(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានផ្ញើទៅស្រ្តីម្នាក់នៅអាមេរិក កុំព្យាយាមជំរុញឱ្យមានចលនាផ្ការីក ដែលនាំឲ្យមានការបះបោរមួយនៅក្នុងប្រទេសកម្ពុជា គឺទៅមិនរួចទេ។ តែស្រ្តីដែលសម្តេចតេជោ ហ៊ុន សែន លើកឡើងដោយមិនបញ្ចេញឈ្មោះនោះ មិនត្រូវបានគេដឹងថាជានរណានោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តាំផ្ញើដូចនេះ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែថា «អ្នកនិយាយអំពីរឿងផ្ការីក ឱ្យបះបោរមួយប្រទេស ជាពិសេសមីនាងមួយនោះ មីនាងកុំនឹកស្មានថា រំលាយគ្រុបមួយចោល ហើយខ្ញុំស្តាប់នាងឯងនិយាយមិនបាន។ ឱ្យបះបោរមួយប្រទេស សួរថាឱ្យបះបោរប្រឆាំងនាងឯង ឬមីនាងឯង ឬក៏ងើបឡើងដើម្បីគាំទ្រចលនាជាតិ ដើម្បីកសាងប្រទេស?»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ស្រ្តីម្នាក់នោះ ជាកូនអុកដែលគេប្រើដើម្បីវាយដ្រូនចូលផ្ទះសម្តេច ដោយសម្តេចបានបញ្ជាក់ថា សម្តេចបានស្តាប់សំឡេងជារៀងរាល់ថ្ងៃ ទោះបីនាង រំលាយគ្រុបមួយ ទៅបង្កើតគ្រុបមួយ ក៏សម្តេចនៅអាចតាមស្តាប់សំឡេងបានផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ឥលូវនេះនាងឯងចង់មកសែនផ្នូររបស់ឱពុក អញ្ជើញមក ឪពុកនៅស៊ីសាផុន នៅខេត្តបន្ទាយមានជ័យ សូមអញ្ជើញមក ប៉ុន្តែមនុស្សខ្លាចណាស់ សម្តីវាឈ្លើយ ហើយដូចមេវាចឹង ហើយមេវាចេះត្រឹម បង្អាប់គេ បង្អាប់ឯង ហើយសុទ្ធតែបង្ហោះថា ហ៊ុន ម៉ាណែត ឡើងតាមជើងខោអត់ចេះអីទេ សួរវិញថា លោកឯងចេះអីដែរ ក្រៅតែពីដើរបំផ្លាញ»៕