(ភ្នំពេញ)៖ សហភាពអឺរ៉ុបបានវិនិយោគទឹកប្រាក់ជិត ៨០លានអឺរ៉ូ ដើម្បីជួយពង្រឹងវិស័យកសិកម្មនៅកម្ពុជា លើក​កម្ពស់សន្តិសុខស្បៀង ​និងជំរុញឱ្យកសិករមានលទ្ធភាព ចូលទៅកាន់ទីផ្សារក្នុងស្រុក និងសកល។

យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហភាពអឺរ៉ុប ​ទឹកប្រាក់វិនិយោគប្រមាណ៨០ លានអឺរ៉ូនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ១០ ម៉ឺននាក់, គ្រួសារ​មាន​ដីធ្លីខ្នាតតូចចំនួន ២៥ពាន់គ្រួសារ និងសហគ្រាសកសិកម្មចំនួន ៥០០ ដោយ​នឹង​ជួយ​បង្កើន​ផលិតភាព និងការប្រកួតប្រជែង។ កញ្ចប់វិនិយោគនេះនឹងជួយកែ​លម្អ​មន្ទី​រ​ពិសោធន៍​ជាតិ​កសិកម្ម ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធការងារ កសិកម្មសំខាន់ៗ ដើម្បីលើក​កម្ពស់​សមត្ថភាព​អនាម័យ និងភូតគាមអនាម័យរបស់កម្ពុជា ក៏ដូចជាគាំទ្រ​ដល់​ការ​សាង​សង់​ស្ពាន​មួយ​ខ្សែ​នៅ​កោះ​ខ្សាច់​ទន្លា ដើម្បីធ្វើឱ្យប្រសើរឡើងនូវការ ដឹកជញ្ជូន និងការចូលទៅកាន់ទីផ្សារ។

ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) ដែលជាសាខាសកលរបស់ធនាគារវិនិយោគអឺរ៉ុប និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ នូវទឹកប្រាក់ជំនួយឥតសំណងចំនួន ១៥លានអឺរ៉ូរបស់សហភាពអឺរ៉ុប សម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)។ ដោយជាអាទិភាពសំខាន់មួយសម្រាប់រដ្ឋាភិបាលកម្ពុជា កម្មវិធី ASPIRE-AT មានគោលដៅធ្វើទំនើបកម្មវិស័យកសិកម្ម លើកកម្ពស់សន្តិសុខស្បៀង និងពង្រឹងសក្តានុពលនៃការនាំចេញ។

​ជំនួយនេះ​បំពេញបន្ថែមលើឥណទានចំនួន៦០ លានអឺរ៉ូពីធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) និងជំនួយគាំទ្រ ចំនួន៤.៥ លានអឺរ៉ូទៀតពីសហភាពអឺរ៉ុប សម្រាប់ជំនួយបច្ចេកទេស ដែលនឹងត្រូវអនុវត្តដោយធនាគារវិនិយោគអឺរ៉ុប (EIB)។ ការផ្ដល់ជំនួយនេះ នាំឱ្យទឹកប្រាក់វិនិយោគសរុបដែលគាំទ្រដោយសហភាពអឺរ៉ុបនៅក្នុងកម្មវិធីនេះកើនឡើងដល់ជិត៨០ លានអឺរ៉ូ។ មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ដែលជាទីភ្នាក់ងារអភិវឌ្ឍន៍ជនបទរបស់អង្គការសហប្រជាជាតិ ក៏បានផ្តល់ផហិរញ្ញប្បទានដល់កម្មវិធីនេះនូវទឹកប្រាក់ចំនួន ៤៩ លានដុល្លារអាមេរិក ផងដែរ។

​លោកស្រី Nicola Beer អនុប្រធានធនាគារ EIB បានមានប្រសាសន៍ថា «ធនាគារវិនិយោគអឺរ៉ុបពិតជាមានមោទនភាពក្នុងការគាំទ្រចំពោះកម្មវិធី ASPIRE-AT និងវិស័យកសិកម្មរបស់កម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ច និងសន្តិសុខស្បៀងរបស់កម្ពុជា។ តាមរយៈហិរញ្ញប្បទាននេះ យើងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងសន្តិសុខស្បៀង បង្កើនប្រាក់ចំណូលរបស់កសិករ និងផ្ដល់ឱកាសទីផ្សារថ្មីៗសម្រាប់ផលិតផលកម្ពុជា។ សកម្មភាពនេះ គឺជាការបង្ហាញជាតួរយ៉ាងដ៏សំខាន់អំពីអ្វីមួយដែលក្រុមអឺរ៉ុបអាចធ្វើសំរេចចេញជាសមិទ្ធិផលជាក់ស្តែងបាន តាមរយៈការបង្កើតការងារ ការជំរុញពាណិជ្ជកម្ម និងការពង្រឹងសេដ្ឋកិច្ចរបស់កម្ពុជា»។​

​លោក អ៊ីហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំ​កម្ពុជា បានមានប្រសាសន៍ថា «ខ្ញុំពិតជាមានមោទនភាព ដែលបានចូលរួមនៅក្នុងគម្រោងវិនិយោគកសិកម្មដ៏សំខាន់នេះ តាមរយៈការចាប់ដៃគូជាមួយធនាគារវិនិយោគអឺរ៉ុបរបស់យើង និងមូលនិធិ IFAD ក្រោមយុទ្ធសាស្ត្រ Global Gateway របស់សហភាពអឺរ៉ុប និងគំនិតផ្តួចផ្តើមរបស់ក្រុមអឺរ៉ុបរបស់យើង។ ទឹកប្រាក់​ចំនួន ១៩,៥ លានអឺរ៉ូ (២១,០៦ លានដុល្លារអាមេរិក) ជាជំនួយឥតសំណងរបស់យើងនេះ នឹងជួយដល់កសិករ និងសហគមន៍កសិករនៅក្នុងការកែលម្អផលិតកម្មបឋម សមត្ថភាពកែច្នៃ និងលទ្ធភាពចូលទៅកាន់ទីផ្សារ តាមរយៈការកសាងសមត្ថភាព និងលទ្ធភាពទទួលបានហិរញ្ញប្បទាន ការគាំទ្រដល់មន្ទីរពិសោធន៍កសិកម្ម ព្រមទាំងការតភ្ជាប់តំបន់ជនបទ និងទីក្រុងឱ្យកាន់តែប្រសើរឡើង។ តាមរយៈកិច្ចសហការគ្នា យើងកំពុងជួយវិស័យនេះឱ្យកាន់តែមានលក្ខណៈបរិយាបន្ន និងភាពធន់ ដោយផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ និងជាពិសេសផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋនៅតាមសហគមន៍ជនបទ»។​

​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារវិនិយោគអឺរ៉ុប (EIB) សហភាពអឺរ៉ុប និង IFAD ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើត និងរៀបចំកម្មវិធី ASPIRE-AT នេះ ទទួលបានជោគជ័យ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ជាថ្មីថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់កម្មវិធី ASPIRE-AT នៅថ្ងៃនេះ គឺជាសក្ខីភាពមួយចំពោះការបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាល​កម្ពុជា និងធនាគារ វិនិយោគអឺរ៉ុប EIB សហភាពអឺរ៉ុប និង IFAD ក៏ដូចជាបង្ហាញអំពីការគាំទ្រដ៏ខ្លាំងក្លាពីសំណាក់ដៃគូអភិវឌ្ឍន៍សំខាន់ៗ ក្នុងការងារកំណែទម្រង់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ (ដំណាក់កាលទី ១) របស់រដ្ឋាភិបាល ស្របពេលដែលកម្ពុជាមានគោលបំណងសម្រេចឱ្យបាននូវគោលដៅក្លាយខ្លួនជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល​កម្ពុជាបញ្ជាក់ជូននូវការប្តេជ្ញាចិត្តក្នុងការជំរុញ និងពង្រឹងភាពជាដៃគូនាពេលអនាគត ជាមួយធនាគារវិនិយោគអឺរ៉ុប EIB សហភាពអឺរ៉ុប និង IFAD នៅក្នុងការងារពហុវិស័យ។

លោក Frew Behabtu នាយកប្រចាំប្រទេសនៃមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ប្រចាំ​កម្ពុជា បានមានប្រសាសន៍ថា «ជំនួយឥតសំណងដ៏សំខាន់របស់សហភាពអឺរ៉ុប រួមជាមួយនឹងឥណទានពីធនាគារ EIB និងសហហិរញ្ញប្បទានរបស់ IFAD គឺជាជំហានដ៏មានឥទ្ធិពលឆ្ពោះទៅរកការធ្វើបរិវត្តិកម្មវិស័យកសិកម្មរបស់កម្ពុជា។ IFAD មានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ដើម្បីផ្តល់ភាពអង់អាចដល់សហគមន៍ជនបទ ពង្រឹងសន្តិសុខស្បៀង និងផ្ដល់នូវសក្តានុពលនៃការនាំចេញ ដែលជំរុញដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ការវិនិយោគនេះ នឹងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងការតភ្ជាប់ទៅកាន់ទីផ្សារកម្ពុជា គាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធប្រមូល និងគ្រប់គ្រងផលិតផលកិសិកម្ម ឃ្លាំងស្តុក ទីតាំងសម្ងួត និងផ្លូវដឹកជញ្ជូន ដើម្បីលើកកម្ពស់ការដឹកជញ្ជូនផលិតផលក្នុងបរិមាណច្រើន។ ការវិនិយោគនេះក៏នឹងផ្តល់មូលនិធិដល់ការសាងសង់ស្ពានកោះខ្សាច់ទន្លា ដែលតភ្ជាប់តំបន់ដីកោះ ជាមួយនឹងតំបន់ដីគោក ដើម្បីបង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារ និងសាកល្បងគំរូសហករណ៍កសិកម្មថ្មី។ ជាងនេះទៅទៀត ការផ្តល់ហិរញ្ញប្បទាននឹងធ្វើឱ្យសន្តិសុខស្បៀង និងការត្រួតពិនិត្យគុណភាពកាន់តែមានភាពល្អប្រសើរ តាមរយៈការគាំទ្រដល់មន្ទីរពិសោធន៍ ការស្រាវជ្រាវ និងស្ថានីយរក្សាទុកទំនិញនៅដាច់ដោយឡែក និងការពង្រីកមន្ទីរពិសោធន៍ជាតិកសិកម្ម។ ប្រាក់វិនិយោគទាំងនេះត្រូវបានបែងចែកជាយុទ្ធសាស្រ្តសម្រាប់អនុវត្តនៅទីតាំងជាច្រើនក្នុងប្រទេសកម្ពុជា ដោយធានាថា ការវិនិយោគទាំងនេះជះឥទ្ធិពលដល់ទឹកដីភូមិសាស្ត្រយ៉ាងទូលំទូលាយ និងអនុញ្ញាតឱ្យមានការធ្វើសមាហរណកម្មបានកាន់តែច្រើនទៅក្នុងទីផ្សារតំបន់ និងទីផ្សារសកល​៕