(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានបង្ហាញការសោកស្តាយ និងលើកឡើងថាវាជារឿងដែលគួរឱ្យខ្មាស់គេ ដោយសារតែមនុស្សចាស់ ជាអ្នកបោះចោលសំរាមផ្តេសផ្តាស នៅតាមទីសាធារណៈ ក៏ប៉ុន្តែបែរជាទុកឱ្យកូនក្មេងៗ ជាអ្នករើសសំរាម និងថង់ប្លាស្ទិកទៅវិញ។ ចំណុចនេះ គឺជារឿងដ៏អាម៉ាស់មួយ សម្រាប់យើងជាមនុស្សចាស់។

ថ្លែងពីលើវេទិកា នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំលើកទី២ គណៈកម្មការអន្តរក្រសួងក្នុងការសម្របសម្រួលរួម សម្រាប់អនុវត្តគម្រោងស្ដីពី ការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក, លោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា នៅតាមទីសាធារណៈនៅក្នុង១ថ្ងៃ ប្រជាជន សិស្សានុសិស្សមិនតិច២ម៉ឺននាក់ទេ ដែលចេញរើសសំរាម ថង់ប្លាស្ទិក ពីផ្លូវជាតិ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាយើង ជាផ្ទះរបស់យើងទាំងអស់គ្នា មានភាពស្អាត អស់សំរាម អស់ថង់ប្លាស្ទិកហោះនៅតាមទីសាធារណៈ។

ទៅជាយ៉ាងណា លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សុំទោសចំពោះសិស្សានុសិស្សចំពោះបញ្ហានេះ ព្រមទាំងបានអរគុណដែលជួយរើសសម្អាត ដើម្បីភាពស្រស់បំព្រងតាមទីសាធារណៈ និងជឿជាក់ថាអ្នកទាំងនេះនឹងចេះគ្រប់គ្រងសំរាមនៅថ្ងៃអនាគត ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជា ស្អាត គ្មានការបំពុលដោយសំរាម និងថង់ប្លាស្ទិកនៅតាមទីប្រជុំ និងទីសាធារណៈនានាជាដើម។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងយ៉ាងដូច្នេះថា៖ «កន្លែងនេះ ខ្ញុំសូមទោស ខ្ញុំខ្មាស់គេយើងទាំងអស់គ្នា ឱ្យបរិស្ថានរបស់យើង ប្រទេសរបស់យើងពោលពេញដោយសំរាម ធ្វើឱ្យសិស្សានុសិស្សគាត់ចេញមកសំអាត ខ្មាស់គាត់ ត្រូវតែសុំទោសគាត់ បើយើងមិនពង្រាយសំរាមណុងទេ ក្មួយមិនពិបាកនោះទេ»

លោកបណ្ឌិត អ៊ាង សុផល្លែត ក៏ឱ្យដឹងថា ក្រសួងបរិស្ថាន គ្រោងនឹងយកធុងសំរាមទៅដាក់នៅតាមសាលារៀនបន្ថែម ដើម្បីឱ្យកុមារប្រមូលសំរាមដាក់ នឹងយកសំរាមប្លាស្ទិកទៅដាក់ក្នុងធុង គ្រប់គ្រងឱ្យបានល្អ ងាយស្រួលកែច្នៃឡើងវិញ ឬដុតចោលនៅក្នុងឡតាមដែលស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។

ក្រសួងបរិស្ថាន ដាក់ចេញយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» លើដងផ្លូវជាតិសំខាន់ៗ តាមរយៈនេះលោកណ្ឌិត​ អ៊ាង សុផល្លែត​ បានអះអាងថានៅលើដងផ្លូវជាតិលេខ៥ ចាប់ពីភ្នំពេញទៅដល់ចុងព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដែលអតីតកាលធ្លាប់តែសំរាមហើរពេញផ្លូវ តែបច្ចុប្បន្ននេះប្រែជាគ្មានសំរាមឡើយ។ ចំណែកលើផ្លូវដដែលពីកំណាត់ផ្លូវក្នុងខេត្តពោធិ៍សាត់ ដល់ខេត្តបាត់ដំបង នៅមានសំរាមលើផ្លូវតិចតួច ដែលត្រង់ចំណុចនេះលោក អ៊ាង សុផល្លែត ស្នើឱ្យប្រធានមន្ទីរបរិស្ថានខេត្ត ចេះមើលខេត្តផ្សេង ហើយចូលរួមសម្អាតផ្លូវជាតិ។ រីឯកំណាត់ផ្លូវជាតិលេខ៥ចាប់ពីខេត្តបាត់ដំបងទៅខេត្តបន្ទាយមានជ័យ គឺស្អាត ហើយពីផ្លូវជាតិលេខ៥ ទៅខេត្តបន្ទាយមានជ័យគឺកាន់តែស្អាត។

នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការចំនួន៣ជាបន្តបន្ទាប់ ដើម្បីសម្អាត និងកាត់បន្ថយសំរាមក្នុងប្រទេស ក្នុងនោះរួមមាន៖ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ» ទី២យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងទី៣ យុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ដោយយុទ្ធនាការទាំង៣នេះ មានពលរដ្ឋចូលរួមជាង១៤លាននាក់ នៅទូទាំងប្រទេសកម្ពុជា។

តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ» រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឱ្យដឹងថា មានសិស្សានុសិស្ស​ចំនួន៣លាន៦សែននាក់ ចូលរួមប្ដេជ្ញាថាមិនប្រើថង់ប្លាស្ទិក ហើយលោកជឿជាក់ថា កុមារទាំងនេះ នៅថ្ងៃអនាគត​ពេលដែលពួកគេមានស្វាមី មានភរិយា មានកូនៗ ពួកគេនឹងអប់រំគ្នាឱ្យទុកដាក់ ឈប់ប្រើប្រាស់ប្លាស្ទិក។

ជាជំហានបន្ត ដើម្បីភាពស្អាតនៅលើដី​ លោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា ក្រសួងបរិស្ថាន បាននឹងកំពុងសិក្សាទីតាំងទុកដាក់សំរាមនៅទូទាំងប្រទេស ដោយត្រូវសាងសង់បន្ថែម និងកែសម្រួលបច្ចេកទេសចំពោះទីតាំងឡដុតសំរាមដែលមានស្រាប់​ ដែលក្រោយសិក្សារួចរាល់ក្រសួងនឹងដាក់ជូនរដ្ឋាភិបាលពិនិត្យសម្រេច ឬស្វែងរកការជួយគាំទ្រពីដៃគូខាងក្រៅ ដើម្បីភាពស្អាតរយៈពេលវែង៕