(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងលើកទឹកចិត្តអ្នកវិនិយោគនៅកម្ពុជា បន្តទាក់ទាញដៃគូវិនិយោគពីក្រៅប្រទេស ក្នុងការផលិតខ្សែច្រវាក់ផលិតកម្ម ធាតុបង្គំនៅក្នុងស្រុកឱ្យបានច្រើន និងការកែច្នៃផលិតផលនានា ដែលខ្សែច្រវាក់ផលិតកម្មទាំងនេះ រាជរដ្ឋាភិបាលត្រៀមដើម្បីរៀបចំគោលនយោបាយលើកទឹកចិត្តជាពិសេសផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះនារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសដែលសម្តេចអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំសូមលើកទឹកចិត្តឱ្យវិស័យឯងជន ទាក់ទាញដៃគូមកវិនិយោគក្នុងការផលិតខ្សែច្រវាក់ផលិតកម្ម[..] និងធាតុបង្គំនៅក្នុងស្រុក ដែលនេះគឺជាគោលដៅមួយដែលរាជរដ្ឋាភិបាល ត្រៀមដើម្បីរៀបចំគោលនយោបាយលើកទឹកចិត្តជាពិសេស ដូចនេះវិស័យឯកជនយើងបើសិនជាដៃគូដែលមានការចាប់អារម្មណ៍ក្នុងការផលិតធាតុបង្គំក្នុងស្រុកយើង សូមទាក់ទាញមកដើម្បីធ្វើយ៉ាងណាទៅថ្ងៃក្រោយ ជាជាងនាំផលិតផលពីក្រៅ ១០០% យកមកបង្គំហើយនាំចេញ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បើយើងអាចកាត់បន្ថយការនាំចូលពីក្រៅប្រទេស ហើយផលិតក្នុងស្រុកឱ្យបាន ២០ ទៅ ៤០% គឺជាការល្អ ដែលជាបង្កើន និងការរៀបចំនូវខ្សែច្រវាក់ផលិតកម្ម ដើម្បីកែរសម្រួលនូវខ្សែច្រវាក់ផលិតកម្ម ដើម្បីធានានូវការប្រែប្រួលនៃស្ថានភាពពាណិជ្ជកម្មនៅលើពិភពលោក និងដើម្បីទប់កុំឱ្យមានការប្រែប្រួល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងពីការត្រៀមលើកទឹកចិត្តលើការវិនិយោគ ក្នុងការទាញមកនូវផលិតផលបន្ថែមនៅក្នុងខ្សែច្រវាក់ផលិតកម្ម និងការកែច្នៃផលិតផលនានា ជាស្តែងផលិតផលស្វាយចន្ទី ដែលកន្លងទៅរដ្ឋាភិបាល បានលើកទឹកចិត្តក្នុងការនាំចេញគ្រាប់ស្វាយចន្ទីឆៅ តែមកដល់ពេលនេះក៏មានក្រុមហ៊ុនខ្លះបានផលិតជាស្វាយចន្ទីកំប៉ុងនាំចេញរួចហើយ ដូចនេះយើងចង់បានខ្សែច្រវាក់ផលិតកម្មដែលអាចផលិតបានមួយដើមស្វាយចន្ទីតែម្តង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងរៀបចំជាអេកូស៊ីស្ទែមនៃស្វាយចន្ទី និងកំពុងរៀបចំជាគោលនយោបាយក្នុងការរៀបចំជាសួនឧស្សាហកម្មតែមួយ ដែលនឹងចេញដំណើរការក្នុងឆ្នាំ២០២៥នេះផងដែរ ដើម្បីធ្វើយ៉ាងណាក្នុងការបង្រួមខ្សែច្រវាក់ផលិតកម្មនៅក្នុងបណ្តុំតែមួយ ដែលងាយស្រួលក្នុងការកំណត់ ហើយរដ្ឋអាចជួយគាំទ្រក្នុងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នេះគឺជាគោលនយោបាយដើម្បីទាក់ទាញអ្នកវិនិយោគ និងជំរុញនូវតម្លៃផលិតកម្មនៅតាមវិស័យមួយៗផងដែរ៕