(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអំពាវនាវអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរស័ទទាំងអស់ សូមចូលរួមសាមគ្គីគ្នា ពង្រឹងនិងពង្រីកលើកស្ទយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យមានសុខដុមនីយកម្ម និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត។

ការថ្លែងអំពាវនាវរបស់លោក គីម រិទ្ធី បែបនេះក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា និងកាត់ខ្សែបូរ កាត់ឫសសីមាព្រះវិហារ វត្តនាឡាគីរី ហៅវត្តធ្មា ស្ថិតនៅក្នុងឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ឃុំ ប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើនរូបទៀត។

លោក គីម រិទ្ធី បានកោតសរសើរ និងសូមថ្លែងនូវអំណរព្រះគុណចំពោះព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃគ្រប់ព្រះអង្គ អាចារ្យ គណៈកម្មការ អាជ្ញាធរ ភូមិ ឃុំ ស្រុក ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជន ជិត ឆ្ងាយ ដែលមានសទ្ធាជ្រះថ្លា ចូលរួមកសាងព្រះវិហារថ្មី កុដិថ្មី សាលាឆទាន អណ្តូងទឹក ស្រះទឹក បង្គន់អនាម័យ និងសមិទ្ធិផលនានាជាច្រើនទៀត។

លោកថ្លែងបញ្ជាក់ទៀតថា វឌ្ឍនភាពនិងការរីកចម្រើនលើគ្រប់វិស័យ រួមទាំងខាងផ្នែកពុទ្ធចក្រ និងអាណាចក្រ នៅក្នុងស្រុកជ័យសែន ទាំងមូល ក៏ដូចជានៅក្នុងវត្តនាឡាគីរី ហៅវត្តធ្មា ដែលបានសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ នាពេលនេះ គឺពិតជាមានសារៈសំខាន់និងមានតម្លៃបំផុត ដើម្បីរក្សាទុកជាកុសលផលបុណ្យគួរជាទីជ្រះថ្លា សម្រាប់ពុទ្ធបរិស័ទគ្រប់ទិសទីមកបំពេញនូវកុសល ផលបុណ្យផ្សេងៗក្នុងវិស័យព្រះពុទ្ធសាសនា និងឧទ្ទិសដល់មាតា បិតា ជីដូនជីតា បុព្វការីជន និងសម្រាប់ខ្លួនឯងក្នុងអនាគត់ជាតិខាងមុខផងដែរ។

លោកអភិបាលខេត្តព្រះវិហារ ថ្លែងបញ្ជាក់ទៀតថា ការជួបជុំប្រារព្ធពិធីសម្ពោធសមិទ្ធផល និងកាត់ឫសសីមាព្រះវិហារថ្មីនាឱកាសនេះ ពិតជាបានសបញ្ជាក់ឱ្យឃើញពីការអភិវឌ្ឍរីកចម្រើន ក្នុងវិស័យព្រះពុទ្ធសាសនា និងការអភិវឌ្ឍសង្គមជាតិក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ដែលត្រូវដើរទន្ទឹមគ្នា មិនអាចខ្វះមួយណាបានឡើយ។

នៅក្នុងរដ្ឋធម្មនុញ្ញ បានចែងថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធសេរីភាពក្នុងជំនឿសាសនា ហើយព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ដែលក្នុងនោះព្រះធម៌និងព្រះសង្ឃ គឺជាតួអង្គយ៉ាងសំខាន់ ក្នុងការជួយអប់រំទូន្មានពុទ្ធ បរិស័ទប្រុសស្រីចាស់ក្មេង ឱវាចាកនូវអំពើអាក្រក់ អំពើជាអកុសល បែរមកប្រតិបត្តិអំពើល្អ អំពើជាប្រយោជន៍ ចេះស្រឡាញ់ ចេះជួយគ្នា និងរស់នៅប្រកបដោយសុខដុមរមនីយកម្ម ជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។

លោក គីម រិទ្ធី បានថ្លែងអំពាវនាវឱ្យយកចិត្តទុកដាក់បន្តពង្រឹង និងផ្សព្វផ្សាយអំពីការគោរពប្រណិបត្តិព្រះធម៌វិន័យ និងសីលធម៌ក្នុងការរស់នៅក្នុងសង្គម ដោយសុច្ចរឹត ទៀងត្រង់ និងពង្រឹងរចនាសម្ព័ន្ធនិងការគ្រប់គ្រងព្រះសង្ឃ ការរៀនសូត្រ ដែលត្រូវផ្សារភ្ជាប់នឹងបច្ចេកវិទ្យាទំនើប ដើម្បីឱ្យកិច្ចការពុទ្ធសាសនា មានភាពរីកចម្រើនបន្ថែមទៀត។

លោកឲ្យយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាព និងសុខមាលភាពសម្រាប់អ្នកបន្តវេន តាមរយៈការផ្តល់នូវការរស់នៅដោយអាហាររូបត្ថម្ភ ជីវជាតិគ្រប់គ្រាន់ និងការអប់រំដល់យុវជន និងកុមារ ទាំងចំណេះដឹងផ្នែកវិទ្យាសាស្ត្រ សង្គម និងបំនិនជីវិត រស់នៅប្រចាំថ្ងៃដើម្បីក្លាយជា ប្រជាជនមានចំណេះដឹងខ្ពស់ និងមានជំនាញយ៉ាងតិចប្រចាំជីវិត ដើម្បីឱ្យស្របតាមគោលដៅ យុទ្ធសាស្ត្រចញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកឲ្យបន្តពង្រឹងសាមគ្គី និងកិច្ចសហការល្អ រវាងអាជ្ញាធរ ស្រុក ភូមិ ឃុំ និងព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរស័ទចំណុះជើងវត្តទាំងអស់ ដើម្បីបន្តថែរក្សាប្រពៃណី វប្បធម៌ យោគយល់អធ្យាស្រ័យគ្នា ដើម្បីធ្វើយ៉ាងណាឱ្យសង្គមកម្ពុជា ជាសង្គមមួយប្រកបដោយសុជីវធម៌ សីលធម៌ ចរិយាធម៌ និងគុណធម៌ ដែលជាមួលដ្ឋានគ្រឹះ នៃគោលការណ៍លទ្ធិ ជំនឿសាសនា និងវិស័យសាសនានីមួយៗ៕