(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តាំទៅ លោក សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាម និងបក្ខពួក កុំឱ្យសង្ឃឹមឱ្យសោះចំពោះ យុទ្ធសាស្ត្រផ្ការីករបស់ខ្លួន ហើយកុំពឹងអាមេរិកឱ្យដាក់គំនាប កម្ពុជាទៀតអី ព្រោះកម្ពុជាជាអ្នកសម្របសម្រួលរវាងអាស៊ាន និងអាមេរិក ហើយលោក សម រង្ស៉ី ខ្លួនឯង ក៏ធ្លាប់រិះគន់ លោក ដូណាល់ ត្រាំផងដែរ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។
សម្តេចបានគូសបញ្ជាក់ដូច្នេះថា៖ «កុំសង្ឃឹមលើផ្ការីក អ្នកឯងកុំសង្ឃឹម ថ្ងៃណាក៏ផ្ដួលថ្ងៃណាក៏ផ្ដួល ខ្ញុំឆ្ងល់ថាអ្នកឯងចេះតែទៅអាមេរិកទៅរួច អ្នកឯងតិទៀន ដូណាល់ ត្រាំ ជាចំហរ ឥឡូវអ្នកឯងកំពុងតែទៅពឹងប្រទេសអាមេរិក ដើម្បីឲ្យកៀបសង្កត់លើកម្ពុជា»។
សម្តេចតេជោ បានបន្តទៀតថា៖ «កម្ពុជាកំពុងធ្វើជាអ្នកសម្រាប់សម្រួលរវាងអាស៊ាននិងអាមេរិក អ្នកត្រូវយល់អំពីបញ្ហានេះ តើអ្នកល្ងង់ពិតឬក៏ធ្វើជាល្ងង់ ប៉ុន្តែរឿងបែបនេះពិតច្បាស់ជាល្ងង់ហើយ អីចឹងបើកម្ពុជា និងអាមេរិកមើលមុខគ្នាមិនត្រង់ តើអ្នកណាជាអ្នកសម្របសម្រួលអាស៊ាននិងអាមេរិក បើដាក់ស្អីមកកម្ពុជាមិនព្រមៗ តើអ្នកឯងធ្វើយ៉ាងម៉េច កម្ពុជាក៏មានសិទ្ធិដែរតើ ម្ខាងគឺជាសមាជិកអាស៊ាន ម្ខាងទៀតជាអ្នកសម្របសម្រួល ដូច្នេះក្នុងអាណត្តិរបស់ ដូណាល់ ត្រាំ គឺជាអាណត្តិដែលត្រូវមានការសម្របសម្រួលបន្តពី ចូ បៃឌិន ហើយយើងក៏មិនយកអាមេរិកធ្វើជាសត្រូវដែរ»។
សម្តេចបានបន្ថែមទៀតថា កម្ពុជាចង់ធ្វើមិត្តទាំងអស់នៅលើពិភពលោកនេះ ហើយកម្ពុជាគាំទ្រឱ្យដោះស្រាយបញ្ហាទាំងអស់នៅលើពិភពលោកតាមរយៈការចរចាសន្តិភាព ទាំងនៅតំបន់ហ្គាហ្សា និងនៅអ៊ុយក្រែន។
សម្ដេចតេជោ បានបន្តថា មិនថាតួនាទីនេះជាតួនាទីរបស់នរណាទេ ប៉ុន្តែបើសង្គ្រាមត្រូវបានស្ងប់ នោះវាជាការណ៍ល្អ ហើយជារឿងមួយដែលកម្ពុជាចង់បាន៕