(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ និងក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ បានសហការគ្នា ដើម្បីរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងទេសចរណ៍» នៅទីស្ដីការក្រសួងទេសចរណ៍។

សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. ព្រមទាំងវត្តមានចូលរួមដោយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង២ និងមន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥។

នេះជាសិក្ខាសាលាទី១៩ ក្រសួងមុខងារសាធារណៈ នឹងបន្តចុះជួបតាមបណ្តាក្រសួង ស្ថាប័ននានា ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពី ការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល តាមបណ្តាក្រសួង ស្ថាប័ននានា បានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាកាន់តែល្អប្រសើរ។

ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍យ៉ាងដូច្នេះថា «ដោយអនុវត្តតាមសេចក្តីណែនាំ និងសារាចរ របស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍បានសហការជាមួយអគ្គលេខាធិការដ្ឋាននៃ គ.វ.រ. ដើម្បីគាំទ្រដំណើរការ នៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធវិស័យសេដ្ឋកិច្ច ដោយធ្វើការពិនិត្យឡើងវិញ វិភាគមុខងារនិងរចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការ របស់ក្រសួងទេសចរណ៍»។

បើតាមការឲ្យដឹងរបស់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, ជាលទ្ធផលក្រសួងបានកំណត់មុខងារគោលចំនួន៣ រួមមាន៖ ទី១) គ្រប់គ្រងវិស័យទេសចរណ៍ ទី២) ដឹកនាំ និងសម្របសម្រួលការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងទី៣) សេវាគាំទ្រដំណើរការទូទៅវិស័យទេសចរណ៍។ ព្រមទាំងកំណត់មុខងារគាំទ្រ ចំនួន១៨ និងមុខងារជំនាញ ចំនួន៣២។

ទន្ទឹមនេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បញ្ជាក់ថា បន្ទាប់ពីបានពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ក្រសួងនឹងធ្វើការកែសម្រួលរចនាសម្ព័ន្ធឡើងវិញ ដោយឈរលើអភិក្រម នៃការងារកែទម្រង់រដ្ឋបាលសាធារណៈ គឺពង្រឹងជាជាងពង្រីក។ ផ្អែកតាមលទ្ធផលនៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការក្រសួងទេសចរណ៍ បានបង្ហាញថា តួនាទី និងភារកិច្ចរបស់គណៈកម្មការមួយចំនួន ដែលគាំទ្រដល់ការជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ មានភាពស្ទួនគ្នាជាមួយនឹងតួនាទីភារកិច្ចរបស់ក្រសួងទេសចរណ៍ ព្រមទាំងតួនាទី ភារកិច្ចមួយចំនួននៅក្រសួងដទៃ មានភាពស្ទួនគ្នា ក៏ដូចជាតួនាទី ភារកិច្ចរបស់ការិយាល័យផងដែរ។

ផ្អែកតាមរបបគំហើញដែលបានរកឃើញ ក្រសួងគ្រោងនឹងកែសម្រួលរចនាសម្ព័ន្ធនាពេលបច្ចុប្បន្ន ឲ្យសមស្របទៅនឹងមុខងារថ្មីរបស់ក្រសួងទេសចរណ៍ និងកែសម្រួលតួនាទី ភារកិច្ចរបស់គណៈកម្មការនានា ដែលគាំទ្រដល់ការជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងមន្ត្រីរាជការ តាមអង្គភាពនីមួយៗ លើមុខងារមួយចំនួន ដើម្បីប្រសិទ្ធភាពការងារ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក ហួត ហាក់។

ក្នុងសិក្ខាសាលានេះ ក៏មានបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបរួមមាន៖ ទី១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង ទី២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ។

សូមជម្រាបថា ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ មិនមែនជារឿងថ្មីនោះទេ តែជាការបន្តអនុវត្តការងារ ក្នុងបរិបទការងារថ្មី ដែលក្រសួង ស្ថាប័ន នីមួយៗ គឺជាម្ចាស់នៃការងារនេះ សំដៅដល់ការសម្រេចគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.)មានភារកិច្ចជាអ្នកជួយសម្របសម្រួល តាមដានការអនុវត្ត និងផ្តល់ការគាំទ្រទាំងក្របខណ្ឌបច្ចេកទេស ឬការបំពេញបន្ថែមនានាតាមការចាំបាច់ស្របតាមតម្រូវការរបស់ក្រសួង ស្ថាប័ននីមួយៗ ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ៕