(តាកែវ)៖ ស្ត្រីមេម៉ាយ ស្ត្រីទីទាល់ក្រ និងសិស្សក្រីក្រដែលបានបោះបង់ការសិក្សាចំនួន៥៥នាក់ បានទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញតម្បាញសំពត់សឹងពីមន្ទីរកិច្ចការនារី ខេត្តតាកែវ។

វគ្គបណ្តុះបណ្តាលនេះ បានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្ដែត ក្រោមវត្តមានចូលរួមបើកដោយលោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវ រួមជាមួយអាជ្ញាធរស្រុកកោះអណ្តែត និងអាជ្ញាធរមូលដ្ឋានផងដែរ។

លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្ត បានថ្លែងឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះជាគម្រោងរបស់ក្រសួងកិច្ចការនារី ដែលបានគិតគូរនិងយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺបងប្អូនជាស្ត្រី និងក្មេងស្រីក្រីក្រ ដែលជាចំណែកមួយដ៏សំខាន់ ក្នុងការចូលរួមអភិរក្សជំនាញ និងមុខរបរដែលដូនតាបានបន្សល់ទុកជាយូរលង់ណាស់មកហើយ។

លោកស្រីប្រធានមន្ទីរកិច្ចការនារី បានថ្លែងបន្ថែមថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងកិច្ចការនារី ស្របទៅតាមផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ និងផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី០១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃសម្តេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងដើម្បីចូលរួមលើកកម្ពស់សមភាព (យេនឌ័រ) និងបង្កើនភាពអង់អាចដល់ស្ត្រីៗផងដែរ ដូចនេះហើយបានជាមន្ទីរកិច្ចការនារីខេត្តតាកែវ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលនេះឡើង គោលដៅសំខាន់គឺជួយដល់ ស្ត្រីមេម៉ាយ ស្ត្រីទីទាល់ក្រ និងសិស្សក្រីក្រដែលបានបោះបង់ការសិក្សា ឱ្យមានជំនាញផ្ទាល់ខ្លួនច្បាស់លាស់ សម្រាប់យកទៅប្រកបរបរចិញ្ចីមជីវិត៕