(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រតិកម្មខ្លាំងៗ និងហួសចិត្តចំពោះក្រុមប្រឆាំងជ្រុលនិយម ដែលតែងតែប្រៀបធៀប ឬភ្ជាប់សម្ដេចទៅនឹងមេដឹកនាំ នៃប្រទេសមួយចំនួនដែលត្រូវបានគេចាប់ខ្លួន និងផ្តាំផ្ញើថា សូមកុំទាញយកជោគជ័យ ទៅភ្ជាប់ជាសមិទ្ធផលរបស់ខ្លួន ហើយទាញភ្ជាប់រាល់ការបរាជ័យមកភ្ជាប់ជាមួយ ហ៊ុន សែន «ហ៊ុន សែន គឺហ៊ុន សែន, ហ៊ុន សែន គឺរបស់កម្ពុជា»។
ការឆ្លើយតបខ្លាំងៗបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន គឺតបទៅនឹងក្រុមប្រឆាំងក្រៅប្រទេស ដែលតែងទាញភ្ជាប់សម្តេច ទៅនឹងមេដឹកនាំពិភពលោកនានា រួមទាំងអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌុយទើតេ ដែលត្រូវបានចាប់ខ្លួន ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។
ថ្លែងនៅក្នុងពិធីជប់លៀងរបស់សមាគមឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗយ៉ាងដូច្នេះថា៖ «សុំផ្តាំអ្នកកុំប្រៀបធៀបអ្វីដែលជាជោគជ័យ របស់អ្នកដទៃ ទៅជាជោគជ័យរបស់អ្នក ហើយបរាជ័យទម្លាក់ឱ្យ ហ៊ុន សែន, ហ៊ុន សែន គឺហ៊ុន សែន, ហ៊ុន សែន របស់កម្ពុជា សូមអ្នកត្រូវចាំ ហ៊ុន សែន ពេលនេះ៥៥ឆ្នាំ នៃសកម្មភាព យើងនៅសល់តែ៤ថ្ងៃទៀត ប៉ុណ្ណោះដល់ខួបលើកទី៥៥ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋ»។
សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា នៅក្នុងវ័យមិនទាន់គ្រប់១៨ឆ្នាំផង សម្តេចស្ម័គ្រចិត្តតាមការអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ ដើម្បីចូលរួមក្នុងចលនារំដោះប្រទេសជាតិមួយនេះ។ ក្នុងដំណាក់កាលដ៏ជូរចត់នៃភ្លើងសង្គ្រាម បណ្តាលឱ្យសម្តេចបានរងរបួសចំនួន៥ដង បន្ទាប់មកសម្តេចត្រូវធ្វើសកម្មភាព ដើម្បីរំដោះប្រទេសជាតិ ពីក្រញ៉ាំពួកខ្មែរក្រហម ប៉ុល ពត ដែលកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់អស់រាប់លាននាក់។
សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា តើខ្ញុំវៃអាពួកឈ្លានពាន ខុស ឬអត់ និងកុំមានរដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា តើប្រទេសកម្ពុជា មានសង្គ្រាមដែរ ឬទេ? វាអត់មាន បើទុកឱ្យសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គដឹកនាំប្រទេសកម្ពុជា សួរថាតើរីកចម្រើនយ៉ាងណា?។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថ្លែងខ្លាំងៗថា «រឿង ឌុយទើតេ ជារឿង ឌុយទើតេ តែ ហ៊ុន សែន មិនមែន ឌុយទើតេទេ»។
សម្ដេចតេជោ ក៏បានរម្លឹកព្រឹត្តិការណ៍មួយចំនួន ដែលកន្លងមក មេក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស តែងតែយកមកប្រៀបធៀបនឹងសម្ដេច ជាអាទិ៍ អតីតមេដឹកនាំលីប៊ី លោក កាដាហ្វី ដែលដែលគេសម្លាប់ អតីតប្រធានាធិបតីស៊ីរី លោក អាសាដ និងពេលដែលរដ្ឋាភិបាលបង់ក្លាដេស ត្រូវបានផ្ដួលរំលំ ក៏បានប្រៀបធៀបកម្ពុជាទៅនឹងបង់ក្លាដេស ប៉ុន្តែនៅពេលដែលលោកស្រី អោងសាន ស៊ូជី ឈ្នះឆ្នោតនៅមីយ៉ាន់ម៉ា ក្រុមប្រឆាំងបានប្រៀបធៀបខ្លួនឯងជាមួយនឹងលោកស្រី អោងសាន ស៊ូជី ហើយដាក់សម្ដេចតេជោ ទៅជាពួកយោធានៅមីយ៉ាន់ម៉ា ដែលចាញ់ឆ្នោតជាដើម។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបឱ្យដឹងពីការចាប់ខ្លួនមនុស្សម្នាក់នៅខេត្តបាត់ដំបង ក្រោយបុគ្គលរូបនេះបានខមមិនតាមបណ្ដាញហ្វេសប៊ុក ថា (តិចទៀតដល់សម្តេច) ក្រោយមានការចាប់ខ្លួន អតីតប្រធានាធិបតីហ្វីលីពីននោះ៕