(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ បានលើកឡើងថា តាមរយៈគោលនយោបាយឈ្នះឈ្នះ របស់គណបក្សប្រជាជនកម្ពុជា បានបង្កលក្ខណៈងាយស្រួល ដល់សិស្ស-និស្សិត ក្នុងការសិក្សារៀនសូត្រ ឱ្យមានចំណេះដឹង។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត សាបូ អូហ្សាណូ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រលើកទី៣៦ ជូននិស្សិតជ័យលាភី សរុបចំនួន៣៥៩នាក់ ស្រី១១៣នាក់ ដែលបានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ អន្តរជាតិ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។
បន្ថែមពីនោះទៀត លោកបណ្ឌិត សាបូ អូហ្សាណូ បានឲ្យដឹងថា តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសមិទ្ធិផលធំបំផុត របស់ប្រទេសជាតិ គឺធនធានមនុស្សនេះឯង។
ជាមួយគ្នានេះ លោកបណ្ឌិត សាបូ អូហ្សាណូ ក៏បានប្រាប់ដល់និស្សិតជ័យលាភី ដែលកើតក្រោយឆ្នាំ១៩៧៩ ពិតជាមានសំណាងខ្លាំងណាស់ ដែលមិនឆ្លងកាត់សង្គ្រាម ប្រហែល ខុសពីជំនាន់ ឪពុក ម្តាយ ក្មួយៗដែលមានប្រវត្តិរស់នៅ ជាមួយសង្គ្រាម អូសបន្លាយពេលវេលាដ៏យូរ។
លោកបណ្ឌិត សាបូ អូហ្សាណូ បានលើកឡើងថា សមិទ្ធផល ដែលទទួលបាននាថ្ងៃនេះ គឺបញ្ជាក់ឱ្យឃើញពីការ ដែលយើងមានរួមគ្នា ក្នុងការកសាងប្រទេសចេញពីបាតដៃទទេ ថែរក្សានូវសុខ សន្តិភាពរួមគ្នា ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងរួមគ្នា ក្នុងការកសាងប្រព័ន្ធអប់រំជាមួយគ្នា។
ទន្ទឹមគ្នានេះ លោកបណ្ឌិត សាបូ អូហ្សាណូ បានគូសបញ្ជាក់ថា ដើម្បីឱ្យប្រទេសមានការរីកចម្រើនខ្លាំង ជាបន្តទៅមុខទៀតនោះ ដាច់ខាត និងចាំបាច់បំផុត ត្រូវមានការចូលរួមចំណែក ផ្តើមចេញពីវិស័យឯកជន ដែលជាផ្នែកមួយ ដែលមានសារសំខាន់ និងមិនអាចកាត់ផ្តាច់បាន ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោកបណ្ឌិត សាបូ អូហ្សាណូ ក៏សូមចូលរួមអបអរសាទរ ចំពោះគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក សាកលវិទ្យាល័យ អន្តរជាតិទាំងអស់ នាឱកាស ខួបលើកទី២៣ឆ្នាំ នៃការបង្កើត សាកលវិទ្យាល័យអន្តរជាតិ ដែលជាគ្រឹះស្ថានបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាល គឺជាគ្រឹះស្ថានឯកជនដំបូងគេបំផុតនៅកម្ពុជា ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត សាបូ អូហ្សាណូ បានផ្តាំផ្ញើដល់ក្មួយៗ និស្សិតជ័យលាភីទាំងអស់ បន្ទាប់ពីបញ្ចប់ការសិក្សានេះ ទៅក្មួយៗ ត្រូវយកចំណេះវិជ្ជា ដែលបានសិក្សា រួចមកហើយទៅប្រើប្រាស់ ឱ្យបានត្រឹមត្រូវ ក្នុងផ្លូវល្អ ប្រកបដោយ សមត្ថភាព គុណធម៌ សីលធម៌ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។
ក្នុងន័យនេះ លោកបណ្ឌិត សាបូ អូហ្សាណូ សូមឲ្យក្មួយៗជ័យលាភីទាំងអស់ ត្រូវយកចំណេះវិជ្ជា ដែលមានទៅប្រើប្រាស់ដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯង ក្រុមគ្រួសារផ្ទាល់ សង្គមជាតិ និងពិភពលោកផងដែរ៕