(រតនគិរី)៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ និងអនុវត្តតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តរតនគិរី ឆ្នាំ២០២៥» ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅក្នុងបរិវេណមន្ទីរវប្បធ៌ម និងវិចិត្រសិល្បៈខេត្ត ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ការរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តរតនគិរីឆ្នាំ២០២៥នេះ គឺជាទំនៀមទំលាប់ប្រពៃណីជាតិខ្មែរដ៏ល្អ ឯកតាំងពីបុរាណកាលមកដែលប្រជាខ្មែរគ្រប់ៗរូប ប្រារព្ធធ្វើឡើងក្នុងគោលបំណង អបអរសាទរទទួលទេវតាឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល និងជាឱកាសដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅបានជួបជុំគ្រួសារ និងញាតិមិត្តជិតឆ្ងាយ។
ព្រឹត្តិការណ៍សង្ក្រាន្តរតនគិរី ឆ្នាំ២០២៥នេះ ក៏មានការប្រគុំតន្ត្រីសម័យ បុរាណ ការរាំលេងកម្សាន្ត ការតាំងពិព័រណ៍បង្ហាញផលិតផល សម្ភារប្រើប្រាស់ក្នុងស្រុក ការបង្ហោះគោម បាញ់កាំជ្រួច និងការលេងល្បែងប្រជាប្រិយរបស់ជាតិដូចជា៖ ចោលឈូង បោះអង្គុញ ទាញព្រ័ត លាក់កន្សែង ដើម្បីបង្កបរិយាកាសសប្បាយរីករាយផងដែរ៕