(ឥណ្ឌូនេស៊ី)៖ នៅព្រឹកទី១២ ខែមីនា ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោក Oybek Eshonov ឯកអគ្គរដ្ឋទូតតែងតាំង នៃសាធារណរដ្ឋអ៊ូសបេគីស្ថានប្រចាំអាស៊ាន បានជូនសារតាំងដល់ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

អគ្គលេខាធិការអាស៊ាន បានអបអរសាទរលោក Oybek Eshonov សម្រាប់តំណែងថ្មី និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តមទូត និងស្ថានទូតអ៊ូសបេគីស្ថាន នៅទីក្រុងហ្សាការតា ដើម្បីពង្រឹងទំនាក់ទំនងរវាងអាស៊ាន ជាមួយអ៊ូសបេគីស្ថាន។

លោកអគ្គលេខាធិការអាស៊ាន ក៏បានលើកទឹកចិត្តឱ្យប្រទេសអ៊ូសបេគីស្ថាន បន្តរិះរកកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាមួយអាស៊ាន ក្នុងវិស័យដែលមានប្រយោជន៍ទៅវិញទៅមក រួមទាំង ពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់។

បន្ថែមលើនេះ លោកបានលើកទឹកចិត្តឱ្យអ៊ូសបេគីស្ថាន ជំរុញការចូលរួមជាមួយអាស៊ាន តាមរយៈក្របខណ្ឌពហុភាគី ដូចជា អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) និងអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (ECO) ជាដើម ដែលអ៊ូសបេគីស្ថានជាសមាជិក។

លោក Eshonov បានកោតសរសើរពីតួនាទីរបស់អាស៊ាន ក្នុងការជំរុញសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងក្រៅតំបន់ ក៏ដូចជា កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការដោះស្រាយការប្រឈមជាសកល។

លោកក៏បានបង្ហាញពីការត្រៀមខ្លួនដើម្បីធ្វើការជិតស្និទ្ធជាមួយអាស៊ាន ដើម្បីពង្រឹងទំនាក់ទំនងជាមួយអាស៊ាន និងប្រទេសសមាជិកអាស៊ានផងដែរ។

សូមជម្រាបជូនថា ប្រទេសអ៊ូសបេគីស្ថាន បានតែងតាំងឯកអគ្គរដ្ឋទូតដំបូងប្រចាំអាស៊ាន ក្នុងឆ្នាំ២០១១ ហើយលោក Eshonov គឺជាឯកអគ្គរដ្ឋទូតទី ៤ របស់អ៊ូសបេគីស្ថានប្រចាំអាស៊ាន ជំនួសឯកអគ្គរដ្ឋទូតចាស់ ដែលបានបញ្ចប់អាណត្តិកាលពីខែមីនា ឆ្នាំ២០២៤។

បណ្ឌិត កៅ គឹមហួន បានទទួលស្វាគមន៍និងជួបសំណេះសំណាលជាមួយមន្ត្រីកម្មសិក្សាមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងទីម័រខាងកើត។ កម្មវិធីកម្មសិក្សានេះ គឺជាកម្មវិធីរបស់អាស៊ាន ដែលឧបត្ថម្ភដោយប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ២០០២ នៅក្រោមគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (IAI)។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការពង្រឹងការកសាងសមត្ថភាព សម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងទីម័រខាងកើត ព្រមទាំងជំរុញសមាហរណកម្មក្នុងតំបន់ តាមរយៈបទពិសេសដោយផ្ទាល់ ការផ្លាស់ប្តូរចំណេះដឹង និងកិច្ចសហការ ។

លោកបានលើកទឹកចិត្តឱ្យមន្ត្រីកម្មសិក្សាទាំងអស់ ចូលរួមយ៉ាងសកម្មជាមួយតួអង្គពាក់ព័ន្ធនានារបស់អាស៊ាន បង្កើតបណ្តាញឱ្យបានច្រើន នៅក្នុងរយៈពេលធ្វើកម្មសិក្សារយៈពេល ១ ឆ្នាំនេះ។

អំឡុងពេលធ្វើកម្មសិក្សានៅលេខាធិការដ្ឋានអាស៊ាន មន្ត្រីកម្មសិក្សា នឹងមានឱកាសចូលរួមក្នុងកិច្ចប្រជុំអាស៊ាននានា ធ្វើទស្សនកិច្ចសិក្សានៅប្រទេសជប៉ុន និងចូលរួមក្នុងការបណ្តុះបណ្តាល ពាក់ព័ន្ធនឹងផ្នែកការទូត និងអភិវឌ្ឍគម្រោង។

លោកបណ្ឌិត កៅ គឹមហួន បានបង្ហាញពីទំនុកចិត្តថា ការចូលរួមរបស់មន្ត្រីកម្មសិក្សា នឹងជួយពង្រឹងដល់កំណើនវិជ្ជាជីវៈរបស់ពួកគេ ព្រមទាំង ពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន នៅក្នុងសមាហរណកម្មតំបន់។

នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Gusti Agung Wesaka Puja នាយកប្រតិបត្តិវិទ្យាស្ថានអាស៊ាន សម្រាប់សន្តិភាព និងការផ្សះផ្សា (ASEAN-IPR)។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាព សម្រាប់ពង្រឹងបណ្តាញ និងកិច្ចសហការរវាង ASEAN-IPR ជាមួយបណ្តាស្ថាប័នស្រាវជ្រាវ និងអប់រំ ព្រមទាំងអង្គភាពនានា នៅក្នុងប្រទេសសមាជិកអាស៊ាន។

កិច្ចពិភាក្សាក៏បានផ្តោតផងដែរលើ សកម្មភាព និងគំនិតផ្តួចផ្តើមនានា ពាក់ព័ន្ធទៅនឹងសន្តិភាព យុត្តិធម៌ និងការផ្សះផ្សាដែលផ្តល់ផលប្រយោជន៍ទៅដល់តំបន់។

បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Aung Myo Myint តំណាងអចិន្ត្រៃយ៍មីយ៉ាន់ម៉ាប្រចាំអាស៊ាន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការងារទូទៅស្តីពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ជាពិសេស ក្នុងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី នាពេលខាងមុខ ។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានជួបពិភាក្សាការងារជាមួយ លោកស្រី Sarah Al Bakri Devadason តំណាងអចិន្ត្រៃយ៍ម៉ាឡេស៊ីប្រចាំអាស៊ាន។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី នាពេលខាងមុខ ក៏ដូចជា កិច្ចប្រជុំសំខាន់ៗផ្សេងទៀត ដែលប្រទេសម៉ាឡេស៊ីនឹងធ្វើជាម្ចាស់នៅពេញមួយឆ្នាំ២០២៥ នេះ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីអាទិភាពនានារបស់ម៉ាឡេស៊ីដែលជាប្រធានអាស៊ានឆ្នាំ២០២៥ រួមទាំង វឌ្ឍនភាពឆ្ពោះទៅរកសមាជិកភាពនៅក្នុងអាស៊ានរបស់ទីម័រខាងកើត ក៏ដូចជា ការវិវត្តន៍ថ្មីៗបញ្ហានៅក្នុងតំបន់ផងដែរ។

លោកអគ្គលេខាធិការអាស៊ាន ក៏បានបញ្ជាក់សារជាថ្មី នូវការគាំទ្រយ៉ាងពេញទំហឹងរបស់លេខាធិការដ្ឋានអាស៊ានចំពោះប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ ក៏ដូចជា ប្រទេសសមាជិកអាស៊ានផ្សេងទៀតផងដែរ។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោកស្រី Natércia Cipriana Coelho da Silva ឯកអគ្គរដ្ឋទូតទីម័រខាងកើតប្រចាំអាស៊ាន។
នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាអំពីសមាជិកភាពរបស់ទីម័រខាងកើតនៅក្នុងអាស៊ាន ជាពិសេស វឌ្ឍភាពក្នុងការអនុវត្តផែនទីចង្អុលផ្លូវ សម្រាប់ការចូលជាសមាជិកពេញលេញនៅក្នុងអាស៊ាន របស់ទីម័រខាងកើត។

លោកអគ្គលេខាធិការអាស៊ាន បានបញ្ជាក់ឡើងវិញ នូវការបន្តគាំទ្ររបស់លេខាធិការដ្ឋានអាស៊ានដល់ទីម័រខាងកើត ក្នុងការសម្រេចបាននូវលក្ខខណ្ឌ ដែលបានដាក់ចេញនៅក្នុងផែនទីចង្អុលផ្លូវ រួមទាំង តាមរយៈការដាក់ឱ្យដំណើរការអង្គភាពទីម័រខាងកើតនៅក្នុងលេខាធិការដ្ឋានអាស៊ាន ផងដែរ៕