(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលេចពីតួនាទីដ៏សំខាន់របស់វិស័យឯកជន ដែលជាអ្នកទាក់ទាញផ្ទាល់ និងចាប់ដៃគូជាមួយអ្នកវិនិយោគបរទេស។ សម្រាប់សម្តេចផ្ទាល់ ពេលថ្លែង ក្នុងវេទិកាធុរកិច្ចនានា គឺបានត្រឹមឡើងថ្លែងសុន្ទរកថាប៉ុណ្ណោះ ប៉ុន្តែការទាក់ទាញវិស័យឯកជនបរទេសឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាតួនាទីវិស័យឯកជន។

ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់សមាគមឧកញ៉ាកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណសភាពាណិជ្ជកម្ម ដែលសហការជាមួយដៃគូ និងមានការចូលរួមជាមួយសមាគមឧកញ៉ាកម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយវិស័យឯកជន ចំពោះរឿងនេះរាជរដ្ឋាភិបាល មិនអាចធ្វើខ្លួនឯង បាននោះទេ។ ចំពោះរឿងការទូតសេដ្ឋកិច្ច រាជរដ្ឋាភិបាល បានត្រឹមតែចរចាធ្វើស្ពាន តភ្ជាប់ ចរចាបើកទ្វារព្រំដែន ចរចាដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត និងការផ្តល់គោលនយោបាយមួយចំនួន ដើម្បីផ្តល់ឱ្យអ្នកវិនិយោគ។

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលមិនអាចទៅធ្វើជាដៃគូជាមួយអ្នកវិនិយោគបរទេសនោះទេ មានតែវិស័យឯកជន និងវិស័យឯកជននោះទេ អ៊ឹចឹងបាននៅក្នុងពិធីម្តងៗ នៅក្រៅប្រទេសក្តី នៅក្នុងប្រទេសក្តី ខ្ញុំចូលរួមបានត្រឹមតែបើក មានសន្ទរកថាខ្លី ប៉ុន្តែវិស័យឯកជនជាអ្នកឆ្លើយឆ្លងជាមួយវិស័យឯកជន នៅតាមបណ្តាប្រទេសទាំងនោះ រួមទាំងការផ្គូរផ្គង់គ្នារវាងក្រុមហ៊ុន និងក្រុមហ៊ុន បានតិច ឬច្រើននេះជាចរន្តដែលត្រូវធ្វើ»

ត្រង់ចំណុចនេះ ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រសិននៅក្នុងវេទិកាធុរកិច្ចនានា ប្រសិនបើនៅពេលដែលនាយករដ្ឋមន្ត្រីឡើងថ្លែងសន្ទរកថាចប់ចុះមកវិញ ដោយគ្មានវិស័យឯកជនជួបពិភាក្សាគ្នា ដើម្បីទាក់ទាញក្រុមអ្នក វិនិយោគិនបរទេសនោះទេ ច្បាស់ណាស់នឹងមិនអ្នកវិនិយោគិនបរទេសមកបណ្តាក់ទុននៅប្រទេសកម្ពុជាទេ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា នៅក្នុងពិភពលោក មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងលើការទាក់ទាញអ្នកវិនិយោគិនបរទេស ដូច្នេះហើយចំពោះកិច្ចការងារនេះ មិនសំដៅតែប្រទេសធំ ឬតូចនោះទេ។ ចំពោះការទាក់ទាញអ្នកវិនិយោគិន បរទេស គឺចាំបាច់ណាស់ ត្រូវការវិស័យឯកជន ដោយប្រើប្រាស់កម្លាំងជាច្រើនជំរុញសកម្មភាពវិនិយោគតែម្តង។

បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិស័យឯកជនជាដៃគូយ៉ាងសំខាន់ ពីព្រោះនៅពេលក្រុមហ៊ុនវិនិយោគបរទេស មានបំណងមកបណ្តាក់ទុននៅក្នុងប្រទេសមួយទៀត គឺពួកគាត់តែងតែស្វែងរកដៃគូជាវិស័យ ឯកជនក្នុងស្រុក ដើម្បីធានានូវភាពជឿជាក់។ ដូច្នេះកន្លងមកនេះ គឺតែងតែមានសកម្មភាពចុះអនុស្សារណៈយោគយល់គ្នា (MoU) រវាងវិស័យឯកជន និងឯកជន ក្រោយបញ្ចប់វេទិកាធុរកិច្ចនានា ដើម្បីបង្កើនឱកាសវិនិយោគ បង្កើតឱកាសការងារជូនប្រជាពលរដ្ឋជាដើម ទាំងនេះជាចំណុចសញ្ញាណដ៏ល្អ សម្រាប់ធានាដល់បរិយាកាសវិនិយោគផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន៤១៤គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ៦ពាន់លានដុល្លារអាមេរិក ដែលនេះគឺជាចំនួន គម្រោងវិនិយោគច្រើនបំផុតក្នុងមួយឆ្នាំមិនធ្លាប់មានពីមុនមកទេ។ សម្តេចធិបតីជឿជាក់ថា នៅក្នុងឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នឹងអនុម័តគម្រោងវិនិយោគបានច្រើនជាង នៅក្នុងឆ្នាំ២០២៤ទៅទៀត។ ចំណុចនេះគឺជាផលកើតចេញពីការរួមគ្នារវាងរាជរដ្ឋាភិបាល ជាមួយវិស័យឯកជន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបឱ្យដឹងថា សម្តេចគ្រោងនឹងបង្កើតក្រុមផ្តល់យោបល់ពីខាងវិស័យឯកជនដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស លើវិស័យកសិកម្ម នេះមិនមែនមិនទុកចិត្តលើក្រុមការងារជំនាញរបស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធឡើយ ប៉ុន្តែ សម្តេចចង់បានយោបល់បន្ថែមពីខាងវិស័យឯកជន ដើម្បីយកមកបំពេញបន្ថែម ព្រមទាំងចង់ឱ្យវិស័យឯកជនរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវជាមួយនឹងរាជរដ្ឋាភិបាល ហើយមានបញ្ហាអ្វី ត្រូវនិយាយត្រង់ទៅត្រង់មកជាមួយរាជរដ្ឋាភិបាល៕