(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ច-ប្រជុំ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ»

កិច្ចប្រជុំនេះ ដោយមានការអញ្ជើញចូលរួមពីលោកឧបនាយករដ្ឋមន្រ្តី, លោកទេសរដ្ឋមន្រ្តី, លោករដ្ឋមន្រ្តី, និងលោក-លោកស្រី ជាថ្នាក់ដឹកនាំ អមដោយមន្រ្តីជំនាញ ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។

«សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ» របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ឬហៅកាត់ថា «ផ.យ.អ.ជ» ត្រូវបានរៀបចំឡើងបន្តពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៩-២០២៣ ដើម្បីអនុវត្តក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

«ផ.យ.អ.ជ.» ដែលមានឋានានុក្រមទី ៣ បន្ទាប់ពីកម្មវិធីនយោបាយ និង យុទ្ធសាស្រ្ដបញ្ច-កោណ-ដំណាក់កាលទី១, បំប្លែងការតម្រង់ទិសគោលនយោបាយយុទ្ធសាស្ត្រធំៗ ដែលមានចែងនៅក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឱ្យក្លាយទៅជាសកម្មភាពដែលអាចអនុវត្តបាន និងមានចរិតជាការកែទម្រង់ស៊ីជម្រៅ។

«ផ.យ.អ.ជ» ដាក់ចេញនូវសកម្មភាព និងកម្មវិធីអាទិភាពទាំងឡាយជាលក្ខណៈវិស័យ និងអន្តរវិស័យ ដែលជាមគ្គុទេសក៍ជាយុទ្ធសាស្រ្ត ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួន។

«ផ.យ.អ.ជ» ផ្តល់នូវក្របខ័ណ្ឌរួមមួយសម្រាប់ការធ្វើអាទិភាវូបនីយកម្ម និងការកៀរគរធនធនក្នុងប្រទេស និងក្រៅប្រទេស ដើម្បីធ្វើហិរញ្ញប្បទានដល់ការអនុវត្តសកម្មភាព, កម្មវិធី, និងគម្រោងនានា ដោយបន្ស៊ីការប្រើប្រាស់ធនធានជាមួយនឹងអាទិភាពជាតិ, កំណត់នូវយន្តការតាមដានត្រួតពិនិត្យវឌ្ឍនភាព ធៀបនឹងសូចនាករ និងចំណុចដៅ ដែលជាមូលដ្ឋាន សម្រាប់ការកែតម្រូវអាទិភាព និងការបែងចែកធនធាន ដោយផ្អែកលើភស្តុតាង និងសម្រាប់ការលើកកម្ពស់គណនេយ្យភាព, និងគិតគូរដាក់បញ្ចូលការចូលរួមរបស់កម្ពុជា ក្នុងការអនុវត្តបណ្ដារបៀបវារៈអភិវឌ្ឍសកល។

អង្គប្រជុំ បានពិនិត្យ និងពិភាក្សា លើសេចក្តីព្រាង «ផ.យ.អ.ជ» ដែលសម្របសម្រួលរៀបចំឡើងដោយក្រសួងផែនការ និងបានដាក់ឆ្លងកិច្ចប្រជុំពិភាក្សាជាច្រើន លើកជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិឌ្ឍន៍ និង អង្គការក្រៅរដ្ឋាភិបាល ដើម្បីប្រមូលធាតុចូល។

ជារួម, អង្គប្រជុំបានវាយតម្លៃខ្ពស់អំពីសារៈសំខាន់នៃយុទ្ធសាស្រ្តនេះ ព្រមទាំងបានពិភាក្សាស៊ីជម្រៅបន្ថែមទៀតទៅលើខ្លឹមសារតាមផ្នែកនីមួយៗ, ភាពប្រទាក់ក្រឡា និងសង្គតិភាព ជាមួយឯកសារគោលរបស់រាជរដ្ឋាភិបាល, ផ្ទៀង-ផ្ទាត់តួលេខ និងផ្តល់យោបល់លើសូចនាករសំខាន់ៗ ដើម្បីជាធាតុចូលសម្រាប់ធ្វើការកែលម្អសេចក្តីព្រាងយុទ្ធសាស្រ្តនេះ មុននឹងស្នើសុំការអនុម័តពីប្រមុខរាជរដ្ឋាភិបាលនាពេលខាងមុខដ៏ខ្លី។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ ក៏បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ផែនការ ក្នុងការរៀបចំ «សេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ» និងបានចូល រួមកិច្ចប្រជុំពិភាក្សានាពេលនេះ ដោយបានខិតខំពិនិត្យ និងពិភាក្សាយ៉ាងយកចិត្តទុក-ដាក់ និងផ្តល់ ធាតុចូលគ្រប់ផ្នែកទាំងអស់នៃឯកសារឱ្យកាន់តែមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ៕