(ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យអប់រំបារម្ភថា ការប្រើប្រាស់ AI របស់គ្រូ និងសិស្សក្នុងការបង្រៀន និងរៀនក៏ដូចជាសិក្សាស្រាវជ្រាវ នឹងអាចប៉ះពាល់ដល់គុណភាពសិក្សា និងការគិតស៊ីជម្រៅរបស់សិស្សនិស្សិត ខណៈបច្ចុប្បន្ននេះសិស្សមួយចំនួន ចាប់តាំងពីកម្រិតបឋមសិក្សា រហូតមហាវិទ្យាល័យ បានប្រើប្រាស់ AI តាមរយៈកម្មវិធី Chat GPT និង DeepSeek ក្នុងការធ្វើកិច្ចការសាលា ឬកិច្ចស្រាវជ្រាវជាដើម។
លើកឡើងក្នុងកិច្ចពិភាក្សាស្តីពី «ការត្រៀមខ្លួនរបស់កម្ពុជា សម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត» ដែលរៀបចំឡើងដោយ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ លោក ម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា បានឱ្យដឹងថា យោងតាមសិក្សាស្រាវជ្រាវ របស់ក្រុមសាកលវិទ្យាធិការកម្ពុជា គ្រូ និងនិស្សិត នៅកម្ពុជា ចន្លោះពី៦០%ទៅ៧០% បានប្រើប្រាស់ AI ក្នុងការបង្រៀន និងរៀន។
បច្ចុប្បន្ននេះ សិស្សដែលប្រើប្រាស់កម្មវិធី Chat GPT និង DeepSeek ក្នុងការធ្វើកិច្ចការសាលា ឬកិច្ចស្រាវជ្រាវជាដើម អ្នកខ្លះបានចម្លងយកអត្ថន័យស្ទើតែទាំងស្រុង ដោយមិនមានស្រាវជ្រាវបន្ថែមនោះទេ ដែលការចម្លងយកទាំងស្រុងនេះ នឹងជះឥទ្ធិពលដល់ការគិតជម្រៅរបស់សិស្សនាពេលខាងមុខផងដែរ។
លោក ម៉ក់ ងយ មានប្រសាសន៍ថា បច្ចេកវិទ្យាធ្វើឱ្យយើងងាយស្រួល ប៉ុន្តែបច្ចេកវិទ្យាក៏នាំឱ្យមានផលពិបាកផងដែរ។ ហេតុដូច្នេះហើយសមត្ថភាពរបស់គ្រូ គឺពិតជាសំខាន់ណាស់ និងត្រូវមានការអប់រំសិស្សនិស្សិតកម្ពុជា ឱ្យមានក្រមសីលធម៌។
លោកបានលើកឡើងបន្ថែមថា «យើងមិនអនុញ្ញាតឱ្យការប្រើប្រាស់បច្ចេកវិទ្យានេះ ក្នុងភាពអនាធិបតេយ្យនោះទេ ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងការសិក្សា និងការស្រាវជ្រាវក៏ដូចគ្នា ។ បើយើងមិនគ្រប់គ្រងឱ្យបានដិតដល់ ឱ្យបានម៉ត់ចត់នោះទេ អនាធិបតេយ្យវានឹងកើតឡើង»។
តែយ៉ាងមិញ មន្រ្តីជាន់ខ្ពស់នៃក្រសួងអប់រំរូបនេះបានឱ្យដឹងថា រហូតមកទល់ពេលនេះ មិនទាន់មានចេញគោលការណ៍ណែនាំណាច្បាស់លាស់ ជុំវិញការប្រើប្រាស់ AI ជំនួយដល់ការសិក្សារបស់សិស្ស និងប្រើក្នុងរូបភាពបែបណានោះទេ។ ក្រុមសាកលវិទ្យាធិការកម្ពុជា ក៏កំពុងពិភាក្សាគ្នា ក្នុងការដាក់ចេញនូវគោលការណ៍ ណែនាំក្នុងការប្រើប្រាស់ AI ឱ្យបានម៉ត់ចត់ដល់សិស្សផងដែរ។
លោកបណ្ឌិត ស្រ៊ុន សុវិឡា នាយកមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា បានលើកឡើងថា ដើម្បីកុំឱ្យប៉ះពាល់គុណភាពសិក្សា បើទោះបីជាសិស្សប្រើប្រាស់ AI ជំនួយដល់សិក្សា និងស្រាវជ្រាវក៏ដោយ ប៉ុន្តែត្រូវយល់ឱ្យច្បាស់ និងយល់ឱ្យស៊ីជម្រៅ ពីអត្ថន័យដែលបានដកស្រង់ចេញពី AI និងអាចពន្យល់ទៅកាន់គ្រូ ឬអ្នកដទៃបាន។ ហើយជាមួយគ្នា ត្រូវសិក្សាស្រាវជ្រាវបន្ថែម ជៀសវាងការយកទិន្នន័យឬខ្លឹមសារពី AI យកមកប្រើប្រាស់ទាំងស្រុង៕