(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា ប្រកាសជ្រើសរើសអ្នកស្រាវជ្រាវសម្រាប់ការសិក្សាស្រាវជ្រាវធ្វើបទបង្ហាញក្នុងកម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ ដោយមានការចូលរួមជាវាគ្មិនពីសំណាក់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិផងដែរ។

បើតាមរាជបណ្ឌិត្យសភាកម្ពុជា កម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៣ ត្រូវបានធ្វើឡើង២វគ្គ ដោយវគ្គទី១ ប្រធានបទគោល «សុខដុមនីយកម្មសង្គម សេដ្ឋកិច្ច និងវប្បធម៌នៅកម្ពុជា ឡាវ និង វៀតណាម» ដែលមានប្រធានបទរងចំនួន៣។ ចំណែកវគ្គទី២ ប្រធានបទគោល៖ «ការផ្លាស់ប្ដូរបតងនៅកម្ពុជា ឡាវ និងវៀតណាម ផ្អកលើមេរៀន ដែលបានរៀនពីបទពិសោធន៍ និងទស្សនៈរបស់ប្រទេសកូរ៉េ» មានប្រធានបទរងចំនួន៣ ផ្សេងទៀត។

សម្រាប់ប្រធានបទស្រាវជ្រាវ អ្នកស្រាវជ្រាវរងនីមួយៗ អាចជ្រើសរើសប្រធានបទណាមួយក្នុងចំណោមប្រធានបទផ្ដល់ជូនទៅតាមជំនាញរបស់ខ្លួន ឬ អាចបង្កើតនូវប្រធានបទស្រាវជ្រាវថ្មីដែលពាក់ព័ន្ធនឹងប្រធានបទរងនីមួយៗដែលបានលើកឡើង។ ចំពោះប្រធានបទស្រាវជ្រាវខាងលើនឹងផ្តល់នូវប្រាក់ឧបត្ថម្ភចំនួន ៤លានរៀលក្នុងមួយប្រធានបទ។

ដូច្នេះប្រសិនអ្នកស្រាវជ្រាវជាតិទាំងឡាយ ដែលមានចំណាប់អារម្មណ៍នឹងការស្រាវជ្រាវប្រធានបទខាងលើ សូមបំពេញ «ទម្រង់សំណើស្រាវជ្រាវសង្ខេប (Research Proposal Concept Note)» ហើយបញ្ជូនមកកាន់ក្រុមការងារសម្របសម្រួលរបស់ រាជបណ្ឌិត្យសភាកម្ពុជា តាមរយៈព័ត៌មានទំនាក់ទំនងខាងក្រោម ឱ្យបានមុនថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៧៖០០នាទី។ ព័ត៌មានលម្អិត សូមមើលសេចក្តីជូនដំណឹងខាងក្រោមនេះ៕