(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដឹកនាំបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ថ្លែងក្នុងឱកាសនោះ លោកសន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា បញ្ហាគ្រឿងញៀន បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ មិនតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយទៅជា សត្រូវដ៏កាចសាហាវមួយរបស់បណ្តាប្រទេសទាំងអស់នៅលើសកលលោក ដែលស្របជាមួយ បញ្ហាអសន្តិសុខសកល ដែលកំពុងកើតឡើងផងនោះ ក្រុមឧក្រិដ្ឋជនទុច្ចរិត បានឆ្លៀតឱកាសបង្កើនសកម្មភាព និងឧបាយកលរបស់ខ្លួន ក្នុងការផលិត ចែកចាយ ជួញដូរ និង ចរាចរ ជាពិសេសនៅតំបន់ ត្រីកោណមាស និងអឌ្ឍច័ន្ទមាស។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាដ៏ស្មុគស្មាញនេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែឈរលើគោលការណ៍ដ៏រឹងមាំមុតស្រួចមួយ ក្នុងការតម្កល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទិសដៅអាទិភាពចម្បងបំផុត និងដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធីសាស្ត្រ គ្រប់បែបយ៉ាង ដើម្បីឆ្លើយតបទាន់ពេលនូវរាល់បញ្ហា និងការពារថែរក្សាសង្គមកម្ពុជាជាសង្គម ស្អាតស្អំ ដែលគ្រឿងញៀនលែងជាឧបសគ្គដល់កិច្ចអភិវឌ្ឍជាតិ។

ជាក់ស្តែង, យុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល វិធានការគន្លឹះទាំង៥ និងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាពិសេសការសម្រេចបន្តដាក់ចេញ «ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ដែលនឹងត្រូវប្រកាស ផ្សព្វផ្សាយនារសៀលនេះ សុទ្ធតែជាសក្ខីភាពដ៏ប្រត្យក្សមួយអំពី គោលនយោបាយមុតស្រួច ប្រឆាំងនឹងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល។

បន្ថែមពីលើនេះទៀត ជាមួយចក្ខុវិស័យវែងឆ្ងាយ និងការដោះស្រាយមុតស្រួចចំបញ្ហា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ នូវយុទ្ធសាស្ត្រដ៏មានស័ក្តិសិទ្ធិភាពមួយ គឺ «គោលការណ៍សម្អាតចកចេញពីផ្ទៃបឹង» ក្នុងការចាត់ វិធានការម៉ឺងម៉ាត់ចំពោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងឡាយណា ដែលមានការជាប់ ពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន គឺត្រូវបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានលើកលែង ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ ភាពស្អាតស្អំ និងភាពគំរូនៃការអនុវត្តច្បាប់។

បើយោងតាមការបញ្ជាក់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា កម្ពុជានៅតែបន្តរងការគំរាមកំហែងពីនិន្នាការ នៃគ្រឿងញៀនសកល ជាពិសេស ពីតំបន់ត្រីកោណមាស។ លទ្ធផលនៃកិច្ចប្រតិបត្តិការបង្រ្កាបបង្ហាញថា បទល្មើសគ្រឿងញៀនពុំមានការថមថយនោះទេ បើធៀបនឹងឆ្នាំ២០២៣។

ជាក់ស្តែងនៅឆ្នាំ២០២៤ ចំនួនករណីគ្រឿងញៀនដែល បង្ក្រាបបានកើន៣១,៨៤% និងគ្រឿងញៀនចាប់យក កើន៣៩៩% ក្នុងនោះសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ១០.៦៣០ករណី កើនឡើង ២.៥៦៧ករណី ស្មើរ ៣១,៨៤% បើប្រៀបធៀបនឹងឆ្នាំ២០២៣។ ឃាត់ខ្លួនជន សង្ស័យចំនួន២៧.០៧១នាក់ កើន ៣៥,៥៣% , គ្រឿងញៀនចាប់យក ១៤តោន ៩០៩គីឡូក្រាម កើនឡើង ១១ តោន ៩២០ គ.ក្រ ស្មើរ ៣៩៨,៨២% (កើន៤ដង បើធៀបឆ្នាំ២០២៣)។ ដោយឡែកសារធាតុគីមីផ្សំរឹបអូសបានចំនួន ៣៥៤ គីឡូក្រាម ថយចុះ ១តោន ១១៥ គ.ក្រ ថយចុះ ៧៦%បើធៀបនឹងឆ្នាំ២០២៣។

សូមជម្រាបថា ក្នុងចំណោមគ្រឿងញៀនដែលបានចាប់យកខាងលើនេះ ជាប្រភេទមេតំហ្វេតាមីន កេតាមីន ហេរ៉ូអ៊ីន និងអ៊ិចស្តាស៊ី មានប្រភពពីតំបន់ត្រីកោណមាស កូកាអ៊ីន មានប្រភពពីអាម៉េរិកខាងត្បូងនិងអាម៉េរិកកណ្តាល ហើយកេតាមីន និងអ៊ិចស្តាស៊ីមួយចំនួនមានប្រភពពីតំបន់អឺរ៉ុប៕