក្ខាកាមសរុប  ចំនួន៨១នាក់ ក្នុងនោះកងរាជអាវុធហត្ថខេត្តព្រះវិហារ ចំនួន៤១នាក់ និងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងចំនួន ៤០នាក់ គ្រូក្នុងអង្គភាពចំនួន ០២រូប និងអនុគណៈកម្មការដឹកនាំវគ្គហ្វឹកហ្វឺន មានចំនួន០៩រូប។

ថ្លែងក្នុងឱកានេះ លោក គីម រិទ្ធី បានជំរុញដល់កងកម្លាំងអស់ ជាពិសេសគឺយោធិនដែលជាសិក្ខាកាមមកពីខេត្តស្ទឹងត្រែង និងក្នុងខេត្តព្រះវិហារ ដែលចូលរួមវគ្គហ្វឹកហ្វឺននេះ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ទាំងការស្នាក់នៅ ការហូបចុក និងបន្តខិតខំប្រឹងប្រែងរៀនសូត្រ នូវមុខវិជ្ជាបន្ថែមទៀត សូមបន្តរក្សាទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋស្រឡាញ់រាប់អាន ទុកចិត្ត និងគោរព ចាត់ទុកយើងជាកូន ជាចៅ ជាអ្នកបម្រើឪពុក ម្តាយរបស់យើង នោះគឺប្រជាជនយើង ត្រូវការពារប្រទេសយើង ការពារច្បាប់ ការពាររាជរដ្ឋាភិបាល ការពាររដ្ឋធម្មនុញ្ញ ត្រូវជឿជាក់លើរាជរដ្ឋាភិបាល និងបន្តលើកកម្ពស់ស្មារតីស្រឡាញ់ជាតិ។

លោកអភិបាលខេត្តក៏បានណែនាំឱ្យបន្តពង្រឹងសមត្ថភាព ដើម្បីធានាថា កងកម្លាំងរបស់យើងមានសមត្ថភាពពេញលេញ មានឆន្ទៈមោះមុត មនសិការ និងវិន័យល្អ ការពារបានរឹងមាំនូវឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់សង្គមនៅគ្រប់កាលៈទេសៈ៕