(កំពង់ឆ្នាំង)៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីជួប សំណេះសំណាល និងផ្សព្វផ្សាយការងារសម្រួបសម្រួលព័ត៌មាន ជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។

លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត បានលើកឡើងថា ក្រុមព័ត៌មានយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នហ្វេសប៊ុកផេកមានចំនួន៩២ និងក្រុមការងារគ្រប់គ្រងអនុវត្ត មានក្រុមការងារព័ត៌មានខេត្ត ចំនួន៣៧នាក់ ក្រុមព័ត៌មានក្រុង-ស្រុកចំនួន២៣៦នាក់ ក្រុមការងារឃុំ-សង្កាត់កំពុងរៀបចំ និងក្រុមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយចំនួន៥នាក់។

លោក ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងសន្តិសុខព័ត៌មានគណបក្សខេត្ត បានបង្កើតក្រុមការងារសម្របសម្រួលព័ត៌មានថ្នាក់ខេត្ត និងថ្នាក់ក្រុង-ស្រុក-ឃុំ-សង្កាត់របស់ខេត្ត ដើម្បីតាមដានក្តាប់នូវគ្រប់ស្ថានការណ៍ព័ត៌មានដែលបានផ្សព្វផ្សាយលើបណ្តាញផ្សព្វផ្សាយសង្គមគ្រប់និន្នាការ ជាពិសេសព័ត៌មានក្លែងក្លាយ។

ក្នុងឱកាសនោះ លោកបណ្ឌិត គឹម សន្តិភាព អនុប្រធានគណៈប្រចាំការ បានធ្វើបទអន្តរាគមន៍ស្តីពីកិច្ចការសម្របសម្រួលព័ត៌មាន នៃយុវជនគណបក្សប្រជាជនកម្ពុជា និងបានផ្តល់បទអន្តរាគមន៍ពាក់ព័ន្ធការពង្រឹង ការងារសម្របសម្រួលព័ត៌មាន នៃយុវជនគណបក្សប្រជាជនកម្ពុជា ដើម្បីធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំង និងបន្សាបនូវព័ត៌មានប្រឌិត បំភ្លើស បំភ្លៃពីសំណាក់ក្រុមជ្រុលនិយម។ ជាមួយនេះត្រូវពង្រឹងការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីភាពវិជ្ជមានពីកម្ពុជា មានជាអាទិ៍ សកម្មភាពថ្នាក់ដឹកនាំ ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ព្រមទាំងតំបន់ទេសចរណ៍នានាផងដែរ។

ជាមួយគ្នានោះ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បាននាំនូវការផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមយុវជនគណបក្ស ជូនចំពោះថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ ព្រមទាំងបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការលះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួន ចូលរួមជាមួយគណបក្សលើការងារព័ត៌មាន និងផ្សព្វផ្សាយសមិទ្ធផលគណបក្ស រាជរដ្ឋាភិបាលក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

លោកបណ្ឌិតក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារយុវជន ចូលរួមសហការដើម្បីពង្រឹង និងពង្រីកកម្លាំងព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ លើការងារព័ត៌មាន និងផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ ឲ្យបានទូលំទូលាយនូវព័ត៌មានពិត ធ្វើយ៉ាងណាទទួលបានការគាំទ្រកាន់តែច្រើនថែមទៀតដល់គណបក្ស និងត្រូវសហការក្នុងគោលដៅវាយបក និងបន្សាបព័ត៌មានក្លែងក្លាយឲ្យបានទាន់ពេលវេលា៕