(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា នៅពេលខាងមុខនេះ នឹងមានឧកញ៉ាកាន់តែច្រើនទៀត ចូលរួមជាមួយសមាគមឧកញ៉ាកម្ពុជា ស្របពេលដែលសមាគមនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការវិនិយោគទៅលើវិស័យនានា និងបង្កើតការងារជាច្រើនកន្លែងដល់ពលរដ្ឋកម្ពុជា។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។
សម្តេចបានគូសបញ្ជាក់ថា «វិស័យឯកជន គឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ឯរដ្ឋគ្រាន់តែសេដ្ឋវិទូ និងគ្រប់គ្រងការដឹកនាំតែប៉ុណ្ណោះ ដូច្នេះវិស័យឯកជនបានប្រមូលផ្តុំនៅក្នុងសមាគមឧកញ៉ា បើទោះបីថា មានឧកញ៉ា មួយចំនួនមិនទាន់បាន ចូលរួមក្តី ក៏ប៉ុន្តែខ្ញុំសង្ឃឹមថា កម្លាំងនឹងរីកធំធាត់បន្តទៀត តាមរយៈសកម្មភាពដ៏រស់រវើក នៃសមាគមឧកញ៉ារបស់យើង»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចផងដែរពីសកម្មភាពអាជីវកម្មនានា របស់សមាគមឧកញ៉ាកម្ពុជា បានរួមចំណែកបង្កើតការងារច្រើនណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការបង្កើតបាននូវផលិតកម្ម រោងចក្រ សហគ្រាស ក៏ដូចជាកសិដ្ឋានដំណាំកសិកម្ម ឬការតភ្ជាប់កសិឧស្សាហកម្មជាដើម។
ទន្ទឹមគ្នានេះ សម្តេចតេជោ បានកោតសសើរចំពោះសមាគមឧកញ៉ាកម្ពុជា ដែលក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ បានរៀបចំរចនាសម្ព័ន្ធដ៏រឹងមាំមួយ ដោយមានបទដ្ឋានគតិយុត្តិ ក៏ដូចជាយន្តការទ្រទ្រង់ ដើម្បីធានានូវនិរន្តភាព និងប្រសិទ្ធភាពនៃដំណើរការ របស់សមាគម។
សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ផងដែរ ចំពោះការចូលរួមរបស់សមាគមឧកញ៉ាលើការងារសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សកម្មភាពកីឡា សកម្មភាពវប្បធម៌ ដែលជាសកម្មភាពទ្រទ្រង់នៃដំណើរការសម្រាប់សង្គមរបស់យើង។
សូមជម្រាបថា សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក.) គឺជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាងឱ្យរូបវន្តបុគ្គលដែលទទួលបានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។ សមាគមឧកញ៉ាកម្ពុជា ត្រូវបានចុះបញ្ជីជាសមាគមស្របច្បាប់ និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។
សមាគមឧកញ៉ាកម្ពុជា ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស។ សមាគមឧកញ៉ាកម្ពុជា ត្រូវបានទទួលស្គាល់មួយកម្រិតទៀតជាផ្លូវការរបស់រាជរដ្ឋាភិបាល ដោយផ្តោតជាសំខាន់លើភាពជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា៕