(ភ្នំពេញ)៖ ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលជាអ្នកបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា និងស្វែងរកការផ្សះផ្សាបង្រួបបង្រួមជាតិ បានបង្ហាញនូវមោទនភាពចំពោះអ្វីដែលជាគោលនយោបាយរបស់សម្ដេច ក្នុងការរក្សាឲ្យបាននូវសុខសន្ដិភាព តាមរយៈការបង្រួបបង្រួមនេះ ផ្ទុយពីអ្វីដែលបានកើតមាននៅបណ្ដាប្រទេសដទៃ ពិសេសនៅពេលមេដឹកនាំថ្មីឡើងកាន់តំណែង។
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឧទាហរណ៍ជាក់ស្ដែង ចំពោះអ្វីដែលផ្ទុយពីគោលនយោបាយរបស់សម្ដេច ហើយកើតមាននៅប្រទេសដទៃនោះ ដូចជាការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន ពីសំណាក់តុលាការអន្ដរជាតិ ក្រោយការបើកផ្លូវរបស់មេដឹកនាំបច្ចុប្បន្ននៅហ្វីលីពីន។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំមោទនភាពជាមួយអ្វីដែលកម្ពុជាមាន នៅពេលដែលប្រទេសហ្វីលីពីនចាប់អតីតប្រធានាធីបតីហ្វីលីពីន បញ្ជូនឲ្យប្រទេសក្រៅកាន់ទោស។ កម្ពុជារក្សាបាននូវសិទ្ធិអំណាចរបស់ខ្លួន នៅក្នុងក្របខ័ណ្ឌតុលាការកូនកាត់ ខ្ញុំពិតជាមានមោទនភាព នៃគណបក្សប្រជាជនកម្ពុជា ដែលមានខ្ញុំដឹកនាំរាជរដ្ឋាភិបាល ខ្ញុំការពារបាននូវឥស្សរជនដែលត្រូវចោទប្រកាន់»។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, មុំដ៏សំខាន់នៃនយោបាយត្រីកោណ គឺការរក្សាសន្តិភាវូបនីយកម្មផ្ទៃក្នុង គឺបង្រួបបង្រួមផ្ទៃក្នុងកុំឲ្យសង្គ្រាមកើតឡើងវិញ។ ក្នុងនោះសម្តេចតេជោ បានរំលឹកពីការប្រាប់ទៅលោក បាន គីមួន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិថា សុខចិត្តឲ្យតុលាការកូនកាត់បរាជ័យ តែមិនធ្វើឲ្យសង្គ្រាមកើតឡើងវិញនៅកម្ពុជានោះឡើយ ខណៈបច្ចុប្បន្នដំណើរការរបស់តុលាការកូនកាត់នេះ ត្រូវបានបញ្ចប់ជាមួយសន្ដិភាពត្រូវបានរក្សា។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា តុលាការខ្មែរក្រហម ឬតុលាការកូនកាត់ ដែលបង្កើតឡើងដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម រហូតធ្វើឲ្យមានសង្គ្រាមឡើងវិញនៅកម្ពុជា មិនមែនជាការចង់បានរបស់ប្រទេសកម្ពុជានោះឡើយ ដែលត្រូវស្លាប់មនុស្សរាប់ម៉ឺននាក់នោះទេ។
សូមជម្រាបថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ អ.វ.ត.ក ឬតុលាការកូនកាត់ ត្រូវបានរៀបចំឡើងក្រោមកិច្ចព្រមព្រៀងរវាងភាគី រាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសហប្រជាជាតិ នៅខែមិថុនា ឆ្នាំ២០០៣ ប៉ុន្ដែតុលាការនេះ គឺជាតុលាការឯករាជ្យម្ចាស់ការ មិនចំណុះរាជរដ្ឋាភិបាល ឬអង្គការសហប្រជាជាតិទេ ដើម្បីដំណើរការកាត់សេចក្ដីឧក្រិដ្ឋកម្មលើមេដឹកនាំកំពូលៗ ដែលបានប្រព្រឹត្ដឡើងនៅប្រទេសកម្ពុជា ក្នុងអំឡុងរបបខ្មែរក្រហម ពីឆ្នាំ១៩៧៥-១៩៧៩។
សមិទ្ធផលនៃ អ.វ.ត.ក. ដ៏ថ្លៃថ្លាទាំងនេះ គឺមិនអាចកាត់ផ្តាច់បានពីការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន ដែលបានផ្តួចផ្តើមបង្កើត អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដោយមានអង្គការសហប្រជាជាតិចូលរួម ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ក្នុងគោលដៅធានា សន្តិភាព និងការបង្រួបបង្រួមជាតិ ដែលជាផ្នែកមួយនៃក្របខ័ណ្ឌគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ។
អ.វ.ត.ក. ក៏បានបង្កើតជាតុលាការគំរូអន្តរជាតិមួយផងដែរ ក្នុងការកាត់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលប្រើប្រាស់យុត្តាធិការរបស់ប្រទេសជាម្ចាស់បញ្ហា ហើយប្រើច្បាប់ចម្រុះទាំងប្រព័ន្ធ Common Law ទាំងប្រព័ន្ធ Civil Law ហើយឆ្លុះបញ្ចាំងអំពីសក្តានុភាព នៃនីតិវិធីតុលាការរបស់កម្ពុជាក្នុងការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ សម្រេចបានយុត្តិធម៌ជូនជនរងគ្រោះ និងធានាបាននូវនិរន្តរភាពនៃសុខសន្តិភាពជូនជាតិមាតុភូមិ។
អ.វ.ត.ក. ក្រោយពីបានបញ្ចប់ប្រកបដោយជោគជ័យកាលពីចុងឆ្នាំ២០២២ ពោលគឺបានចាយអស់រយៈពេល១៦ឆ្នាំ ជាមួយនឹងការគាំទ្រ និងទទួលស្គាល់ពីសហគមន៍អន្តរជាតិ៕