(ភ្នំពេញ)៖ ស្ដ្រីមេម៉ាយអនិកជនខ្មែរអាមេរិកម្នាក់ ដោយជឿនូវពាក្យលោងលួមបានផុងខ្លួនចាញ់បោកអ្នកដឹកនាំសម្ដែងរឿងខ្មែរម្នាក់ឈ្មោះ វ៉ាត លីម៉េង នាយកសហគ្រាស «អាហ្សៀន ស្ដារ ហ្វីម» (AZIAN STARS FILM) អស់លុយជាង៨ម៉ឺនដុល្លារអាមេរិក តាំងពីអំឡុងឆ្នាំ២០២៣ រហូតមកដល់ពេលបច្ចុប្បន្នដំណើររឿងក្ដី នៃការប្ដឹងផ្ដល់គ្នានៅតាមផ្លូវតុលាការ។

ក្នុងពាក្យបណ្ដឹងរបស់តំណាងមេធាវីដើមបណ្ដឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា កាលពីអំឡុងខែមករា ឆ្នាំ២០២៣ ស្ដ្រីរងគ្រោះបានធ្វើដំណើរពីសហរដ្ឋអាមេរិក មកលេងស្រុកកំណើតរបស់ខ្លួន គឺប្រទេសកម្ពុជា ហើយក៏បានជួបប្រាស្រ័យទាក់ទងស្គាល់ឈ្មោះ វ៉ាត លីម៉េង ដែលជាបុគ្គលិកបម្រើការងារមួយកន្លែងនៅ ក្នុងផលិតកម្មថោន ក្នុងប្រទេសកម្ពុជា។

ក្នុងរយៈពេលដែលជនរងគ្រោះកំពុងស្នាក់នៅជាបណ្ដោះអាសន្នក្នុងប្រទេសកម្ពុជា ឈ្មោះ វ៉ាត លីម៉េង បានធ្វើការបញ្ចុះបញ្ចូលលួងលោមជនរងគ្រោះឲ្យធ្វើការដាក់ហ៊ុនចូលគ្នា ក្នុងគោលបំណងបង្កើតក្រុមហ៊ុនផលិតកម្មភាពយន្ត និងវីដេអូ ដើម្បីរកប្រាក់ចំណេញធ្វើការបែងចែកគ្នា។

ក្រោយមានការជឿជាក់លើរូបឈ្មោះ វ៉ាត លីម៉េង និងមានជំនឿស៊ុបថា មុខរបរអាជីវកម្មនេះ អាចនឹងរកប្រាក់ចំណូល បានដោយសារប្រជាជនកម្ពុជាសព្វថ្ងៃកំពុងមានសន្ទុះក្នុងការគាំទ្រលើវិស័យសិល្បៈ និងភាពយន្តនោះ ជនរងគ្រោះបានយល់ព្រមជាមួយឈ្មោះ វ៉ាត លីម៉េង ដោយសន្យាធ្វើការបណ្ដាក់ទុនរួមគ្នាជាមួយលោក នៅពេលខ្លួនវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ថានឹងធ្វើការបង្វែរផ្ទេរប្រាក់ជូនឈ្មោះ វ៉ាត លីម៉េង ដើម្បីយកមកបង្កើតក្រុមហ៊ុន ផលិតភាពយន្ត និងវីដេអូ។

ជាក់ស្ដែងនៅពេលត្រឡប់ទៅដល់សហរដ្ឋអាមេរិកវិញ ជនរងគ្រោះបានធ្វើការបង្វែរប្រាក់ ជាបន្តបន្ទាប់ក្នុងការដាក់វិនិយោគបង្កើតក្រុមហ៊ុនផលិតភាពយន្ត និង វីដេអូ តាមគណនីឈ្មោះរបស់លោក គឺ VATH LYMENG មានចំនួន១២លើក ដែលមានទឹកប្រាក់សរុបចំនួន USD85,200.00 (ប្រាំបីម៉ឺនប្រាំពាន់ និងពីររយដុល្លារអាមេរិកគត់)។ ក្រោយពីឈ្មោះ វ៉ាត លីម៉េង បានទទួលប្រាក់នេះនៅក្នុងដៃរួចហើយ បានប្រើប្រាស់ប្រាក់ទាំងអស់នេះ ខុសពីគោលបំណងដែលបានសន្យាគ្នាជាមួយជនរងគ្រោះកន្លងមក។

ឈ្មោះ វ៉ាត លីម៉េង បានយកលុយនោះប្រើប្រាស់បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ហើយប្រាក់មួយចំនួនយកទៅបង្កើតសហគ្រាសផលិតភាពយន្ត និងវីដេអូ ផ្ទាល់ខ្លួនតែម្នាក់ឯងដែលនាមករណ៍សហគ្រាសឯកបុគ្គលនោះមានឈ្មោះថា «អាភៀន ស្តារ ហ្វីម (AZIAN STARS FILM)» ដោយមិនមែនជាក្រុមហ៊ុននីតិបុគ្គលនោះឡើយ បែរជាដាក់ឈ្មោះខ្លួនឯងជាម្ចាស់សហគ្រាស និងជាម្ចាស់ភាគហ៊ុនតែម្នាក់ឯងទៅវិញ (ដូចមានឯកសារជូនភ្ជាប់មកជាមួយ)។

កន្លងមកដោយយោងទៅលើការយោគយល់អំពីមនោសញ្ចេតនារាប់អានគ្នា ជនរងគ្រោះបានផ្ដល់ពេលវេលា និងឱកាសគ្រប់គ្រាន់សម្រាប់ឲ្យឈ្មោះ វ៉ាត លីម៉េង ចូលខ្លួនមកដោះស្រាយបញ្ហាប្រាក់ ដែលបុគ្គលនេះឆបោក យកទៅខាងលើជាញឹកញាប់ តែបុគ្គលឈ្មោះ វ៉ាត លីម៉េង គ្រាន់តែបានសន្យាជាមួយជនរងគ្រោះថាថ្ងៃនេះថ្ងៃនោះជាហូរហែរថា នឹងចូលខ្លួនដោះស្រាយ តែរហូតមកទល់ពេលនេះឈ្មោះ វ៉ាត លីម៉េង មិនមានដំណោះស្រាយ អ្វីទាល់តែសោះ បែរជាទទួលបានមកវិញនូវពាក្យភូតភរកុហក បោកប្រាស់ និងបដិសេធមិនបំពេញកាតព្វកិច្ចតាមសន្យារបស់ខ្លួន និងគេចខ្លួន រហូតមកដល់សព្វថ្ងៃ។

ក្រោយរងគ្រោះដោយអំពើឆបោកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅកាន់ស្ថាប័នតុលាការ ហើយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក ជា សា ព្រះរាជអាជ្ញារង បានចេញដីកាកោះទៅកាន់ឈ្មោះ វ៉ាត លីម៉េង ចំនួន៣លើករួចមកហើយ តែសម្រាប់ចោទប្រកាន់យ៉ាងណានោះ មិនទាន់ដឹងនោះទេ។

ភ្នាក់ងារព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីលោក វ៉ាត លីម៉េង នៅឡើយទេ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥៕