(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានលើកឡើងថា ពាក់ព័ន្ធនឹងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក, កម្ពុជានាំទំនិញទៅអាមេរិកច្រើន ព្រោះកម្ពុជា មិនសូវមានតម្រូវការ នៃការផ្គត់ផ្គង់ពីអាមេរិក។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា រយៈពេល២ខែ ឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញទំនិញ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានទឹកប្រាក់ចំនួន ១.៦ពាន់លានដុល្លារ កើនឡើង ២៥.៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤ ដែលមានត្រឹមតែ១.២ពាន់លានដុល្លារ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងជាមួយសហរដ្ឋអាមេរិក យើងនាំចេញទៅសហរដ្ឋអាមេរិក ច្រើនជាងនាំចូលពីសហរដ្ឋអាមេរិក យើងមិនអាចនាំ ពីសហរដ្ឋអាមេរិក ព្រោះថា ប្រជាជនអាមេរិក មានជាង៣០០លាននាក់ ដែលមានតម្រូវការខ្ពស់ យើងនាំចេញទៅសហរដ្ឋអាមេរិក មានចំនួនធំ»

បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កម្ពុជានាំចេញទៅសហរដ្ឋអាមេរិក មានចំនួនធំ ប៉ុន្ដែនៅពេលដែលកម្ពុជា នាំចូលពីសហរដ្ឋអាមេរិកមកវិញ មានទំហំតូច ដោយសារតែកម្ពុជា មានចំនួនប្រជាជន ត្រឹម១៧លាននាក់ប៉ុណ្ណោះ បើធៀបនឹងប្រជាជនសហរដ្ឋអាមេរិក មានរហូតដល់៣០០លាននាក់។

បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៥ ការដោះដូរចេញទំនិញរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានទឹកប្រាក់ចំនួន១.៦៧ ពាន់លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញជាង ១.៦២ពាន់លានដុល្លារ ចំណែកការនាំចូល ពីសហរដ្ឋអាមេរិកមកវិញ មានចំនួន ៤៨លានដុល្លារ កើនឡើងជាង៣៤ភាគរយ។

ចំពោះការកើនឡើង នៃការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិកនេះ បានបញ្ជាក់ពីភាពល្អប្រសើរ នៃការដោះដូរទំនិញរវាងប្រទេសទាំងពីរ ហើយតាមរយៈតួលេខនាំចេញនេះ អាមេរិកក្លាយជាទីផ្សារនាំចេញ ជាទីផ្សារលំដាប់ទី១ សម្រាប់កម្ពុជា។

មុខទំនិញដែលកម្ពុជា នាំចេញទៅអាមេរិកភាគច្រើន មានដូចជា៖ មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ គ្រឿងបង្គុំ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជា៖ រថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងក្នុងកម្មវិធី Fresh Business កាលពីពេលថ្មីៗនេះថា ការកើនឡើងនៃការនាំចេញទំនិញ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនេះ បានបង្ហាញពីស្នាដៃ និងសមត្ថភាពនៃផលិតទំនិញរបស់កម្ពុជា ដែលបានធ្វើឱ្យទីផ្សារពិភពលោកទទួលស្គាល់ នូវទំនិញរបស់កម្ពុជា។

លោកបន្ដថា ការនាំចេញទំនិញសំខាន់ៗ ដូចជាសម្លៀកបំពាក់ គ្រឿងបង្គុំ គ្រឿងបន្លាស់ជាដើម គឺសុទ្ធតែបង់ពន្ធ ពោលគឺកម្ពុជានាំចេញ ទៅសហរដ្ឋអាមេរិកមិនមែន មិនបង់ពន្ធនោះទេ ហើយតាមរយៈនេះ កម្ពុជានឹងបន្តច្បាមយកទីផ្សារនេះ។

លោក ប៉ែន សុវិជាតិ បានបន្ថែមថា បើទោះបីជាកម្ពុជា នាំចេញទៅកាន់សហរដ្ឋអាមេរិក ច្រើនជាងអាមេរិកនាំចូលមកវិញក៏ដោយ ប៉ុន្តែកម្ពុជាអាចនឹងមិនមែនជាមុខសញ្ញា នៃការដំឡើងពន្ធរបស់រដ្ឋបាលសហរដ្ឋអាមេរិកថ្មីនោះទេ ដោយសារកម្ពុជា ស្ថិតប្រទេសកំពុងអភិវឌ្ឍន៍៕