(ភ្នំពេញ)៖ សំណុំរឿងគ្រឿងញៀននៅតាមតុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស នៅឆ្នាំ២០២៤ កន្លងទៅនេះ បានធ្លាក់ចុះនូវចំណាត់ថ្នាក់ពីលេខ១ មកនៅលេខ៣ ខណៈដែលបទល្មើសលួចមានស្ថានភាពទម្ងន់ទោស បានរំកិលពីលេខ៣មកលេខ១វិញ។ នេះបើតាមការអះអាងរបស់ អ្នកនាំពាក្យក្រសួងយុត្តិធម៌។

នៅក្នុងសន្និសីទសារព័ត៌មានប្រកាសលទ្ធផលសន្និបាតប្រចាំឆ្នាំរបស់ក្រសួងយុត្តិធម៌ នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះ លោក សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានកត់សម្គាល់ចំពោះការធ្លាក់ចុះនៃបទល្មើសគ្រឿងញៀននេះ។

លោកបានគូសបញ្ជាក់ដូច្នេះថា៖ «បើយើងគិតលើបទល្មើសមួយៗវិញយើងឃើញថា នៅក្នុងចំណោមបទឧក្រិដ្ឋ បើយើងគិតតែសំណុំរឿងចូលទៅកាន់តំណាងអយ្យការនៅឆ្នាំ២០២៤ កន្លងទៅនេះ យើងឃើញថា បទល្មើសដែលច្រើនជាងគេ គឺបទល្មើសលួចមានស្ថានទម្ងន់ទោស ដែលមានចំនួន៩៩៧ករណី ហើយស្ថិតក្នុងលំដាប់ទី២គឺបទល្មើសសេពសន្ថវៈ ដែលមានចំនួន៥២៩ករណីហើយទី៣គឺបទល្មើសគ្រឿងញៀន»។

លោកបានបន្តថា «ចំណាត់ថ្នាក់នេះ បើយើងមើលទៅគឺមានការប្រែប្រួលច្រើនបើប្រៀបធៀបទៅនឹងឆ្នាំ២០២៣កន្លងទៅ ដោយឆ្នាំ២០២៣ បទល្មើសគ្រឿងញៀនស្ថិតនៅលំដាប់ទី១ ដែលមានចំនួនច្រើនជាងគេ, លំដាប់ទី២គឺមិនមានការប្រែប្រួលទេដោយឆ្នាំ២០២៣ គឺជាសេពសន្ថវៈ ហើយឆ្នាំ២០២៤ក៏នៅតែជាបទល្មើសរំលោភសែពសន្ទវៈលំដាប់ទី២ដែរ ចំណែកបទល្មើសលួចមានស្ថានភាពទម្ងន់ទោសវិញ ឆ្នាំ២០២៣ ស្ថិតនៅក្នុងលំដាប់ទី៣ ហើយឆ្នាំ(២០២៤)នេះ ឡើងមកលំដាប់លេខទី១វិញ ដែលបទល្មើសពីរនេះគឺមានការដូរកន្លែងគ្នា គ្រឿងញៀនបានធ្លាក់ពីទី១មកទី៣ ហើយបទល្មើសលួចមានស្ថានភាពទម្ងន់ទោសបានប្ដូរពីទី៣ មកទី១វិញ»។

បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌, បទល្មើសឧក្រិដ្ឋគ្រឿងញៀន នៅឆ្នាំ២០២៤ បានធ្លាក់ចុះប្រមាណពាក់កណ្ដាល បើធៀបទៅនឹងឆ្នាំ២០២៣ ហើយបើនិយាយអំពីបទមជ្ឈិមទាក់ទងនឹងគ្រឿងញៀនវិញ មិនសូវជាមានការខុសគ្នាប៉ុន្មានទេសំណុំរឿងមានការកើនឡើងប៉ុន្តែចំណាត់ថ្នាក់គឺនៅដដែល។

នៅក្នុងឆ្នាំ២០២៤កន្លងទៅនេះ តុលាការគ្រប់ជាន់ថ្នាក់ បានដោះស្រាយសំណុំរឿងក្តីបានប្រមាណជាង១៩ម៉ឺនសំណុំរឿង ស្មើនឹងប្រមាណ ៨២ ភាគរយ នៃសំណុំរឿងទាំងអស់នៅទូទាំងប្រទេស ក្នុងចំណោមសំណុំរឿងក្តីទាំងអស់ជាង២៣ម៉ឺនសំណុំរឿង ដែលបានដាក់ទៅកាន់តំណាងអយ្យការ។

ពាក់ព័ន្ធនឹងសំណុំរឿងនៅតុលាការនេះ កាលពីឆ្នាំ២០២៤កន្លងទៅនេះ គឺ មានសំណុំរឿងព្រហ្មទណ្ឌមានជាង១១ម៉ឺនសំណុំរឿងហើយ បើគិតពីប្រភេទនៃបទល្មើសគឺបទមជ្ឈិមមានអត្រាខ្ពស់ជាងគេខ្ពស់រហូតដល់ជាង ៨៤% បទឧក្រិដ្ឋស្ថិតនៅក្នុងលំដាប់ថ្នាក់ទី២ គឺប្រមាណ ១៥ភាគរយ ចំណែកឯបទល្ហុ គឺមានចំនួនតិចជាងគេប្រមាណ២ភាគរយ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌៕