(ព្រះសីហនុ)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ, លោក ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានចាត់ឱ្យលោក សាមុត សុធារិទ្ធ អនុប្រធានគណៈកម្មាធិការ និងលោក គាំ សុខុម នាយកសាខា ព្រមទាំងមន្ត្រី និងអ្នកស្ម័គ្រចិត្ត នាំយកអំណោយចែកជូនដល់គ្រួសាររងគ្រោះ១គ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យផ្ទះអស់ទាំងស្រុងស្ថិតនៅ ភូមិជំពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់។
នាឱកាសនោះលោក សាមុត សុធារិទ្ធ បានផ្ដាំផ្ញើសួរសុខទុក្ខ អាណិតអាសូរក្រៃលែង ចូលរួមសោកស្ដាយចំពោះគ្រួសាររងគ្រោះពីសំណាក់ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់គ្រួសារគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
លោកបានក្រើនរម្លឹកគ្រួសាររងគ្រោះឱ្យប្រុងប្រយ័ត្នអំពីគ្រោះមហន្តរាយនានាពិសេស គ្រោះអគ្គិភ័យ ស្របពេលអាកាសធាតុកំពុងក្តៅហួតហែង ដែលអាចកើតមានគ្រប់ពេលប្រសិនបើមានការធ្វេសប្រហែសណាមួយ។ ហេតុនេះមុននឹងចេញពីផ្ទះត្រូវពន្លត់ភ្លើងចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេសការតបណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញមករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋាន បច្ចេកទេសឱ្យបានត្រឹមត្រូវ។
សម្ភារដែលទទួលបានពីសាខាកាកបាទក្រហមនាពេលនេះ រួមមាន៖ អង្ករ ៥០គីឡូក្រាម ត្រីខ២យួរ មី២កេស ទឹកស៊ីអ៉ីវ ២យួរ តង់១ កន្ទេល១ សម្ភារៈផ្ទះបាយ១ឈុត ឃីត១ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ១លានរៀល៕