(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំស្តីពីកិច្ចការពារសណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។ កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅនៅសាលប្រជុំអគារ (A) សា

លាខេត្ត នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ និងអភិបាលក្រុងស្រុកទាំង៩ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោក ញ៉ែម សំអឿន បានថ្លែងថា កិច្ចប្រជុំនាពេលនេះគឺផ្ដោតសំខាន់លើការងារការពារសន្តិសុខទាំងយប់ទាំងថ្ងៃ ពោលគឺការពារ ២៤ម៉ោងលើ២៤ម៉ោង ចុះរៀបចំធ្វើសណ្ដាប់ធ្នាប់ ជាប្រចាំដើម្បីឱ្យមានរបៀបរៀបរយល្អប្រសើរ ខណៈពេលចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហការជាមួយសមត្ថកិច្ច ត្រូវរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ឱ្យបានល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ។

អភិបាលខេត្តបន្តថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ដែលនឹងឈានចូលមកដល់នាពេលខាងមុខរដ្ឋបាលខេត្តរតនគិរី នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តរតនគិរី ឆ្នាំ២០២៥» ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ នៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

លោក សូមឱ្យថ្នាក់ដឹនាំក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ ត្រូវត្រៀមរៀបចំធ្វើរោងកញ្ចុះតាមអង្គភាពរបស់ខ្លួន ដើម្បីមកដាក់តាំងនៅបវិវេណអង្គភាពរៀងៗខ្លួន។ គ្រប់បណ្ដាអង្គភាពទាំងអស់ ចូលរួមសហការគ្នា ជាមួយគណៈកម្មការអនាម័យ ដើម្បីរួមចំណែករក្សា ការពារនូវសន្តិសុខ សុវត្ថិភាព និងកែលម្អសោភណភាពក្នុងមណ្ឌលកម្សាន្តនានា និងការបង្ការទប់ស្កាត់គ្រោះអគ្គិភ័យផងដែរ ខណៈពេលនេះមានការឡើងកំដៅ ហើយគណៈកម្មការគ្រប់គ្រងពិធីបុណ្យ ស្នើឱ្យបងប្អូនអាជីវករទាំងអស់គោរព និងអនុវត្តន៍តាមតាមការណែនាំ រួមមាន៖

*ត្រូវចូលរួមសហការឱ្យបានល្អ ក្នុងការថែរក្សាអនាម័យ និងសម្អាតបរិស្ថាន
*ចូលរួមទប់ស្កាត់ឱ្យទាន់ពេលវេលា ជាមួយកម្លាំងសន្តិសុខ នូវរាល់សកម្មភាពរបស់ជនខិលខូច ដែលឆ្លៀតឱកាសប៉ុនប៉ងមកធ្វើសកម្មភាពមិនល្អនៅក្នុងទីកម្សាន្ត ធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍ «សង្រ្កាន្តរតនគិរី២០២៥» ទាក់ទាញភ្ញៀវទេសចរឲ្យបានច្រើន និងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ នឹងត្រូវរក្សាសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានកាន់តែល្អប្រសើរ៕