(ភ្នំពេញ)៖ លោក ស៊ីយ៉ុន សុភារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានផ្តល់បទសម្ភាសដល់បណ្តាញព័ត៌មាន Fresh News ពាក់ព័ន្ធនឹងការបញ្ជូនឯកសារ «មហាសង្រ្កាន្ត» ទៅអង្គការយូណេស្កូ នៅចុងខែមីនា ឆ្នាំ២០២៥នេះ ដើម្បីចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានផ្តល់បទសម្ភាស នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើកទី២ និងជាលើកចុងក្រោយ ស្ដីពី «ការប្រមូលធាតុចូលរៀបចំឯកសារមហាសង្រ្កាន្ត ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ»។
នាឱកាសនោះដែរ លោក ស៊ីយ៉ុន សុភារិទ្ធ បានស្នើដល់មហាជន ជាពិសេសយុវជនថែរក្សាមរតកវប្បធម៌អរូបីរបស់ដូនតា ឲ្យបានគង់វង្ស។
សូមជម្រាបថា សព្វថ្ងៃ មានប្រទេសជាច្រើនលើលោកនេះ ដែលប្រារព្ធសង្ក្រាន្ត រួមមាន៖ បង់ក្លាដេស, កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, ស្រីលង្កា, ថៃ, ផ្នែកនៃភាគឦសាននៃប្រទេសឥណ្ឌា, ផ្នែកនៃប្រទេសវៀតណាម និងក្រុងស៊ីហ្សួងបាន់ណា (Xishuangbanna) ប្រទេសចិន។
ពាក្យសង្រ្កាន្តមានលើសិលាចារិកនៅប្រាសាទយើង។ សង្រ្កាន្ត ជាពាក្យសំស្រឹ្កតមានប្រភពមកពីឥណ្ឌា និងមានន័យថារង្វិលជុំនៃពេលវេលាពេញមួយឆ្នាំ។ ទោះជាពិធីប្រារព្ធសង្រ្កាន្តឆ្នាំថ្មី មានប្រភពពីកម្ពុជា ប៉ុន្តែពិធីនេះបានក្លាយជាប្រពៃណីទំនៀមទម្លាប់ ដែលបានប្រារព្ធរៀបចំដោយប្រទេសមួយចំនួន។ ដូច្នេះ សង្រ្កាន្តមកទល់បច្ចុប្បន្នបានក្លាយជាប្រពៃណីទំនៀមទម្លាប់របស់ប្រជាជាតិមួយចំនួន នៅអាស៊ីអាគ្នេយ៍រួចទៅហើយ ហើយបានក្លាយជាបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ។
ករណីប្រទេសណាមួយ ចុះបញ្ជីសម្បត្តិវប្បធម៌អរូបីតែឯង នឹងមិនប៉ះពាល់ដល់ការចុះបញ្ជីប្រទេសផ្សេងទៀត នាពេលខាងមុខទេ ដែលមានវប្បធម៌អរូបីស្រដៀងគ្នាឡើយ។
គួរជម្រាបដែរថា រហូតមកដល់ពេលនេះ មានសម្បត្តិវប្បធម៌ខ្មែរចំនួន ១៣ហើយ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងនោះមាន៤ ជាបេតិកភណ្ឌរូបី និង៦ទៀតជាបញ្ជីបេតិកភណ្ឌអរូបី និងបញ្ជីស្មារតីចងចាំនៃ ពិភពលោកមាន៣។
បេតិកភណ្ឌរូបី មានដូចជា ឧទ្យានបុរាណវិទ្យាអង្គរ, ប្រាសាទព្រះវិហារ, តំបន់ប្រាសាទសម្បូរព្រៃគុហ៍ និងប្រាសាទកោះកេរជាដើម។ ដោយឡែក បេតិកភណ្ឌអរូបី មានដូចជា ក្រមា របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្តស្វាយអណ្ដែត និងក្បាច់គុនល្បុក្កតោផងដែរ។ ជាមួយគ្នានេះ បញ្ជីស្មារតីចងចាំនៃពិភពលោក មាន៣រួមមាន បណ្ណាសារឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ ទួលស្លែង, ឯកសារសំឡេងនិទានរឿង រាមកេរ្ដិ៍ ដោយតាគ្រុឌ និងរឿងអ៉ីណាវបុស្បា។
កម្ពុជាក៏កំពុងរៀបចំស្នើស្ថានីយ៍ទាក់ទងនឹងការចងចាំ ចំនួន៣ ដែលក្នុងនោះរួមមាន សារមន្ទីរទួលស្លែង បឹងជើងឯក និងមន្ទីរម១៣ ដើម្បីដាក់បញ្ជូលជាសម្បត្តិបេតិភណ្ឌពិភពលោកផងដែរ។ បញ្ជីត្រៀមរបស់កម្ពុជា សម្រាប់ដាក់ស្នើជាតំបន់បេតិកភណ្ឌពិភពលោក ក៏មានប្រាសាទភ្នំដាអង្គរបុរី, ប្រាសាទបន្ទាយឆ្មារ, ភ្នំឧត្តុង្គ, ភ្នំគូលែន, ព្រះខណ្ឌស្រុកកំពង់ស្វាយ និងប្រាសាទបេងមាលា៕