(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានចំអកឲ្យក្រុមប្រឆាំងជ្រុលនិយម បន្ទាប់ពីលោក ដូណាល់ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក អាណត្តិទី២ ហើយបានកៀរគរមហាសេដ្ឋីកំពូលៗ ជួយមកដឹកនាំរដ្ឋ ដែលមានភាពស្រដៀងគ្នាជាមួយអ្វីដែលពួកគេធ្លាប់រិះគន់រាជរដ្ឋាភិបាលកម្ពុជា រឿងកៀរគរឧកញ៉ា។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចោទសួរទៅកាន់ក្រុមប្រឆាំងថា តើពួកគេយល់ឃើញបែបណាចំពោះសម្ដីដែលពួកគេធ្លាប់និយាយថា អ្នកមាននៅកម្ពុជា ឬឧកញ៉ានៅកម្ពុជា ជាសម្ព័ន្ធភាពរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច?។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ៊ីចឹងសម្រាប់អ្នកប្រឆាំងជ្រុលនិយម ដែលតិះតៀនថា ពួកឧកញ៉ាជាសម្ព័ន្ធភាពរបស់គណបក្សប្រជាជនកម្ពុជា ពួកឧកញ៉ាជាសម្ព័ន្ធភាពរដ្ឋាភិបាល អ្នកឯងនិយាយយ៉ាងមិចជាមួយ ប្រធានាធិបតេយ្យដូណាល់ត្រាំ ដែលយកសុទ្ធតែមហាសេដ្ឋីទៅជួយគ្រប់គ្រងរដ្ឋ អ្នកឯងឆ្លើយឲ្យខ្ញុំ។ យើងបានឧទាហរណ៍មួយហើយ បើគ្មានឧទាហរណ៍ច្រើន ក៏គង់មានឧទាហរណ៍ដែលហៅថា បិតាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាសេដ្ឋកិច្ចទី១របស់ពិភពលោក ហេតុអ្វីត្រូវធ្វើអ៊ីចឹង?»។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, រឿងហេតុដែលកើតឡើងនៅសហរដ្ឋអាមេរិក ពេលលោកដូណាល់ត្រាំ កាន់តំណែងជាប្រធានាធិបតី ជាឧទាហរណ៍ជាក់ស្ដែងរបស់កម្ពុជា។ សម្ដេចបញ្ជាក់ថា នេះមិនមែនជារឿងខុសឆ្គងឡើយ ចំពោះការកៀរគរអ្នកមានធនធានមកចូលរួមជាមួយរាជរដ្ឋាភិបាល។

ផ្ទុយទៅវិញ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា នៅពេលដែលកម្លាំងវិស័យឯកជនកាន់តែខ្លាំង ប្រទេសជាតិក៏កាន់តែខ្លាំង ប្រៀបដូចអ្វីដែលសម្ដេចធ្លាប់លើកឡើង ដោយប្រើប្រាស់គ្រប់វិធីទាំងអស់ ដើម្បីពង្រឹងសមត្ថភាពអ្នកដែលមានធនធាននៅកម្ពុជា។

សម្ដេចបន្ដថា ប្រធានាធិបតីដូណាល់ត្រាំ ដែលទើបចូលកាន់តំណែងអាណត្តិទី២ បានប្រមែលប្រមូលមហាសេដ្ឋីមកជួយគ្រប់គ្រងរដ្ឋ នេះមិនមែនជាការខុសឆ្គងទេ ប៉ុន្ដែបទពិសោធន៍នៃអ្នកគ្រប់គ្រងធុរកិច្ចដែលពូកែៗ ដូចជា អ៉ីឡុនម៉ាស់ជាដើម ឲ្យមកត្រួតពិនិត្យប្រសិទ្ធភាពរបស់រដ្ឋាភិបាល។

សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា ការអនុវត្តនៅសហរដ្ឋអាមេរិក ពីសំណាក់ប្រធានាធិបតី ដូណាល់ត្រាំ កាន់តែបង្ហាញអំពីតួនាទីនៃវិស័យឯកជនរបស់កម្ពុជា ដែលរាជរដ្ឋាភិបាលត្រូវតែពង្រឹងនូវសមត្ថភាពនេះ។ សម្ដេចក៏បានថ្លែងអំណរគុណបណ្ដាក្រុមហ៊ុននៅកម្ពុជា ដែលអនុវត្តនូវកាតព្វកិច្ចពន្ធដាដ៏ល្អ តាំងពីសម្ដេចនៅកាន់តំណែងជានាយករដ្ឋមន្ដ្រី បន្ដរហូតដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី ពោលរដ្ឋាភិបាលថ្មីក៏នៅទទួលបន្ដនូវភាពល្អប្រសើរ នៃប្រាក់ចំណូលជាតិ តាមរយៈពន្ធគយ និងពន្ធដា៕