(ព្រះវិហារ-ឧត្តរមានជ័យ)៖ យ៉ាងហោចណាស់សត្វគោរបស់បងប្អូនប្រជាពលរដ្ឋចំនួន៣ក្បាល បានងាប់ភ្លាមៗដោយសាររន្ទះបាញ់ ខណៈកុដិព្រះសង្ឃ លំនៅដ្ឋានប្រជាពលរដ្ឋ៨ខ្នងបានរលំ និងរបើកដំបូល ក្នុងហេតុការណ៍ ខ្យល់កន្ត្រាក់ លាយឡំដោយភ្លៀងផ្គររន្ទះ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បាននៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានជូនដណឹងថា ភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះនៅរសៀលថ្ងៃទី១៦ ខែមីនា បណ្តាលឲ្យរលំសំយាបនៅវត្តដីថ្មីចំនួន១ខ្នង ស្ថិតនៅសង្កាត់កូនគ្រៀល ក្រុងសំរោង និងរន្ទះបាញ់ងាប់គោចំនួន៣ក្បាល ស្ថិតនៅឃុំត្រពាំងប្រិយ៌ ស្រុកអន្លង់វែង។

ដោយឡែកមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានបង្ហោះថា រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ មានខ្យល់កន្ត្រាក់បានបោកបាក់ផ្ទះប្រជាពលរដ្ឋនៅស្រុកសង្គមថ្មី បណ្តាលឱ្យខូចខាតរួមមាន៖ រលំផ្ទះទំហំផ្ទះ៧ម៉ែត្រ គុណ ៨ម៉ែត្រ ១ខ្នង និងរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន៧ខ្នងទៀត៕